រាជធានីភ្នំពេញ ៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ, មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ច ការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀប រៀបរយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ។
ម្យ៉ាងទៀតត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ពាក់ព័ន្ធការត្រៀមទទួលបងប្អូនពលករ ដែលត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតវិញ ជាមួយនិងការជួយសម្របសម្រួលពេល ដែលពួកគាត់ពឹងពាក់រកការងារធ្វើ ។
ការណែនាំបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ និងមន្ទីរចំណុះឲ្យរដ្ឋបាល រាជធានីភ្នំពេញ ទាំងអស់ ។
លោក ឃួង ស្រេង បានលើកឡើងទៀតថា មកដល់ពេលនេះ បងប្អូនពលករកម្ពុជាយើង បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះ មានពលរដ្ឋកម្ពុជា ចាកចេញពីប្រទេសថៃ ជាង៦០ម៉ឺននាក់ហើយ។ ដូច្នេះលោកស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ពួកគាត់ ពោលគឺនៅពេល ដែលពួកគាត់មកពឹងពាក់រកការងារធ្វើ អាជ្ញាធររបស់យើង ត្រូវជួយសម្របសម្រួលជូនពួកគាត់ ដោយមិនគិត ពីនិន្នាការនយោបាយអ្វីទាំងអស់ ព្រោះជាឈាមជ័រដូចគ្នា ខ្មែរតែមួយ ។
ពាក់ព័ន្ធនឹងការងារខាងលើនេះ លោក ឃួង ស្រេង ក៏បានសង្កត់ធ្ងន់ថា អ្វីដែលអាជ្ញាធរមូលដ្ឋានធ្វើមិនបាន ត្រូវរាយការណ៍មកថ្នាក់រាជធានីភ្លាមៗ សំដៅធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋមានភាពកក់ក្តៅ ជាមួយអាជ្ញាធររបស់យើង។ អាជ្ញាធរទាំង១៤ខណ្ឌ ក៏ត្រូវត្រៀមអាហារសម្រាប់ប្រជាពលរដ្ឋ ដែលជាពលករត្រឡប់ពីក្រៅប្រទេសមកកម្ពុជាវិញ ផងដែរ តាមរយៈការដាក់អ្នកប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយពួកគាត់ទាំងលើបញ្ហាជីវភាព និងការជួយសម្រួលរកការងារធ្វើ ដោយមិនទុកឲ្យប្រជាពលរដ្ឋយើងឯកកោនោះទេ ៕




ចែករំលែកព័តមាននេះ