ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការតានតឹងពីបញ្ហាព្រំដែន​ ថៃពន្យារ​ពេលប្រគល់វត្ថុបុរាណខ្មែរចំនួន២០ឱ្យកម្ពុជា

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បា​នប​ដិសេ​ធ​ទាំង​ស្រុង​ចំពោះ​ការ​លើក​ឡើង​របស់​លោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ ដែល​បាន​អះអាង​កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បា​នប​ដិសេ​ធ​ទាំង​ស្រុង​ចំពោះ​ការ​លើក​ឡើង​របស់​លោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ ដែល​បាន​អះអាង​កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥​ថា ក្រុម​ប្រាសាទ​តា​មាន់ ស្ថិត​នៅ​ក្នុង​អំណាច​អធិប​តេយ្យ​របស់​ថៃ ដោយ​បាន​ប្រកាស​ចុះបញ្ជី​ជា​វិមាន​បុរាណ នា​ពុទ្ធសករាជ​២៥០៥​ ។

ការ​អះអាង​របស់​ភាគី​ថៃ​ដែល​ថា ក្រុម​ប្រាសាទ​តា​មាន់ ស្ថិត​នៅ​ក្នុង​អំណាច​អធិបតេយ្យ​របស់​​ថៃ​តាម​រយៈ​ការ​ប្រើប្រាស់​ផែនទី​ដែល​គូស​ជា​ឯកតោភាគី គឺ​គ្មាន​តម្លៃ​គតិ​យុ​ត្ត​អ្វី​ទាំងអស់ ជា​ពិសេស​ ផ្ទុយ​ទៅ​នឹង​ខ្លឹមសារ​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MoU)​ឆ្នាំ​២០០០ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​គោរព​និង​ប្រើប្រាស់​ផែនទី​មាត្រដ្ឋាន​ខ្នាត ១/២០០០០០ ស្រប​តាម​ស្មារតី​នៃ​អនុសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ ដែល​កំពុង​ស្ថិត​នៅ​ជា​ធរមាន ។

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈបញ្ជាក់​ច្បាស់ថា ផ្អែក​លើ​មូលដ្ឋាន​នៃ​អនុសញ្ញា​បារាំង​-សៀម ​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ១៩០៧ ព្រមទាំង​ផែនទី​មាត្រដ្ឋាន ១/២០០០០០ក្រុម​ប្រាសាទ​តា​មាន់ គឺ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹកដី និង​អធិបតេយ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងស្រុង ។

ម្យ៉ាងទៀត ក្រុម​ប្រាសាទ​តា​មាន់ ជាទី​តាំង​បុរាណ​ដ្ឋា​ន​ស្ថិត​ក្នុង​ខេត្តឧត្តរមានជ័យ ហើយ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីសារពើភ័ណ្ឌ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួច​ហើយ​ដែរ ។ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពាវនាវ​ឱ្យ​ក្រសួង​វប្បធម៌​ថៃ គោរព​នូវ​គោលការណ៍​អន្តរជាតិ​ដែល​មាន​ជា​ធរមាន ដើម្បី​រក្សា​បាន​ភាព​ថ្លៃថ្នូរ និង​វិជ្ជាជីវៈ ដែល​ស្ថាប័ន​វប្បធម៌​នៃ​ប្រទេស​នីមួយ​ៗ​ត្រូវ​ប្រកាន់ខ្ជាប់ ។

ក្រៅពី​ការ​ប្រកាស​ទាំង​ងងឹត​ងងុល​នេះ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ថៃ​លោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​៤ ខែកក្កដា​កន្លង​មកនេះ បានឱ្យ​ផ្អាក​បញ្ឈប់​ការ​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ ដែល​នាំ​ចូល​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ដោយ​លើក​ឡើង​ថា​ថវិកា​មានកំណ​ត់ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ Khaosod English កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥ ។

សំណុំរឿង​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​២០​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២ ធ្លាប់​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បញ្ជូន​មក​កម្ពុជា​វិញ​នៅ​ខែសីហា ឆ្នាំ​២០២៥​ខាង​មុខ​នេះ ។ កាសែត​ថៃ Kha​osod English បាន​រាយការណ៍​ថា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ និង​ជានាយក​រដ្ឋមន្ត្រី​ព្យួរ​តំណែង លោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ថៃ​បញ្ឈប់​ការត្រៀម​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​២០ មក​ប្រទេសកម្ពុជា ។ លោកស្រី ផែ​ថង​ថា​ន ក៏​បាន​ព្រមាន​ទៀត​ថា លោកស្រី​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​ចោទ​លោក​ស្រី​ថា បាន​ឃុបឃិត​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​បញ្ជូន​វត្ថុ​បុរាណ​ត្រឡប់​មក​កម្ពុជា​វិញ ។

កាសែត​ថៃ​នេះ ក៏​បាន​ស្រង់​សម្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក ជី​រ៉ា​យុ ហ័​ង​សុ​ប ថា ព័ត៌​មាន​ដែល​ចុះ​ផ្សាយ​ថា ក្រសួង​វប្បធម៌​ថៃ​គ្រោង​បញ្ជូន​វត្ថុ​បុរាណ​ចំនួន​២០ មក​កម្ពុជា​វិញ​នោះ ជា​ព័ត៌មាន​ក្លែងក្លាយ ។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​រូប​នេះ​សង្កត់ធ្ងន់​ថា ព័ត៌មាន​ខាងលើ​ជា​ព័ត៌មាន​ចាស់​កាលពី​២៥​ឆ្នាំ​មុន ។

តាម​លោក ជី​រ៉ា​យុ ហ័​ង​សុ​ប កាលពី​ពេល​នោះ នាយកដ្ឋាន​គយ​ថៃ​បាន​រឹបអូស​វត្ថុ​បុរាណ​ចំនួន​៤៣​មុខ ដែល​ស្រ​ដៀង​នឹង​វត្ថុ​បុរាណ​របស់​កម្ពុជា និង​ដែល​បាន​នាំ​ចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​សិង្ហ​បុរី ។ប៉ុន្តែ​ក្រោយមក រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់សំណើ​ស្នើ​សុំ​វត្ថុ​បុរាណ​ចំនួន​២០ នោះ​មក​វិញដែល​រួម​ជាមួយនឹង​ឯកសារ និង​ភ័ស្តុតាង​បញ្ជាក់​ពី​ការ​ទាមទារ​កម្មសិទ្ធិ​ទៅ​កាន់​ក្រសួង​វប្បធម៌​ថៃ ។

ទោះបីជា​បែប​ណា កាលពី​កន្លង​ទៅ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​កម្ពុជា លោក ស៊ុំ ម៉ា​ប់ ធ្លាប់​បាន​អះអាង​ថា វត្ថុ​បុរាណ​ចំនួន​២០​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ឯកភាព​ប្រគល់​មក​កម្ពុជា​វិញ នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​នៅ​ខែសីហា ឆ្នាំ​២០២៥​នេះ ។ តាម​លោក ស៊ុំ ម៉ា​ប់ វត្ថុ​បុរាណ​ចំនួន ២០​នេះ ស្ថិត​ក្នុង​ចំណោម​វត្ថុ​បុរាណ​ចំនួន​៤៣ ដែល​ជន​ទុច្ចរិត​បាន​លួច​គាស់កកាយ​តាម​ប្រាសាទខ្មែរ នៅ​អំឡុង​សង្គ្រាម ហើយ​នាំ​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​លោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ មក​កម្ពុជា​កាលពី​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០២៥ សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​រដ្ឋាភិបាល​ថៃ ដែល​សម្រេចចិត្ត​ប្រគល់​ជូន​កម្ពុជា​វិញ នូវ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០​នេះ ។

តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទេវរូប​ទាំងនេះ មិនមែន​ត្រឹមតែ​ជា​វត្ថុ​បុរាណ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ដួង​ព្រលឹង​នៃ​បុព្វបុរស​របស់​ខ្មែរ ដែល​បាន​ឃ្លាត​ចាក​ពី​មាតុភូមិ ដោយសារ​សង្គ្រាម​នៅ​ពេល​កន្លង​ទៅ ។

មានការ​កត់​សម្គាល់ថា ការ​បញ្ជូន​វត្ថុ​បុរាណ​ចំនួន​២០​ពី​ប្រទេស​ថៃ​ត្រឡប់​មក​ឲ្យ​កម្ពុជា​វិញ អាច​ត្រូវ​ពន្យារពេល​ដោយសារ​តែ​ភាព​តានតឹង​ពី​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​២​ក្នុង​ពេល​បច្ចុប្បន្ន ។ នេះ​បើ​តាម លោក ស៊ុំ ម៉ា​ប់ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៥ ។

បើ​តាម​លោក ស៊ុំ ម៉ា​ប់ គម្រោង​បញ្ជូន​វត្ថុបុរាណ​ចំនួន​២០ ត្រឡប់​មក​ឲ្យ​កម្ពុជា​វិញ ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ខែកក្កដា​នេះ ដោយ​មានការ​ឯកភាព​គ្នា​ទាំងស្រុង​រវាង​ភាគី​កម្ពុជា​និង​ភាគី​ថៃ។ប៉ុន្តែ​ដោយសារ​បញ្ហា​ព្រំដែន​កំពុង​តានតឹង អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ បញ្ជាក់​ថា គម្រោង​បញ្ជូន​វត្ថុ​បុរាណ​ឲ្យ​កម្ពុជា​វិញ ត្រូវ​ពន្យារពេល ។

ចាប់តាំងពី​ឆ្នាំ​១៩៩៦ រហូត​ដល់​ខែកក្កដា ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​វត្ថុ​បុរាណ​សរុប ១ ០៩៨ ពី​ប្រទេស​ចំនួន​១៥ រួម​មាន​មក​ពី​សហរដ្ឋអាមេរិក អង់គ្លេស និង​ថៃ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ