រាជធានីភ្នំពេញ ៖ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងសិក្សាគម្រោងរថភ្លើងក្រោមដី ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យពិចារណានោះ កម្ពុជាអាចនឹងមានផ្លូវរថភ្លើងដូចបណ្តាប្រទេសមួយចំនួន ។ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ក្រសួងកំពុងការសិក្សាគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ការសិក្សាគម្រោង Monorail និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ធ្វើការពិនិត្យ និងពិចារណានូវគម្រោងទាំងនេះ ។

លោកស៊ុន ចាន់ថុលបានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមេសា-ឧសភា ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី៨ ខែកក្កដានេះ នៅទីស្តីការក្រសួងអំពីការសិក្សាគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ការសិក្សាគម្រោងMonorail និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើការពិនិត្យ និងពិចារណាជ្រើសរើសគម្រោងណាមួយក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នាពេលសព្វថ្ងៃនេះ ។

ការលើកឡើងរបស់ក្រសួងសាធារណការពីការសិក្សាគម្រោងទាំងនេះ ក្រោយពីសង្កេតឃើញថា សព្វថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ទើបក្រសួងសិក្សាគម្រោងទាំងនេះ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកកស្ទះ ជាពិសេសបានជួយស្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋនៅក្នុងរាជធានី និងបណ្តាខេត្តនានាផងដែរ ។

ឆ្លៀតឱកាសនោះដែរទេសរដ្ឋមន្ដ្រីសាធារណការ គូសបញ្ជាក់អំពីការងារត្រួតពិនិត្យ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យប្រើប្រាស់ជាប់បានយូរ និងបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីសម្រួល ដល់វិស័យឯកជន ដូចជា ការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅតាម គោលដៅកំពង់ផែ និងការបើកបង្រៀនបើកបរយានយន្តដឹកទំនិញដោយឥតគិតថ្លៃ ។ ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រីក៏បានណែនាំឲ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើយុទ្ធនាការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍បណ្ដុះបណ្ដាល ពង្រឹងការអនុវត្ត ច្បាប់ យុទ្ធនាការពាក់មួកសុវត្ថិភាព ការអប់រំតាមសាលារៀន ការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ និងចំណាំងផ្លាត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ ជាងនេះទៅទៀត លោក ស៊ុន ចាន់ថុល ថ្លែងអំណរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការយ៉ាងស្អិតរមួតកន្លងមក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ចំណែកលោកស្រី មឹណ មាណវី រដ្ឋលេខាធិការក្រសួងដ៊សាធារណៈ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានដឹងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមេសា និងខែឧសភា កាលពីរសៀលថ្ងៃទី៨ កក្កដានេះ នៅទីស្តីការក្រសួងថា រយៈពេល២ខែ គឺខែមេសា និងឧសភា ឆ្នាំ២០១៩ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេសបានត្រួតពិនិត្យ យានយន្តបានចំនួន៣១.៦០៣គ្រឿង បានកាត់ទ្រុងយានយន្ត៤៤គ្រឿង ដោះរានក្រោយរថយន្ត៥៤គ្រឿង រថយន្តគ្មានស្លាកលេខ២១២គ្រឿង អប់រំណែនាំ៥១៦គ្រឿង ដោះភ្លើងបំភ្លឺ ខុសបច្ចេកទេស ៦១គ្រឿង រថយន្តខ្វះឯកសារ១.៤៧១គ្រឿង គ្មានប័ណ្ណបើកបរ១៩៧នាក់ បណ្ណបើកបរ ខុសប្រភេទយានយន្ត ៣៦៨នាក់ ប្រើប្រាស់ឯកសារក្លែងក្លាយ៤នាក់ ប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ៣នាក់ និងបានពិនិត្យឃើញថា ត្រឹមត្រូវចំនួន២៨.៨៣២ គ្រឿង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ