រាជធានីភ្នំពេញ ៖ កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឆ្មក់ស្ទាក់ចាប់សាច់បង្កកលួចនាំចូលពីប្រទេសវៀតណាមខុសច្បាប់ តាមច្រករបៀងស្រុកកោះធំ ខេត្តកណ្ដាល ជាង៨តោន ចូលមករាជធានីភ្នំពេញ ដើម្បីចែកចាយបន្ត ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក ហ៊ុន សារ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ប្រតិបត្តិការនេះ បានចាប់រថយន្ត១គ្រឿងម៉ាកHYUNDIA ដឹកសាច់បង្កកចំនួន ៥០២កេស ស្មើនឹង ៨០១៥គីឡូក្រាម(ជាង៨តោន) ។

លោកបញ្ជាក់បន្តថា តាមការសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមានភ្លៅមាន់ និងសាច់គោ ដែលខ្លួនលួចដឹកចេញពីប្រទេសវៀត ណាម តាមច្រករបៀងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ។

ក្រោយធ្វើការឆែកត្រួតពិនិត្យរួច កម្លាំងជំនាញបាននាំយកវត្ថុតាងបទល្មើសខាងលើ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ