ទីក្រុងញូដេលី៖ ថ្ងៃនេះ លោកត្រាំពន្លះឥណ្ឌាមួយអស់ដៃ។ ពន្ធគយដល់២៥%លើទំនិញឥណ្ឌាដែលនាំចូលអាមេរិកត្រូវលោកត្រាំដំឡើងដល់៥០%ក្រោមហេតុផលថាឥណ្ឌានៅតែបន្តទិញប្រេងពីរុស្ស៊ីខុសនឹងលក្ខន្តិកៈនៃការទណ្ឌកម្មរុស្ស៊ីពីបទឈ្លានពានអ៊ុយក្រែន។ លោកត្រាំប្រកាសនៅក្នុងបទបញ្ជានីតិប្រតិបត្តិរបស់គាត់ថារដ្ឋាភិបាលឥណ្ឌានៅតែបន្តនាំប្រេងដោយផ្ទាល់ ឬដោយប្រយោលពីប្រទេសរុស្ស៊ី។
វិធានការដំឡើងពន្ធ៥០%នឹងចាប់អនុវត្តរយៈពេល២១ថ្ងៃក្រោយថ្ងៃទី៦ ខែសីហា។ វិធានការនេះដាក់ចេញ១ថ្ងៃបន្ទាប់ពីលោកត្រាំប្រកាសពីម្សិលមិញថាលោកនឹងដំឡើងពន្ធឥណ្ឌាឱ្យបានខ្ពស់មែនទែននារយៈពេល២៤ម៉ោងខាងមុខ។ ត្រាំចោទប្រកាន់ថា «ការដែលរដ្ឋាភិបាលទីក្រុងញូដេលីបន្តទិញប្រេងឆៅពីរុស្ស៊ីគឺប្រៀបបាននឹងការជួយដុតបំពក់ភ្នក់ភ្លើងសង្គ្រាមអ៊ុយក្រែនឱ្យបន្តឆាបឆេះយ៉ាងក្ដៅគគុក»
ឥណ្ឌាចោទប្រកាន់ថាអាមេរិកប្រើស្តង់ដារ២ពាក់ព័ន្ធនឹងការទិញទំនិញពីរុស្ស៊ី។ ឥណ្ឌាថាអឺរ៉ុបក៏ធ្លាប់ទិញទំនិញពីរុស្ស៊ីដែរ ហេតុដូចម្ដេចក៏អាមេរិកមិនដាក់ទណ្ឌកម្មអឺរ៉ុបផងទៅ? មកដាក់អីតែឥណ្ឌា? បន្ទាប់ពីតវ៉ាហាក់ដូចជាគ្មានប្រសិទ្ធភាព ឥណ្ឌាកំពុងស្វះស្វែងរកខ្នងបង្អែក ឬដៃគូពាណិជ្ជកម្មដទៃទៀតដើម្បីធ្វើពិពិធកម្មទីផ្សារ (រកទីផ្សារថ្មីៗបន្ថែមទៀត)។
នាយករដ្ឋមន្ត្រីឥណ្ឌា លោកម៉ូឌី គ្រោងបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូងនៅក្នុងរយៈពេលជាង៧ឆ្នាំចុងក្រោយ។ នេះបើយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលឥណ្ឌា។ បើដូច្នេះមែន មានន័យថាចិន និងឥណ្ឌាអាចនឹងខិតជិតគ្នាជាងមុន។ អាចនិយាយបានថាប្រទេសទាំង២កំពុងជិះនៅលើទូកតែមួយ និងកំពុងមានបញ្ហាពាណិជ្ជកម្មជាមួយអាមេរិកដូចគ្នា។ ខាងលើនេះជាការដកស្រង់ប្រភពពីឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ