ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រដ្ឋាភិបាល​ ជំរុញឱ្យថៃ​ត្រូវ​បញ្ឈប់​លក្ខខណ្ឌ​ថ្មី និង​គោរព​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ទទូច​ដល់​ភាគី​ថៃ ត្រូវ​តែ​គោរព​បទ​ឈប់​បាញ់​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ា​ឡេ​ស៊ី ឲ្យ​បាន​ម៉ឺងម៉ាត់ បន្ទាប់​ពី​ថៃ​មិន​គោរព​បទ​ឈប់​ជា​បន្តបន្ទាប់ ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ។ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ទទូច​ដល់​ភាគី​ថៃ ត្រូវ​តែ​គោរព​បទ​ឈប់​បាញ់​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ា​ឡេ​ស៊ី ឲ្យ​បាន​ម៉ឺងម៉ាត់ បន្ទាប់​ពី​ថៃ​មិន​គោរព​បទ​ឈប់​ជា​បន្តបន្ទាប់ ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ចាប់តាំងពី​មានការ​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ក្រោម​វត្តមាន​ជា​សាក្សី​របស់​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ អា​មេ​រិ​ក និង​ឯកឧត្តម អាន​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​រួច​មក​រាជរដ្ឋាភិបាល កម្ពុជា​បាន និង​កំពុង​គោរព និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​ចំណុច​ដែល​បាន​ព្រមព្រៀង​គ្នា ។

ជាក់ស្តែង ភ្លាម​ៗ​បន្ទាប់​ពី​ការ​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​នេះ​នៅ​យប់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ភាគី​កម្ពុជា និង​ថៃ បាន និង​កំពុង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ក្នុង​ការ​កែសម្រួល​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់​មួយ​ផ្នែក​ចេញពី​តំបន់​ព្រំដែន​ជា​និមិត្តរូប ក្រោម​ការ​សង្កេត​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ។

បន្ទាប់​មក ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ដក​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់​នេះ​ក្នុង​ដំណាក់កាល​ជាក់លាក់​ដោយ​រាប់​ចាប់តាំងពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ជាមួយ​គ្នា​នេះ ភាគី​ទាំង​ពីរ​បាន និង​កំពុងធ្វើការ​លើ​បញ្ហា​ផ្សេង​ៗ​ទៀត​ដូច​ជា កិច្ចសហការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​រួម​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ការ​ជួញដូរ​មនុស្ស និង​ការ​ដោះ​មីន ដើម្បី​មនុស្សធម៌​ជាដើម ។

ភាគី​កម្ពុជា​បាន និង​កំពុង​អនុវត្ត​យ៉ាង​សកម្ម និង​ដោយ​ស្មោះត្រង់ ក្នុង​គោលបំណង​រក្សា សន្តិភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ ក៏​ដូច​ជា សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ។ ថ្នាក់ដឹកនាំ និង​មន្ត្រី រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាន់​គោល​ជំហរ និង​រក្សា​ភាព​ស្ងៀមស្ងាត់​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​បង្កើត​បរិយាកាស​ល្អ​ឈាន​ទៅ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ថ្លែងការណ៍​បញ្ជាក់​ថា​៖«​ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សង្កេត​ឃើញ​ថា មន្ត្រី​ថ្នាក់ដឹកនាំ​ថៃ ទាំង​រដ្ឋាភិបាល​ស៊ី​វិល និង​យោធា បាន​ចេញ​ធ្វើ​អត្ថាធិប្បាយ​ជា​បន្តបន្ទាប់ ដែល​មិន​ស្រប​តាម​ស្មារតី និង​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ ។

ជាក់ស្តែង មន្ត្រី​ថៃ​ទាំងនោះ បាន​អត្ថាធិប្បាយ​ដោយ​យក​ចំណុច​ដែល​បាន​ព្រមព្រៀង​គ្នា​ក្នុង​សេចក្តីថ្លែងការណ៍​រួម មក​ធ្វើ​ជា​លក្ខខណ្ឌ​ក្នុង​ការ​ដោះ​លែង​យោធិន​កម្ពុជា​១៨​រូប ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំគ្រង​របស់​ថៃ និង​បង្កើត​ឱ្យ​មាន​លក្ខខណ្ឌ​ថ្មី​ៗ​បន្ថែម​ទៀត​ដូច​ជា​ករណី​ប្រាសាទ តា​ក្របី​ជាដើម ដោយ​បាន​ព្រមាន​ពី​ការ​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​ដណ្តើម​យក​ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់​តានតឹង​ឡើង និង​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ទំនុកចិត្ត​គ្នា​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ដូច​មាន​ចែង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​» ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា ការ​អត្ថាធិប្បាយ​ទាំងនេះ​ផ្ទុយ​ទៅ​នឹង​ខ្លឹមសារ​ចំណុច​ទី​៤ ដែល​ចែង​ថា «​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជៀសវាង ការ​ចែកចាយ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​ចោទប្រកាន់ ការ​អះអាង​ដោយ​គ្មាន​ភស្តុ​តាង និង​វោហា​សាស្ត្រ ដែល​បង្ក​គ្រោះថ្នាក់​ទាំង​តាម​បណ្តាញ​ផ្លូវការ​របស់​រដ្ឋាភិបាល ឬ​វេទិកា​ក្រៅផ្លូវការ ដើម្បី​បន្ថយ​ភាព​តានតឹង កាត់​បន្ថយ សតិអារម្មណ៍​អវិជ្ជមាន​របស់​សាធារណជន និង​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការ​សន្ទនា​ដោយ​សន្តិវិធី​» ។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​យ៉ាង​សំខាន់​មួយទៀត ដែល​បញ្ជាក់​ថា ភាគី​ថៃ​មិន​បាន​គោរព​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​រួម​នោះ គឺ​នៅ​ត្រង់​ថា​រហូត​មក​ទល់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ មាន​រយៈពេល​១០​ថ្ងៃ​ហើយ ដែល​ភាគី​ថៃ​មិន​ទាន់​បាន​ដោះ​លែង​យោធិន​កម្ពុជា ១៨​រូប​ទៅ​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​ដែល​រំពឹង​ថា នឹង​ត្រូវ​បាន​ដោះ​លែង​ភ្លាម​ៗ​ស្រប​តាម​ស្មារតី​នៃ​ការ​អនុវត្ត​តាម​កាតព្វកិច្ច​នៃ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ។

សូម​បញ្ជាក់​ថា ក្នុង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ ចំណុច​ទី​៥ បាន​ចែង​ថា «​ដើម្បី​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​ប្រទេស​ថៃ​ក្នុង​ការ​លើកកម្ពស់​ទំនុកចិត្ត និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ប្រទេស​ថៃ​នឹង​ដោះ​លែង​យោធិន​កម្ពុជា​ទាំងនោះ​ដោយ​គ្មាន​បង្អែរ​បង្អង់​ឡើយ​» ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា សូម​អំពាវនាវ​ដោយ​ទទូច​ឱ្យ​ភាគី​ថៃ គោរព និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត នូវ​រាល់​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដោយ​មិន​ត្រូវធ្វើ​អត្ថាធិប្បាយ​ណាមួយ​ដែល​នាំ​ឱ្យ​មាន​ភាព​តានតឹង និង​បាត់បង់​ទំនុកចិត្ត​រវាង​គ្នា ដែល​មិន​អំណោយផល​ដល់​ការ​សន្ទនា​ដោយ​សន្តិវិធី ។

កម្ពុជា​សូម​អំពាវនាវ​ដល់​ភាគី​ថៃ​បញ្ឈប់​នូវ​ការ​ដាក់​លក្ខខណ្ឌ​ផ្សេង​ៗ ដែល​មិន​ស្រប​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម ទីក្រុង​គូ​ឡា​ឡាំ​ពួ និង​ការ​ឯកភាព​គ្នា​ក្នុង​កិច្ចប្រជុំ​នានា ក្នុង​ពេល​កន្លង​មក ។ ដូច្នេះ វា​មាន​សារសំខាន់​ណាស់​ដែល ភាគី​ទាំង​ពីរ​ត្រូវ​អនុវត្ត​ឱ្យ​បាន​យ៉ាង​ម៉ឺងម៉ាត់​នូវ​សេចក្តីថ្លែងការណ៍​រួម​នេះ ដោយ​សុចរិត​ភាព និង​ភាព​ស្មោះត្រង់ ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​ទៅ​វិញ​ទៅ​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ