រាជធានីភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានប្រកាសព័ត៌មាន ស្តីពី ជនសង្ស័យ២នាក់ (ម្នាក់ខ្មែរម្នាក់ចិន) ត្រូវបានចោទប្រកាន់ពាក់ពន្ធករណីគ្រឿងញៀន ទម្ងន់ប្រមាណ១ តោន និងបទសម្អាតប្រាក់ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ សមត្ត្ចច នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីនំពេញ នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ក្រាបករណីគ្រឿងញៀនជាច្រើនទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។
ក្នុងរង្វង់ប្រតិបត្តិការ សមត្តកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដកហូតវត្ថុតាងពីឈ្មោះ LAI JUI CHIEN ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន និងឈ្មោះ រឿន រីន ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិខ្មែរ នូវសារធាតុញៀនប្រភេទ អ៊ិស្តាស៊ី ទម្ងន់ ៧.៣១១,៦៦ក្រាម និងប្រភេទ កេតាមីន ៩៩២.២៣៧,៣០ ក្រាម រួមជាមួយជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង ម៉ាស៊ីនអ៊ុតថង់ចំនួន ០១គ្រឿង និងសម្ភារៈសម្រាប់ច្រកវេចខ្ចប់គ្រឿងញៀនមួយចំនួន (បាវ និងថង់) ព្រមទាំវត្ថុតាងមួយចំនួន ដែលសង្ស័យជាប់ពាក់ពន្ធនិងការសម្អាតប្រាក់ ។
ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្តកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួក ដែលជាប់ពាក់ពន្ធនិងករណីគ្រឿងញៀនខាងលើនេះ សមត្តកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីទទួលបាន និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង០២ នាក់ ខាងលើ និងបក្ខពួកពីបទ.រក្សាទុក ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ។
ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ