រាជធានីភ្នំពេញ ៖ កិច្ចកម្ពុជា និងថៃ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន ។

ការប្តេជ្ញានេះនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានឲ្យដឹងថា គណៈប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) បានបើកិច្ចប្រជុំជាមួយគណៈប្រតិភូថៃ ដឹកនាំដោយឧត្តមសេនីយ៍ឯក Amarit Boon-suya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ។

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃដដែល ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន ។

ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្របដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕


ចែករំលែកព័តមាននេះ