លៀសហាល៥តោន ក្នុងពិធីសង្ក្រាន្តថ្ងៃទី២ នៅខេត្តកំពង់ចាម ទាក់ទាញភ្ញៀវរាប់សែននាក់មកភ្លក្សរសជាតិ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋប្រុសស្រីចាស់ក្មេងទាំងនៅក្នុងខេត្ត និងបណ្តាខេត្តនានា ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិគឺមានការចាប់អារម្មណ៍មកចូលរួមកម្សាន្តក្នុងពិធីសង្ក្រាន្តថ្ងៃទី២ គឺព្រឹត្តិការណ៍លៀសហាលចំនួន៥តោន ដែលដាក់ហាលមានចម្ងាយ១២០០ម៉ែត្រ បានលាតសន្ធឹងពីមុខសាលាខេត្តរហូតដល់វេទិកាអុំទូកមាត់ទន្លេ គឺបានទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីរាប់សែននាក់ឲ្យមកទទួលភ្លក់រសជាតិលៀសហាលកំពង់ចាម ដែលមានរសជាតិឆ្ងាញ់ ដោយធ្វើឡើងនៅវេលាម៉ោង១១ ព្រឹករហូតដល់១២ថ្ងៃត្រង់ថ្ងៃទី១៥មេសា ឆ្នាំ២០២៦។
ជាមួយនោះមានការអញ្ជើញចូលរួមពីលោកជំទាវលាង វួចឆេង ភរិយាសម្ដេចឧត្តមទេពញាណហ៊ុន ណេង និងឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍គូសបញ្ជាក់ថា: សម្រាប់ព្រឹត្តិការណ៍លៀសហាលចំនួន៥តោននេះគឺមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋច្រើនកុះករទាំងអ្នកនៅក្នុងខេត្តនិងជុំវិញខេត្តក៏ដូចជាភ្ញៀវជាតិអន្តរជាតិដែលបានអញ្ជើញមកពីបណ្ដាប្រទេសនានា។ការទន្ទឹងរង់ចាំនៅថ្ងៃទី២ សម្រាប់សង្ក្រាន្តកំពង់ចាម ដែលមានប្រតិការណ៍មួយដ៏ធំក្នុងឱកាសនៃការទទួលទេវតាឆ្នាំមមី។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា លៀសហាលនេះគឺប្រជាពលរដ្ឋចូលចិត្តពិសាតាមដំណឹងថាគ្រាន់តែកម្មវិធីមិនទាន់ចាប់ផ្ដើមគឺបងប្អូននាំគ្នា ទទួលទានអស់ប្រហែលពាក់កណ្ដាលបាត់ទៅហើយ។ដូច្នេះបងប្អូនអាចភ្លក់អាហារសំរន់លៀសហាល ជាមួយនឹងកញ្ចប់បាយ ដែលផ្ដល់ជូនដោយឥតគិតថ្លៃ។ក្នុងនាមឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម គឺបានយកចិត្តទុកដាក់ ដោយបានឲ្យរដ្ឋបាលខេត្តរៀបចំព្រឹត្តិការណ៍លៀសហាលចំនួន៥តោន មានចម្ងាយ១២០០ម៉ែត្រ ក្នុងនោះមាន៣៤ផែន ដោយមានអភិបាលរងខេត្តចំនួន៧រូប ចាំទទួលបងប្អូនអញ្ជើញភ្លក់រសជាតិលៀសហាលឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ឲ្យដឹងដែរថា ពិតជាកិត្តិយសដោយនៅថ្ងៃនេះខេត្តកំពង់ចាមទាំងមូលបានរៀបចំនៅព្រឹត្តិការណ៍លៀលហាលទម្ងន់ ៥តោន ដែលបង្ហាញពីសក្តានុពលសេដ្ឋកិច្ចនិងវិស័យទេសចរណ៍ ដល់អ្នកទេសចរណ៍កម្ពុជាក៏ដូចជាភ្ញៀវអន្តរជាតិដែលបានធ្វើដំណើរកំសាន្តនៅគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសនៅលើទឹកដីខេត្តកំពង់ចាមនាឱកាសនេះ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍បន្តថា រូបលោកនៅចាំបានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ កន្លងទៅគឺរដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍នេះហើយទម្ងន់៣ តោនមានចម្ងាយ១០០០ម៉ែត្រ។តែដោយសារភាពរីកចម្រើនរបស់ប្រទេសជាតិកម្ពុជាយើងក្រោមការដឹកនាំរបស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រមុខរដ្ឋស្ដីទី ហើយបន្តមកដល់បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែត បានធ្វើឲ្យនាវាកម្ពុជាធ្វើដំណើរទៅមុខយ៉ាងលឿន បង្ហាញពិភពលោកកម្ពុជាមានសុខសន្តិភាពនិងស្ថេរភាពនយោបាយ កំពុងតែមានការរីកចម្រើនលើគ្រប់វិស័យ។
តាមការកត់សម្គាល់របស់លោកស្រី សុភ័ក្ត្រ អ្នកនាំពាក្យសាលាខេត្តកំពង់ចាមគ្រាន់តែសង្ក្រាន្តថ្ងៃទី១នៅខេត្តកំពង់ចាម ទទួលភ្ញៀវជាតិនិងអន្តរជាតិមកលេងសរុបជិតមួយលាននាក់ឯណោះ។
សូមបញ្ជាក់ថាព្រឹត្តិការណ៍លៀសហាលឆ្នាំ២០២៥និង២០២៦នេះ ខេត្តកំពង់ចាម អាចបំបែកកំណត់ត្រាលេខ១នៅទូទាំងប្រទេសកម្ពុជា ៕

















ចែករំលែកព័តមាននេះ