ខេត្តតាកែវ៖ គម្រោងសាងសង់ផ្លូវបេតុង១ខ្សែ ដែលមានប្រវែងជាង១៧០០ម៉ែត្រនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលអនុវត្តដោយក្រុមហ៊ុន ហែម សុខដា សំណង់អភិវឌ្ឍន៍ កំពុងរងការចោទសួរពីសំណាក់មហាជន ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទាក់ ទងនឹងគុណភាព និងការអនុវត្តមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
ផ្លូវបេតុង១ខ្សែនេះ គឺជាគម្រោងមូលនិធិឃុំឆ្នាំ២០២៥ ដែលក្រុមហ៊ុនបានដេញថ្លៃក្នុងតម្លៃ ១៩២ លានរៀល សម្រាប់ប្រវែង ៨០០ ម៉ែត្រ។
ក្រោយការចរចា តម្លៃនេះត្រូវបានពង្រីកដល់ប្រវែងសរុប ១៧១៦ ម៉ែត្រ។ យោងតាមការចុះពិនិត្យផ្ទាល់របស់អ្នកជំនាញបច្ចេកទេសបានលើកឡើងនូវចំណុចគួរឱ្យសង្ស័យមួយចំនួន រួមមាន៖
*ការត្រាស់សេ ដីមិនគ្រប់ម៉ែត្រ÷គេសង្កេតឃើញមានសកម្មភាពកម្មករយកចបកាប់កាយដីបន្ថែម និងពង្រាយដីមកលើថ្មដែលបានចាក់រួច ដែលខុសពីបទដ្ឋានត្រាស់សេបាតក្រោម។
*ការចងដែកមិនត្រឹមត្រូវ÷ ការចងដែកទុកចុងវែងៗពី ២ ទៅ ៣ តឹក ខុសពីបទដ្ឋានបច្ចេកទេសដែលបានលើកឡើងក្នុងសំណើដេញថ្លៃ។
*មុខតំណរបេតុង: មុខតំណរដែលលើកដាក់ភ្ជាប់គ្នាមានគម្លាតវែងរហូតដល់ ២ ទៅ ៣ តឹក និងមិនមានការចងដែកបន្ថែម ខុសពីការកំណត់ក្នុងសៀវភៅបច្ចេកទេសដែលតម្រូវឱ្យដាក់ដែកគងគ្នាត្រឹម ១ តឹក។
*គម្លាតដែកទទឹង: គម្លាតរវាងដែកផ្នែកទទឹងទៅនឹងក្តារពុម្ពមានចម្ងាយឆ្ងាយរហូតដល់ ១ ទៅ ១,៥ តឹក ដែលអាចប៉ះពាល់ដល់រចនាសម្ព័ន្ធផ្លូវ។
ករណីនេះ លោក ឆេង ចន្ថា នាយកទីចាត់ការផែនការវិនិយោគសាលាខេត្តតាកែវ បានឆ្លើយតបថា លោកនឹងចាត់មន្ត្រីបច្ចេកទេសចុះទៅពិនិត្យ និងកែសម្រួលឡើងវិញ។
ប៉ុន្តែមកដល់ពេលនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅមិនទាន់ឃើញមានការផ្លាស់ប្តូរណាមួយស្របតាមបច្ចេកទេសនៅឡើយទេ។ សង្ស័យគេត្រូវគ្នាអស់ហើយ បើមិនជឿទេឱ្យស្បថមើល បើហ៊ាន!…ហេ! ហេ! ។
ដោយសារកង្វល់នេះ មហាជនក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំឱ្យលោក ឆេង ចន្ថា មេត្តាជួយពិនិត្យ មើល និងតាមដានការសាងសង់របស់ក្រុមហ៊ុន ហែម សុដា សំណង់អភិវឌ្ឍន៍ នេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវដែលសាងសង់ឡើងមាន គុណភាព និងអាចប្រើប្រាស់បានយូរអង្វែង ស្របតាមគោលនយោបាយ «អភិក្រមទាំងប្រាំ» របស់រាជរដ្ឋាភិបាល ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ