ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​កម្ពុជា​៖ ការ​ចុះបញ្ជី​ប្រា​សាទព្រះ​វិហារ​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោកជួយ​រក្សា​​ប្រាសាទ​ឲ្យ​បាន​គង់រ​ង្ស​លើ​ទឹកដី​ខ្មែរ

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​អបអរសាទរ​ខួប​ជា​ប្រវត្តិសាស្ត្រ​១៧​ឆ្នាំ​នៃ​ការ​ចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥)សម្តេចព្រះ​បរមនាថ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​អបអរសាទរ​ខួប​ជា​ប្រវត្តិសាស្ត្រ​១៧​ឆ្នាំ​នៃ​ការ​ចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥)សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា​បាន​មាន​ព្រះរាជ​បន្ទូល​ថា ការ​ចុះបញ្ជី​នេះ​បាន​ជួយ​ថែរក្សា និង​អភិរក្ស​ប្រាសាទព្រះវិហារ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​និង​ប្រកប​ដោយ​ចីរភាព នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ព្រះ​អង្គ​បាន​កោតសរសើរ​ដ៏​ស្មោះ​ចំពោះ​ការ​ចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​នេះ​គឺជា​សម្បត្តិ​វប្បធម៌​ជាតិ​ផង និង​ជា​បេតិកភណ្ឌ​ពិភពលោក​ផង ។ ព្រះមហាក្សត្រ​ទ្រង់​បាន​សម្តែង​នូវ​កតញ្ញូតាធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ព្រះរាជ​តម្រិះ ព្រះករុណា ព្រះ​បរម​រតន​កោ​ដ្ឋី​ដែល​ព្រះ​អង្គ​បាន​យក​ព្រះ​ទ័យ ទុកដាក់​ជា​និច្ចកាល​ក្នុង​ការ​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​ក្នុង​មួយ​ព្រះ​ជន្ម​ព្រះ​អង្គ ។

ជាមួយ​គ្នា​នេះ ព្រះ​អង្គ​សូម​កោតសរសើរ និង​អរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាជាតិ​កម្ពុជា ទាំងអស់ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត រាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឆ្នើម ឈ្លាសវៃ និង​ប៉ិន​ប្រសប់​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ និង​បន្ត​មក​បច្ចុប្បន្ន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​រាជរដ្ឋាភិបាល និង​មានការ​ចូលរួម​រៀបចំ​សម្របសម្រួល​ពី​សម្តេច​វិបុល​បញ្ញា សុខ អាន ក្នុង​កិច្ចការ​អភិរក្ស​នេះ​កន្លង​មក ។

ព្រះមហាក្សត្រ​មាន​ព្រះរាជ​បន្ទូល​ទៀត​ថា ការ​ចុះបញ្ជី​នេះ​បាន​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​ពិភពលោក​ព្រម​ទទួលស្គាល់​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រ ជា​កេរដំណែល​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​បន្សល់​ទុក​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​ដើម្បី​ថែរក្សា​បន្ត ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ប្រាសាទព្រះវិហារ​របស់​កម្ពុ​ជាមួយ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក ។ ការ​ដែល​អង្គការ​យូ​ណេ​ស្កូ​សម្រេច​ដាក់​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក គឺជា​ជោគជ័យ​ដ៏​មហាសាល​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ បន្ទាប់​ពី​ទាមទារ​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​ឡើង​វិញ​ពី​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុ​ង​ឧត្តម​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ