ខេត្តកោះកុង ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានត្រៀមរៀបចំទទួលពលករកម្ពុជា ដែលត្រូវខាងភាគីថៃត្រៀម និងបញ្ជូនមកកម្ពុជាវិញ ។ នេះបើយោងតាមផេកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានប្រកាសនាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះ ។

ក្នុងនោះដែរ ស្ថាប័នដែលពាក់ព័ន្ធក៏បានរួមសហការគ្នា និងត្រៀមជាស្រេច ក្នុងការទទួលពលករកម្ពុជា ព្រមទាំងសម្របសម្រួលសណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរចូលប្រទេសរបស់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ ប្រកបដោយសុវត្ថិភាព និងជួយជញ្ជូនសម្ភារៈផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ ។

តាមរយៈការរៀបចំយ៉ាងយកចិត្តទុកដាក់នេះ អាជ្ញាធរមានបំណងផ្ដល់ភាពងាយស្រួល និងកក់ក្ដៅបំផុតជូនដល់បងប្អូនពលករខ្មែរទាំងអស់ដែលវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ខ្លួន៕






ចែករំលែកព័តមាននេះ