ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០៣០ ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និងអនាម័យ​ជនបទ​ឱ្យ​បាន១០០%

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ការ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ឱ្យ​បាន ១០០% នៅ​ឆ្នាំ២០៣០ ។ ក្នុង​ឱកាស​អបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទលើក​ទី១៦ នៅ​ថ្ងៃ​ទី១៣ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ការ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ឱ្យ​បាន ១០០% នៅ​ឆ្នាំ២០៣០ ។ ក្នុង​ឱកាស​អបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទលើក​ទី១៦ នៅ​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើ​សារលិខិត ដែល​មាន​ខ្លឹមសារ​ថា រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ និង​បង្កើន​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​លើកកម្ពស់​អនាម័យ​ជនបទ និង​រួម​គ្នា​ធ្វើ​ឱ្យ​ស្ថានភាព​អនាម័យ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​ដែល​បាន​កំណត់ ក្នុង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ ។

ការ​លើកកម្ពស់​អនាម័យ​ជនបទ​នៅ​តែ​ជា​ការងារ​អាទិភាព​របស់​រាជរដ្ឋាភិបាល ។ ជាក់ស្ដែង យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា សម្រាប់​ការ​កសាង និង​ការ​ការពារ​មាតុភូមិ​ឆ្នាំ ២០២៣-២០២៨ បាន​បញ្ជាក់ យ៉ាង​ច្បាស់​អំពី​ការ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ជនបទ តាម​រយៈ​ការ​កែ​លម្អ​លក្ខខណ្ឌ​នៃ​ការ​រស់នៅ​របស់​សហគមន៍​ជនបទ​ដោយ​ផ្តោត​ជា​សំខាន់​លើ​ការ​ពង្រីក​វិសាលភាព​នៃ​ការ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ឱ្យ​បាន ១០០% នៅ​ឆ្នាំ ២០៣០ ។

អត្រា​នៃ​ការ​ទទួល​បាន​សេវា​អនាម័យ​ជនបទ​មានការ​កើនឡើង​គួរ​ជាទី​មោ​ទ​នៈ ។ គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ រាជធានី ខេត្ត​ទាំង ២៥ នៅ​ទូ​ទាំង​ប្រទេស​សម្រេច​បានការ​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល (ODF) ដែល​ក្នុង​នោះ​មាន​ភូមិ​ចំនួន ១៤ ៥៧៦ ឃុំ​ចំនួន ១ ៦៥២ ស្រុក​ចំនួន ១៦៣ ក្រុង​ចំនួន ៣៣ និង​ខណ្ឌ​ចំនួន ១៤ ដែល​ជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​បន្ថែម​ថ្មី​មួយទៀត​របស់​កម្ពុជា ។ ដោយឡែក​អត្រា​គ្របដណ្ដប់​អនាម័យ​ជនបទ​បាន កើនឡើង​ពី ៩០% នៅ​ឆ្នាំ ២០២៤ ដល់ ៩៥% ក្នុង​ឆ្នាំ ២០២៥ នេះ នឹង​ឱ្យ​សម្រេច​បាន ១០០% នៅ​ឆ្នាំ ២០៣០ ។

សមិទ្ធផល​ដែល​សម្រេច​បាន​នេះ បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា រាជរដ្ឋាភិបាល ភាគី​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ផង​ដែរ បាន​រួម​គ្នា​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ស្រប​តាម​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ​សកម្មភាព និង​យន្តការ​ដែល បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក ។ លទ្ធផល​នេះ​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ការ​ប្រែប្រួល​ជា​វិជ្ជមាន​នូវ​កម្រិត​នៃ​ការ​យល់​ដឹង​អំពី​ការ​ប្រតិបត្តិ​អនាម័យ​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ