ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និងថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី ២ នៃដំណាក់កាលទី ១

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ កម្ពុជា និងថៃ…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ កម្ពុជា និងថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី ២ នៃដំណាក់កាលទី ១ ។ យោងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនថា ៖ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នាពេលខាងមុខនេះ កម្ពុជា និងថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី ២ នៃដំណាក់កាលទី ១ ស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី ៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៉ីង មេបញ្ជាការកងទ័ពភូមិភាគទី ២ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ។

ភាគីទាំងពីរបានអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី ១ នៃដំណាក់កាលទី ១ ដោយជោគជ័យនៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃដើម្បីធានាថា ផែនការសកម្មភាពនេះនឹងត្រូវបានអនុវត្តឱ្យបានពេញលេញ ត្រឹមត្រូវ មានប្រសិទ្ធភាព និងប្រកបដោយតម្លាភាព ។

សេចក្តីប្រកាសព័ត៌មាន បានរំឭកថា កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ យោធភូមិភាគទី ៤ កម្ពុជា និងកងទ័ពភូមិភាគទី ២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) និងឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា ។ ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី ១ នេះ ត្រូវធ្វើឡើងចំនួន ០៣ (បី) លើក គឺចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ