ទីក្រុងកៀវ៖ អ៊ុយក្រែនថាខ្លួនវាយប្រហារស្ថានីយបូមប្រេងរបស់រុស្ស៊ីនៅតំបន់ប្រ៊ីយ៉ង់ (Bryansk)។ មេបញ្ជាការកងទ័ពដ្រូន ឧត្ដមសេនីយ៍រ៉ូបឺត ប្រូវឌី (Robert Brovdi) បានបង្ហោះវីឌីអូនៅលើយូធូបបង្ហាញទីតាំងដែលរងការវាយប្រហារនោះឆេះយ៉ាងសន្ធោសន្ធៅ។ ស៊ីទែនស្តុកទុកប្រេងជាច្រើនក៏ត្រូវឆេះផងដែរ។ កាលបរិច្ឆេទនៃការវាយប្រហារនេះត្រូវបានបញ្ជាក់ថាពិតជាយ៉ាងដូច្នេះមែនតាមរយៈមន្ត្រីផ្លូវការរបស់អ៊ុយក្រែន។ អភិបាលតំបន់ប៊្រីយ៉ង់ក៏ទទួលស្គាល់ថាពិតមានជាការវាយប្រហារមែន។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោកភីថឺ ស៊ីចាតូ (Peter Szijjarto) បានបង្ហោះសារនៅលើហ្វេសប៊ុកថាការបង្ហូរប្រេងឆៅពីរុស្ស៊ីទៅហុងគ្រីកាត់តាមបំពង់បង្ហូរប្រេងដ្រាស់បា (Druzhba) ត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្នក្រោយការវាយប្រហារក្បែរព្រំដែនរុស្ស៊ី និងបេឡារូស។ លោកចាត់ទុកថានេះជាការវាយប្រហារដែលគំរាមកំហែងចំពោះសន្តិសុខថាមពលរបស់ហុងគ្រី។
ស្លូវ៉ាគី និងហុងគ្រីមិនដូចប្រទេសនៅសហភាពអឺរ៉ុបដទៃទៀតទេ។ ប្រទេសទាំង២នៅតែបន្តពឹងផ្អែកទៅថាមពលរបស់រុស្ស៊ី និងដឹកជញ្ជូនតាមបំពង់បង្ហូរប្រេងកាត់តាមបេឡារូស និងអ៊ុយក្រែនជាមុនសិនទើបទៅដល់ហុងគ្រី និងស្លូវ៉ាគី។ នៅដំណាក់កាលចុងក្រោយនេះ អ៊ុយក្រែនបង្កើនការវាយប្រហារទៅលើទីតាំងផលិតថាមពលរបស់រុស្ស៊ី។ ជាពិសេស ទីតាំងដែលអាចរកលុយបានច្រើនៗសម្រាប់រុស្ស៊ីយកទៅធ្វើសង្គ្រាម។
សព្វថ្ងៃនេះ ប្រេងឆៅ និងឧស្ម័នរបស់រុស្ស៊ីមានចំណែក២៥%នៃប្រាក់ចំណូលជាតិសរុបរបស់ប្រទេសនេះ។ ការវាយប្រហារដោយដ្រូនសឹងតែជារៀងរាល់ថ្ងៃទៅលើរោងចក្រចម្រាញ់ប្រេង និងបំពង់បង្ហូរប្រេងធ្វើឱ្យតំបន់ខ្លះខ្វះខាតប្រេងប្រើប្រាស់។ ប៉ុន្តែរុស្ស៊ីក៏បន្តវាយប្រហារទៅលើទីតាំងថាមពលរបស់អ៊ុយក្រែនវិញដែរ។ ដូច្នេះ ទោះបីមានកិច្ចខិតខំប្រឹងប្រែងពីលោកត្រាំដើម្បីឱ្យភាគីទាំង២បញ្ឈប់សង្គ្រាម ប៉ុន្តែពួកគេមិនស្ដាប់ទេ៕
ចែករំលែកព័តមាននេះ