ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រីពេញបូរមី នៅពោធិ៍សាត់៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមបណ្តែតប្រទីប អុជកាំជ្រួច និងទស្សនាប្រណាំងទូកមិត្តភាព

3 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រាត្រី​១​កើត ពេញ​បូរ​មី ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក ខូ​យ រី​ដា…

ខេត្តពោធិ៍សាត់ ៖ រាត្រី​១​កើត ពេញ​បូរ​មី ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ដឹកនាំ​មន្ត្រីរាជការ សមាជិកា​សាខាសមាគម​នារី​ខេត្ត និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ប្រារព្ធ​ពិធី​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ព្រមទាំង​អុជ​កាំជ្រួច បង្ហោះគោម និង​ប្រគុំ​តន្ត្រី នៅ​លើ​បូ​រី​វប្បធម៌​កោះ​សំពៅ​មាស ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ជាតិខ្មែរ​យើង ។

លោក ខូ​យ រី​ដា បានឱ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​ធ្វើ​ព្រម​គ្នា​ជាមួយនឹង​ពិធី​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ជា​មរតក​វប្បធម៌​ដូនតា​ខ្មែរ​សុទ្ធសាធ ។ ជា​រៀង​រាល់​ឆ្នាំ​ប្រជាពលរដ្ឋ​ខ្មែរ តែងតែ​ប្រារព្ធ​ពិធី​នេះ នៅ​ថ្ងៃ​ទី​១៤, ១៥​កើត និង​១​រោ​ជ ខែ​ក​ក្ដិក ដែល​មាន​រយៈពេល​បី​ថ្ងៃ ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ និង​ទឹកភ្លៀង ទៅ​តាម​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​, អភិរក្ស​វប្បធម៌​ប្រពៃណី​យ​ខ្មែរ​ពី​ដូនតា​, បង្ហាញ​ពី​ភោគផល​ដំណាំ​ដាំ​ដុះ របស់​ប្រជា​កសិករ និង​បង្ហាញ​ពី​ការ​រីក​ចម្រើន​លូតលាស់​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​កសិកម្ម ។

លោក​បាន​បន្ថែម​ថា នា​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​ដែរ នៅ​ចំណុច​ខាងលើ​ស្ពាន​អាកាស ត្រើយ​ខាងលិច​ស្ទឹង​ពោធិ៍សាត់ យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំងទូក​«​ង​» ខ្នាត​អន្តរជាតិ លក្ខណៈ​មិត្តភាព សាមគ្គីភាព ក្រោម​ម្លប់​សន្តិភាព គឺ​ដើម្បី​ដកស្រង់​បច្ចេកទេស និង​បទ​ពិសោធន៍ និង​ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​គ្រប់​មជ្ឈដ្ឋាន​ក៏​ដូច​ជា ភ្ញៀវ​ជាតិ និង​អន្តរជាតិ នា​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំ បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ។

សូម​បញ្ជាក់​ថា ថ្ងៃ​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​លើ​កោះ​សំពៅ​មាស​ឆ្នាំ​នេះ មាន​រៀបចំ​គ្រឿងរ​ន្តា​ប់ បុសបុក ទៅ​តាម​ទម្លាប់​ព្រះពុទ្ធ​សាសនា និង​ព្រហ្មញសាសនា ព្រមទាំង​មាន​ជូន​ភ្ជាប់​ទស្សនីយភាព សម្តែង​របាំ​ជូនពរ​, ពិធី​ក្រុង​ពិ​លី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​, ពិធី​អុជ​ទៀន​ធូប​ថ្វាយ​ព្រះ​រតនៈត្រៃ និង​បារមី​គ្រប់​ទិស​ទី​, ពិធី​ប្រកាសទេវតា បារមី​គ្រប់​ទិស​ទី​, ពិធី​លើក​ដ​ង្វា​យ​ថ្វាយ​ព្រះ​ខែ​, ពិធី​សម្រក់​ទៀនជ័យ តាម​ក្រុង ស្រុក​ទាំង​៧, ពិធី​ដាល់អំបុក​ជា​និម្មិតរូប​, ពិធី​អកអំបុក​, ពិធី​បណ្តែតប្រទីប​, ពិធី​អុជ​កាំជ្រួច​, ពិធី​បង្ហោះគោម និង​ការ​ប្រគុំ​តន្ត្រី ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ