ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិត​ចំហរបស់​ក្រុមសហ​ជីពកម្មករ​ចំនួន​8 អំពាវ​​នាវ​ដល់រាជ​រដ្ឋាភិ​បាល ក្រុម​ហ៊ុន រួម​គ្នាដោះ​ស្រាយ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពីថ្ងៃ​ទី​១២ មករា​ ក្រុម​សហ​ជីព​ចំនួន​៨ បាន​ចេញ​លិខិត​ចំហ​មួយ​គឺ​សម្ព័ន្ធ​សហ​ជីព​ C.CAWDU សហ​ព័ន្ធ​សហ​ជីព NIFTUC សម្ព័ន្ធ​សហ​ជីព​ CATU សហ​ជីព​សេរី​កម្មករ FTUWKC សហ​ព័ន្ធ​សហ​ជីព​ CUMW សហ​ព័ន្ធ​សហ​ជីព​មិត្ត​ភាព​កម្មករ​ WFUF សហ​ព័ន្ធ​សហ​ជីព​យុវជន​ឯក​រាជ្យ​ IDYTU

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពីថ្ងៃ​ទី​១២ មករា​ ក្រុម​សហ​ជីព​ចំនួន​៨ បាន​ចេញ​លិខិត​ចំហ​មួយ​គឺ​សម្ព័ន្ធ​សហ​ជីព​ C.CAWDU សហ​ព័ន្ធ​សហ​ជីព NIFTUC សម្ព័ន្ធ​សហ​ជីព​ CATU សហ​ជីព​សេរី​កម្មករ FTUWKC សហ​ព័ន្ធ​សហ​ជីព​ CUMW សហ​ព័ន្ធ​សហ​ជីព​មិត្ត​ភាព​កម្មករ​ WFUF សហ​ព័ន្ធ​សហ​ជីព​យុវជន​ឯក​រាជ្យ​ IDYTU និង​សម្ព័ន្ធ​សហ​ជីព​ជាតិ​ NTUC ដោយ​បាន​ប្រកាសពី​ជំហរ​របស់​ខ្លួ​នថា​ ក្រោយ​ពេល​មាន​ការ​បង្ក្រាប​ពី​សំណាក់​កង​កម្លាំង​សមត្ថ​កិច្ច​រដ្ឋាភិ​បាល​មាន នគរ​បាល​ ទាហាន និង​កង​រាជ​អាវុធ​ហត្ថ​ មក​លើ​កម្មករ​និយោ​ជិត​ ដែល​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​៤​នាក់​ រងរបួស​ជាង​៤០​នាក់​ និង​វាយ​ធ្វើ​បាប​ ចាប់​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ចំនួន​២៣​នាក់​រួច​មក​ ធ្វើ​ឱ្យ​មាន​អារម្មណ៍​ហួស​ចិត្ត​ មិន​គួរ​ឱ្យ​ជឿ​ និង​សោក​ស្តាយ​យ៉ាង​ក្រៃ​លែង​ ។

លិខិត​ចំហ​ដដែល​បន្ត​ថា​​ នៅ​ថ្ងៃ​ទី​៤​ មករា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​នូវ​គោ​លការណ៍​ហាម​ប្រាម​យ៉ាង​តឹង​រុឹង​បំផុត និង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​រហូត​ដល់​ស្ថាន​ការណ៍​ធូរស្រាល​ឡើង​វិញ ។​ ដោយ​យោង​លើ​ហេតុ​ការណ៍​បាញ់​ ការ​ចាប់​ខ្លួន​ និងបង្ក​ហិង្សា​ យោង​លើ​ជំហរ​របស់​និយោ​ជក​ថា បើ​កម្មករ​ចូល​ធ្វើ​ការ​វិញ​ទើប​មាន​ការ​ចរចា​ និង​យោងតាម​ការ​ហាម​ប្រាម​របស់​រដ្ឋាភិ​បាល​ ទើប​នៅថ្ងៃទី​៥​ មករា ២០១៤​ យើង​ខ្ញុំ​បាន​ប្រជុំ​គ្នា​សម្រេច​ឱ្យ​កម្មករ​និយោ​ជិត​ផ្អាក​ការ​តវ៉ាជា​បណ្តោះ​អាសន្ន​​ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ ហើយ​ឱ្យ​កម្មករ​ចូល​ធ្វើ​ការងារ​វិញ​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៦ មករា​ តទៅ​ ដោយ​រង់ចាំ​ការ​ចរចា​ឡើង​វិញ​ទៅ​លើ​ប្រាក់​ឈ្នួល​ និង​​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករ​និយោ​ជិត ។​ នៅ​ពេល​កម្មករ​ចូល​ធ្វើ​ការ​ងារ​ហើយ​ យើង​នៅ​មើល​ឃើញ​មាន​កង​កម្លាំង​ និង​អាជ្ញាធរ​តាម​មូលដ្ឋាន​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ តាម​ស្រាវ​ជ្រាវ​ សាក​សួរ​តំណាង​សហ​ជីព​​ និង​តំណាង​សំខាន់ៗ​នៅ​តាម​មូលដ្ឋាន​ និង​មាន​និយោ​ជក​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​អនុញ្ញាត​ឱ្យ​កម្មករ​និយោ​ជិត​មួយ​ចំនួន​ចូល​ធ្វើ​ការងារ​នៅ​ឡើយ​​ និយោជក​ខ្លះ​បាន​រក​លេស​បញ្ឈប់​ពី​​ការងារ​ដោយ​មិន​សម​ហេតុ​ផល​ទៀត​ផង ។​ ដោ​យសារ​បញ្ហា​ធ្ងន់​ធ្ងរ​មិន​ទាន់​ដោះស្រាយ​ចប់​ និង​រក​យុត្តិ​ធម៌​ជូន​ជន​រងគ្រោះ​ ជា​ពិសេស​កម្មករដែល​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​សម​រម្យ​លើ​ប្រាក់​ឈ្នួល​​នោះ​ ទើប​កម្មករ​និយោ​ជិត​តំណាង​សហព័ន្ធ​សហ​ជីព​ស្នើ​ឱ្យ​មាន​ការឆ្លើយតប​ឱ្យ​បាន​រហ័ស​​ពី​សំណាក់​និយោ​ជក​ និងរដ្ឋាភិ​បាល ។​

ជាមួយ​គ្នា​នេះ សហ​ជីព​អន្តរ​ជាតិ​ អង្គការ​ជាតិ អង្គការ​អន្តរ​ជាតិ​ អង្គការ ILO និងស្ថាន​ទូត​ប្រទេស​មួយ​ចំនួន​ក៏បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​អំពើ​ឃោរ​ឃៅ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិ​បាល​ដែលបាន​ធ្វើ​ឱ្យ​អន្តរាយ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កម្មករ ទាំ​ងទ្រព្យ​សម្បត្តិ​ រាង​កាយ និងសិទ្ធិ​សេរី​​ភាព ហើយ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​ ក្រុម​ហ៊ុន​ អ្នក​ផលិត​ ​និង​អ្នក​បញ្ជាទិញ​ ត្រូវ​ដោះ​ស្រាយ​រឿង​នេះ​ឱ្យ​បាន​ឆាប់​ និង​ដោយ​ស្មោះ​ត្រង់​ទៀត​ផង ។​ នៅ​ថ្ងៃទី​៧​ មករា​ មានអ្នក​បញ្ជា​ទិញ​ធំៗ​ជាង​៧០%​ ទៅ​៨០%​ ដែល​កុម្មង់​ទំនិញ​ពី​ប្រទេស​កម្ពុជា​ដូច​ជា​ H&M, GAP, INDETEX, Adidas, PUMA, LIVI និង​ Columbia បាន​ចេញ​លិខិត​មក​រដ្ឋាភិ​បាល​ និយោ​ជក​ និង​សហ​ជីព​ សម្តែង​ការ​សោក​ស្តាយ​ចំពោះ​អំពើ​ហិង្សា​ដែល​បណ្តាល​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ អំពើ​ហិង្សា ស្លាប់​ និង​រង​របួស​កម្មករ​និយោ​ជិត​ជា​ច្រើន​នាក់​ ហើយ​ពួកគេ​បាន​ស្នើ​ឱ្យ​មាន​ការ​ចរចា​គ្នា​មួយ​ដោយ​ស្មោះ​ត្រង់​ជា​បន្ទាន់ និង​បង្កើត​ឱ្យ​មាន​យន្ត​ការ​ដោះ​ស្រាយ​ឱ្យ​បាន​ល្អ​នៅ​ថ្ងៃ​អនា​គត​ទៀត​ផង ។​ លិខិត​ចំហ​ដដែល​នេះ​បាន​ស្នើ​ថា​​ នៅ​ក្នុង​ស្ថាន​ភាពនេះ​ សហ​ជីព​អំពាវ​នាវ​ឱ្យ​រាជ​រដ្ឋាភ​ិ​បាល​ និង​ក្រុម​ហ៊ុន​ត្រូវ ៖​

១-រាជរដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ ត្រូវ​រៀបចំ​ឱ្យ​មាន​ការ​ចរចា​បន្ត​ទៀត​ ដោយ​ភាព​ស្មោះ​ត្រង់​ និង​យ៉ាង​លឿន​បំផុតតាម​ដែល​អាច​ធ្វើ​ទៅ​បាន​​ដើម្បី​ដំឡើងប្រាក់​ឈ្នួល​ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​និយោ​ជិត ។​
២-ស្នើ​ដល់​រាជ​រដ្ឋាភិ​បាល​ត្រូវ ​៖​
-បង្កើត​គណៈ​កម្មាធិការ​ឯក​រាជ្យ​មួយ​ បើក​ការ​សើុប​អង្កេត​ដល់​កង​កម្លាំង​ និង​អ្នក​បញ្ជា​ ដែល​បាន​បាញ់​សម្លាប់​លើ​កម្មករ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ និង​សង​ការ​ខូច​ខាត​ ព្រម​ទាំង​សង​ជំងឺ​ចិត្តទៅ​ដល់​ក្រុម​គ្រួសារ​ពួក​គេ ។​
-ដោះ​លែង​កម្មករ​ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ទាំង​២៣​នាក់​ឱ្យ​មាន​សេរី​ភាព​វិញ​ដោយ​គ្មាន​លក្ខ​ខណ្ឌ​ ។​
-ព្យាបាល​ និង​សង​ជំងឺ​ចិត្ត​ ព្រម​ទាំង​សង​ការ​ខូចខាត​ផ្សេងៗ​ទៅ​ដល់​អ្នក​រង​របួស​ជាង​៤០​នាក់។​
-ស្នើ​ឱ្យ​អាជ្ញាធរ​គ្រប់​ខេត្ត-​ក្រុង​ បញ្ឈប់​ការ​គំរាម​កំហែង​គ្រប់​រូប​ភាព​ទាំង​អស់​មក​លើ​តំណាង​សហ​ជីព​ និង​សកម្ម​ជន​សហ​ជីព​នៅ​តាម​មូលដ្ឋាន​ផ្សេងៗ ។​
៣-​និយោជក​ត្រូវ​ដក​ពាក្យ​បណ្តឹង​ និង​បញ្ឈប់​ការ​ត្រៀម​ប្តឹង​ ហើយ​នឹង​ទទួល​យក​ថ្នាក់​ដឹក​នាំ​សហ​ជីព​ សកម្ម​ជន​ កម្មករ​និយោជិត​ទាំង​អស់​ដែល​បាន​បញ្ឈប់​ឱ្យ​ចូល​ធ្វើ​ការ​ងារ​វិញ​ និង​មិន​ត្រូវ​រើសអើង​ គុំ​កួន​ ឬ​ចាប់​កំហុស​ពួក​គេ​ឡើយ ។

​ក្នុង​ករណី​ពុំ​មាន​ការ​ដោះ​ស្រាយ​ណា​មួយ​ឱ្យ​បាន​សម​រម្យ​ យើង​ខ្ញុំ​នឹង​បន្ត​តវ៉ា​ផ្សេងៗ​នៅ​ថ្ងៃ​ខាង​មុខ​ដ៏​ខ្លី​ជាពុំ​ខាន ។​ សូម​តំណាង​រដ្ឋាភិ​បាល​ និង​ក្រុម​ហ៊ុន​ពិចារណា​លើ​ជំហរ​របស់​សហ​ជីព​នេះ​ឱ្យ​បាន​លឿន​ និង​ហ្មត់​ចត់​បំផុត ។​ សូម​ឱ្យ​បង​ប្អូន​កម្មករ​និយោជិត​ រក្សា​ភាពស្ងាត់​ស្ងៀម​ រង់​ចាំ​ការ​ចរចា​ដោះ​ស្រាយ​របស់​យើង​ខ្ញុំ ៕​