ទីក្រុងម៉ូស្គូ៖ ប្រេសិតពិសេសអាមេរិក លោកស្ទីវវីតខូស បានជួបលោកពូទីនរយៈពេលបីម៉ោងតែ២ថ្ងៃប៉ុណ្ណោះមុនឱសានវាទរបស់លោកត្រាំ។ ជំនួយការលោកពូទីន លោកអ៊ូសាកូស ប្រាប់ថាការពិភាក្សាគ្នាលើកនេះមានសារៈសំខាន់ និងប្រកបដោយការស្ថាបនា។ លោកទាំង២បានផ្លាស់ប្ដូរមតិគ្នាអំពីបញ្ហាអ៊ុយក្រែន និងលទ្ធភាពនៃការសហការគ្នាជាយុទ្ធសាស្ត្ររវាងម៉ូស្គូ និងវ៉ាស៊ីនតោន។ ប៉ុន្តែជំនួយការរូបនេះសូមមិនធ្វើអត្ថាធិប្បាយច្រើនពេកទេ ហើយទុកលទ្ធភាពនេះជូនលោកវីតខូសរាយការណ៍ជូនលោកត្រាំនៅពេលគាត់វិលត្រឡប់ទៅវ៉ាស៊ីនតោនវិញ។
កិច្ចជំនួបនេះកើតឡើងនៅពេលលោកត្រាំកំពុងតែក្រពុលមុខខ្លាំង។ ត្រាំចង់ដោះស្រាយបញ្ហាអ៊ុយក្រែនឱ្យឆាប់ចប់នឹងអាលងាកទៅធ្វើកិច្ចការផ្សេងទៀត។ បន្ទាប់ពីឡើងកាន់អំណាចរហូតមកដល់ពេលនេះជាងកន្លះឆ្នាំហើយដែលលោកត្រាំប្រើធម៌ត្រជាក់។ ឥឡូវនេះ គាត់ងាកទៅប្រើធម៌ក្ដៅវិញម្ដងដោយចាប់ផ្ដើមពីការដាក់ទណ្ឌកម្មប្រទេសដែលទិញទំនិញរុស្ស៊ី។
លោកត្រាំដាក់សម្ពាធឥណ្ឌាដោយយកពន្ធគយ២៥% ហើយអាចនឹងដំឡើងច្រើនជាងនេះទៀតបើឥណ្ឌានៅតែបន្តទិញប្រេងពីរុស្ស៊ី។ ទោះបីឥណ្ឌាតវ៉ាថាអឺរ៉ុបក៏ធ្លាប់ទិញទំនិញពីរុស្ស៊ីដែរ (ដូចជាឧស្ម័ន) ម្ដេចក៏អាមេរិកមិនដាក់ទណ្ឌកម្មអឺរ៉ុបផង ប៉ុន្តែលោកត្រាំមិនស្ដាប់សម្ដីនេះទេព្រោះករណីទាំង២នេះមិនដូចគ្នាទេ។ អឺរ៉ុបទិញទំនិញពីរុស្ស៊ីនៅពេលរុស្ស៊ីមិនទាន់ជាប់ទណ្ឌកម្ម។ ចំណែកឥណ្ឌាទិញទំនិញរុស្ស៊ីក្រោយពេលរុស្ស៊ីវាយប្រហារអ៊ុយក្រែន និងជាប់ទណ្ឌកម្ម។
គេមិនទាន់ដឹងថាតើលោកពូទីនបានសន្យា ឬធ្វើសម្បទានអ្វីខ្លះសម្រាប់ទីក្រុងវ៉ាស៊ីនតោននៅក្នុងឱកាសជួបគ្នាលើកនេះដើម្បីមិនឱ្យជាប់ទណ្ឌកម្មរបស់អាមេរិក។ លោកអ៊ូសាកូសថ្លែងថាខាងភាគីរុស្ស៊ីនិយាយជាពិសេសពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន យើងបានផ្ដាំផ្ញើសារនយោបាយខ្លះៗហើយ។ សារនយោបាយពីលោកត្រាំក៏យើងបានទទួលខ្លះៗហើយដែរ។
ទូរទស្សន៍ប្ល៊ូមបឺក (Bloomberg) និងសារព័ត៌មានឯករាជ្យរបស់រុស្ស៊ីដឹបែល (The Bell) ផ្សាយថាវិមានក្រឹមឡាំងអាចនឹងស្នើសុំផ្អាកវាយប្រហារគ្នាទៅវិញទៅមកតាមអាកាស។ សំណើនេះធ្លាប់ត្រូវប្រធានាធិបតីបេឡារូស លោកលូកាសឹនកូ បំផុសម្ដងហើយនៅពេលជួបលោកពូទីនកាលពីសប្ដាហ៍មុន។ បើភាគីទាំង២ រុស្ស៊ី និងអ៊ុយក្រែន ឯកភាពទទួលយកសំណើនេះក៏ល្អម៉្យាងដែរទោះបីមិនសមតាមបំណងប្រាថ្នារបស់អឺរ៉ុប អាមេរិក និងអ៊ុយក្រែនដែលចង់បានបទឈប់បាញ់ដ៏ពេញលេញក៏ដោយ៕
ចែករំលែកព័តមាននេះ