រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតីស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងយោធភូមិភាគទី១ ថៃ ថ្ងៃសុក្រទី ២២ សីហា ២០២៥ ។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការ សម្តេចបវរធិបតី នៅថ្ងៃ២២ ខែសីហា ឆ្នាំ២០២៥នេះ ។

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) បានបើកិច្ចប្រជុំជាមួយគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការកងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១:១៥នាទីព្រឹក ថ្ងៃដដែល ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញ នៅតាមតំបន់ព្រំដែន ។
ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕



ចែករំលែកព័តមាននេះ