ខេត្តកំពង់ស្ពឺ ៖ មនុស្សប្រុសស្រីចំនួន២២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន ខណៈដែលចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ក្នុងក្រុងច្បារមន ។

ការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ឃាត់មនុស្សជាង២០នាក់ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

នគរបាលខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា នៅមុនពេលបង្ក្រាបទីតាំងល្បែងខុសច្បាប់ខាងលើ គឺដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាលនៃស្នងការនគរបាលខេត្តបានឆ្មក់ចូលទីតាំង លេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀ) នៅលើផ្លូវជាតិលេខ៤ ភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនបានអ្នកលេងបានចំនួន២២នាក់ (ស្រី១២នាក់) ជនជាតិចិនចំនួន៧នាក់ (ស្រី១នាក់) ។

នគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មនុស្សទាំង២២នាក់ មិនទាន់ស្គាល់ឈ្មោះនោះទេ ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលដកហូតវត្ថុតាងសរុបមាន តុសម្រាប់លេងបៀចំនួន០៣, កៅអីចំនួន២០, កាក់ដូរលុយចំនួន២៣០កាក់, ទូរស័ព្ទដៃចំនួន២០គ្រឿង, បៀចំនួន០២កេស ស្មើនឹង៣៣៦ហ៊ូរ, រថយន្តចំនួន០១គ្រឿង, ម៉ូតូចំនួន០៤គ្រឿង និងសម្ភារ លុយមួយចំនួនទៀតផង ។
បច្ចុប្បន្នមនុស្ស និងសម្ភារទាំងអស់ បាននាំយកមករក្សាទុកនៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕





ចែករំលែកព័តមាននេះ