ខេត្តសៀមរាប ៖ គិតមកដល់ពេលនេះ គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់ដោយជោគជ័យ១០០ភាគរយហើយ ដែលការស្ដារស្ទឹងនេះគឺដើម្បីលើកកម្ពស់សោភ័ណភាព កាត់បន្ថយការជន់លិចក្នុងក្រុងសៀមរាប ព្រមទាំងអាចឱ្យកាណូតចូលមកដល់ក្នុងខេត្ត ដើម្បីដឹកជញ្ជូនផលិតផល ឬកសិផលផ្សេងៗ តាមផ្លូវទឹកមួយនេះបានផងដែរ ។

ក្នុងឱកាសប្រគល់-ទទួលទីតាំងស្តារស្ទឹងសៀមរាបជំហានទី២ (KHM-18) នៃគម្រោងឥណទានសម្បទាន និងបដិភាគរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឡើងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥កន្លងទៅ លោក លី សារី អភិបាលរងខេត្ត បានបង្ហាញថា គម្រោងនេះមិនត្រឹមតែលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបប៉ុណ្ណោះទេ ថែមទាំងអាចទាក់ទាញភ្ញៀវទេសចរ និងផ្ដល់កន្លែងសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណបានទៀតផង ។ គម្រោងនេះ ទោះបីជាប្រគល់មកឱ្យរដ្ឋបាលខេត្តគ្រប់គ្រងក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តតាមដាន និងជួយមើលថែមួយឆ្នាំទៀតដែរ ។

លោក លី សារី ក៏បានណែនាំបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវផ្សព្វផ្សាយនិង ទប់ស្កាត់ការជីកកកាយ ឬការសាងសង់សំណង់ផ្សេងៗនៅតាមដងស្ទឹង ។ ការបង្ហូរទឹកចូលក្នុងស្ទឹង ឬការដាំដើមឈើ ក៏ត្រូវតែស្នើសុំមកកាន់រដ្ឋបាលខេត្តជាមុនដែរ ព្រោះគម្រោងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ជំនួយនៅឡើយ ។ ម្យ៉ាងវិញទៀត អាជ្ញាធរមានសមត្ថកិច្ចត្រូវណែនាំដល់ប្រជាពលរដ្ឋ ឱ្យជួយថែរក្សាអនាម័យបរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជាពិសេសពេលដែលពួកគាត់ហាត់ប្រាណនៅតំបន់នោះ ។

លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដៃគូអភិវឌ្ឍន៍របស់កូរ៉េ ដែលបានជួយដល់ការស្តារស្ទឹងសៀមរាបជំហានទី២នេះ បានជោគជ័យតាមផែនការដែលបានគ្រោងទុក ។ ក្នុងឱកាសនោះដែរ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា កន្លងមកក្រុងសៀមរាបតែងតែជួបប្រទះបញ្ហាទឹកជំនន់ជាញឹកញាប់ ដោយសារស្ទឹងសៀមរាបហូរកាត់ក្រុងមានសភាពចាល់ ចំណែកទឹកទន្លេសាបហក់ឡើងខ្ពស់ និងប្រព័ន្ធលូនានា ទឹកហូរមិនទាន់ ។

បន្ទាប់ពីការសាងសង់និងជួសជុលរួចរាល់ ក្រសួងបានផ្ទេរការគ្រប់គ្រងទៅរដ្ឋបាលខេត្ត ហើយក៏បានស្នើឱ្យរដ្ឋបាលខេត្តជួយទប់ស្កាត់ការសង់សំណង់ផ្សេងៗ ដើម្បីរក្សានិងលើក កម្ពស់សោភ័ណភាពដងស្ទឹងសៀមរាបរបស់យើង ឱ្យកាន់តែស្រស់ស្អាត ។ ទន្ទឹមនឹងនេះ យើងក៏ត្រៀមបន្តស្តារស្ទឹងសៀមរាបជំហានទី៣ បន្តពីជំហានទី២ នេះផងដែរ ៕

ចែករំលែកព័តមាននេះ