ការហាមជក់ ឬបង្ហុយផ្សែងបារីនៅផ្លូវថ្មើរជើងចតុមុខនឹងអនុវត្តចាប់ពីខែកញ្ញាតទៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញ លោក ហួត ហៃ បានបញ្ជាក់ថា ការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅផ្លូវថ្មើរជើងចតុមុខ…
រាជធានីភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញ លោក ហួត ហៃ បានបញ្ជាក់ថា ការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅផ្លូវថ្មើរជើងចតុមុខ…
រាជធានីភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញ លោក ហួត ហៃ បានបញ្ជាក់ថា ការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅផ្លូវថ្មើរជើងចតុមុខ គឺនៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ពោលគឺក្នុងអំឡុងពេលនៃការបើកឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខនេះតែម្តង ហើយនឹងចាប់ផ្តើមអនុវត្តនៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ។
លោក ហួត ហៃ បានថ្លែងឲ្យដឹងបែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅផ្លូវថ្មើរជើងចតុមុខ» ដែលបានប្រារព្ធធ្វើនៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥កន្លងទៅ ។
លោកថ្លែងថា ផ្លូវថ្មើរជើងចតុមុខទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ មកដើរលេងកម្សាន្តយ៉ាងច្រើនកុះករ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី ។
លោកអភិបាលរងរាជធានីភ្នំពេញបញ្ជាក់ថា ដើម្បីឱ្យផ្លូវថ្មើរជើងចតុមុខកាន់តែល្អប្រសើរ ទទួលបានភាពពេញនិយមមួយកម្រិតថែមទៀត រដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមការយកចិត្តទុកដាក់លើការបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសម្អាតអនាម័យបរិស្ថានមួយកម្រិតថែមទៀត ។
ជាងនេះទៅទៀត នៅពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយស្តីពីការអនុវត្តគម្រោង “ពង្រឹងវិធានការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅលើផ្លូវថ្មើរជើងចតុមុខ”នេះថែមទៀត ។
លោក ហួត ហៃ បានបន្ថែមថា ការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់-បារីនៅផ្លូវថ្មើរជើងចតុមុខនេះ ធ្វើឡើងតែនៅរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង១១យប់ ។ ផុតពីថ្ងៃនិងម៉ោងនេះ ពួកគាត់អាចជក់បាន ហើយក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាថ្ងៃហាមនេះដែរ ពួកគាត់ក៏អាចជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់បានដែរ តែការជក់នោះត្រូវចេញឱ្យផុតពីផ្លូវថ្មើរជើងចតុមុខ ដើម្បីកុំឱ្យរំខានគេដោយការបំពុលពីផ្សែងបារីនេះ ។ គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តនៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះហើយ ។
សូមបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅផ្លូវថ្មើរជើងចតុមុខ»នេះ គឺដើម្បីឱ្យបងប្អូនជាអាជីវករ ដែលបាននិងកំពុងធ្វើអាជីវកម្មនៅផ្លូវថ្មើរជើងចតុមុខ បានយល់ដឹងនិងចូលរួម ដើម្បីធ្វើឱ្យគម្រោងនៃការហាមមិនឱ្យជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅផ្លូវថ្មើរជើងចតុមុខនេះ ទទួលបានជោគជ័យ ៕
ចែករំលែកព័តមាននេះ