រាជធានីភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២បានជាប់ចោទព្យាបាលក្មេងប្រុសអាយុ ៨ខែបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតហើយត្រូវបានក្រុមគ្រួសារកើតទុកមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យនិងស្រាវជ្រាវដើម្បីរកយុត្តិធម៌ឲ្យពួកគាត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី ៧ខែកក្កដាឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យដែលស្ថិតនៅផ្ទះលេខ ៦៤ Lផ្លូវលេខ ២៦៥ភូមិទី ១៣ (សំណង់ ១២)សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ក្មេងប្រុសដែលបានស្លាប់បាត់បង់ជីវិតឈ្មោះវង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ៧និង ៥០នាទីព្រឹក ថ្ងៃទី ៧ខែកក្កដាឆ្នាំ២០២៥ នៅមន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់ ១២។
តាមព័ត៌មានឱ្យដឹងថា ក្មេងប្រុសខាងលើមានជំងឺគ្រុនឈាមហើយបានទៅសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់ ១២ កាលពីថ្ងៃទី៥ ខែកក្កដាឆ្នាំ ២០២៥បន្ទាប់ពីក្មេងប្រុសក្តៅខ្លួន ។ នៅពេលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើស្ថានភាពក្មេងប្រុសកាន់តែធ្ងន់ធ្ងរទៅ ហើយនៅព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥ ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ។ ដោយសារស្ថានភាពធ្ងន់ធ្ងរជ្រុលហួសទៅហើយ គ្រូពេទ្យមិនអាចជួយបាន ហើយក្មេងប្រុសក៏បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង ៧ និង ៥០នាទីព្រឹក។
តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីកូនប្រុសជាទីស្រឡាញ់បានដាច់ខ្យល់ស្លាប់ក្រុមគ្រួសារមានប្រតិកម្មយ៉ាងខ្លាំងហើយទ្រហោយំ ហើយបានចោទប្រកាន់មកលើគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់ ១២ថា មានការធ្វេស ប្រហែសមិនយកចិត្តទុកដាក់ទុកបណ្ដោយឲ្យកូនរបស់គាត់រហូតដល់ធ្ងន់ធ្ងរបាត់បង់ជីវិតហើយប្តឹង សមត្ថកិច្ចក៏ដូចជាមន្ត្រី ពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ដើម្បីឲ្យជួយរកយុត្តិធម៌ព្រមទាំងបីកូនជាទីស្រឡាញ់របស់គាត់ទៅដល់មន្ទីរពេទ្យតែម្ដង។
នៅព្រឹកនោះមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏ដូចជានគរបាលមូលដ្ឋាននិងនគរបាលជំនាញក៏ចុះទៅត្រួតពិនិត្យ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់ ១២។
ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា ការស្លាប់របស់ក្មេងប្រុសរូបនោះបណ្ដាលមកពីការធ្វើប្រហែសរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខាងលើឬយ៉ាងណានោះទេរហូតដល់វេលារសៀល សមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យសព។គេពុំដឹងថា ក្រុមគ្រួសារក្មេងប្រុសរងគ្រោះបានដាក់ពាក្យបណ្ដឹងមន្ទីរពេទ្យទៅកាន់តុលាការឬយ៉ាងណានោះទេ។
ទាក់ទិនការចោទប្រកាន់នេះគ្រូពេទ្យ គ្លីនិកខាងលើបានឱ្យអ្នកសារព័ត៌មានដឹងថា រង់ចាំមន្ត្រីជំនាញត្រួតពិនិត្យសិន បើសិនឪពុកម្ដាយឬអាណាព្យាបាលក្មេងយល់ថាការព្យាបាលរបស់គ្រូពេទ្យមានបញ្ហា ឬមានការផ្វេសប្រហែស ក្រុមគ្រួសារអាចប្តឹងទៅតុលាការបាន ។
បន្ទាប់ពីធ្វើការត្រួតពិនិត្យ និងប្រមូលព័ត៌មាន បាន លិខិតពិនិត្យឈាមរបស់មន្ទីរសម្រាកព្យាបាលជម្ងឺមេត្តាសំណង់១២ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ក្មេងប្រុស ស្លាប់ដោយជម្ងឺគ្រុនឈាម ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕







ចែករំលែកព័តមាននេះ