ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំលៃ​ស្រូវ​កាន់តែ​ធ្លាក់​ចុះ​ងើប​មិន​រួច ​កសិករ​ស្រែក​ថ្ងូរ​ពេញ​ស្រែ​ បើ​ទោះជា​មន្ត្រី​កសិកម្ម​ប្រឹង​ជួយ​ជ្រោ​ម​ជ្រែង​រក​ទីផ្សារ​

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  គេ​មិនឃើញ​មាន​សញ្ញា​ល្អ​សូ​ម្បី​បន្តិច  អំពី​តំលៃ​ស្រូវ​នៅ​លើ​ទីផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ នៅឡើយ​ទេ បើ​ទោះជា​មន្ត្រី​ជំនាញ​កសិកម្ម បាន​ព្យាយាម​ចុះ​សម្រប​ស​ម្រួល​ស្វែងរក​ទីផ្សារ​ឲ្យ​ល្អ​ប្រសើរ​ជាង​នេះ​ក្ដី​ ។  ផ្ទុយ​ទៅ​វិញ តំលៃ​ស្រូវ​ស្រ​ង៉ែ…

ខេត្តបាត់ដំបង​ ៖  គេ​មិនឃើញ​មាន​សញ្ញា​ល្អ​សូ​ម្បី​បន្តិច  អំពី​តំលៃ​ស្រូវ​នៅ​លើ​ទីផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ នៅឡើយ​ទេ បើ​ទោះជា​មន្ត្រី​ជំនាញ​កសិកម្ម បាន​ព្យាយាម​ចុះ​សម្រប​ស​ម្រួល​ស្វែងរក​ទីផ្សារ​ឲ្យ​ល្អ​ប្រសើរ​ជាង​នេះ​ក្ដី​ ។ 

ផ្ទុយ​ទៅ​វិញ តំលៃ​ស្រូវ​ស្រ​ង៉ែ ដែល​កសិករ​កំពុង​ប្រមូល​ផល​សព្វថ្ងៃ  ពួក​ឈ្មួញ​ទិញ​ក្នុង​តំលៃ​​កាន់តែ​ថោក​ងើប​មិន​រួច នាំ​ឲ្យ​កសិករ​ភាគច្រើន​ស្រែកថ្ងូរ​ពេញ​ស្រែ គ្មាន​ដំណោះស្រាយ​​ឡើយ ​។

​ការ​ធ្លាក់​ដាំ​ក្បាល​ចុះ​ងើប​មិន​រួច​នៃ​តំលៃ​ស្រូវ​ «​ស្រ​ង៉ែ​»​ក្នុង​ពេល​នេះ  ត្រូវ​បាន​មន្ត្រី​កសិកម្ម បង្ហាញ​ពី​មូលហេតុ​នៃ​តំលៃ​អង្ករ​ដែល​កំពុង​ធ្លាក់​ចុះ​ដែរនៅ​លើ​ទីផ្សារ​អន្តរជាតិ​ ។ ជា​ពិសេស​ ប្រទេស​ជិតខាង​កម្ពុ​ជាមួយ​ចំនួន ដែល​ធ្លាប់​ទ​ទួល​ទិញ​ប្រភេទ​ស្រូវ​«​ស្រ​ង៉ែ​»​ពី​កម្ពុជា​ត្រូវ​បាន​ផ្ទា​ក់​ទិញ​ចូល​ ។  នេះ​ជា​ហេតុផល​ខ្លះ​ៗ ដែល​នាំ​ឲ្យ​តំលៃ​ស្រូវ​ធ្លាក់​ចុះ ធ្វើ​ឲ្យ​កសិករ​ដ៏​កំសត់​នៃ​អ្នក​ខេត្តបាត់ដំបង​ស្រែកថ្ងូរ​ពេញ​ស្រែ​ ។

​កសិករ​មួយ​ចំនួន​នៅ​ស្រុក​បាណ​ន់​បាន​លើក​ឡើង​ថា កាល​ចាប់ផ្ដើម​ប្រមូល​ផល​ស្រូវ«​ស្រ​ង៉ែ​»​ដំបូង​ៗ  ហាក់​លក់​បាន​តំលៃ​ល្អ​គួរ​សម ចន្លោះ​ពី​៨០០​រៀល ទៅ​៩០០​រៀល ក្នុង​មួយ​គីឡូក្រាម​ ។ ប៉ុន្តែ​ក្រោយ​ៗ​មក  នៅ​ពេល​កសិករ​ចុះ​ច្រូតកាត់​កាន់តែ​ច្រើន  តំលៃ​ស្រូវ​កាន់តែ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ រហូត​ដល់​បច្ចុប្បន្ន​នេះ​ ឈ្មួញកណ្ដាល​ទិញ​ទម្លាក់​ថ្ងៃ​សល់​ត្រឹម​តែ​៦៥០​រៀល ឬ​៦៧០​រៀល​ក្នុង​មួយ​គីឡូក្រាម (​តាម​តំបន់​) ​។ ​ដោយឡែក ​កសិករ​នៅ​ឯ​ស្រុក​សង្កែ​វិញ​ ក៏​បាន​ស្រែកថ្ងូរ​អំពី​តំលៃ​ស្រូវ​«ស្រ​ង៉ែ​»ដែល​កំពុង​ដាំ​ក្បាល​ចុះ​ហៅ​ស្ទើរ​មិន​ឮ​នេះ​ដូច​គ្នា​ដែរ​ ។

​លោក ប៊ុ​ន សៀង កសិករ​នៅ​ឃុំ​កំពង់​ព្រៀង ដែល​កំពុង​ប្រមូល​ផល​ស្រូវ នៅ​ថ្ងៃ​ទី​២២ សីហា​ នេះ បាន​ត្អូញ​ត្អែ​រ​អំពី​តំលៃ​ស្រូវ​របស់​គាត់ដោយ​បាន​លើក​ឡើង​ដូច្នេះ​ថា «​ប៉ុន្មាន​ថ្ងៃមុន ​ស្រូវ«​ស្រ​ង៉ែ​»ឈ្មួញ​ចុះ​ទិញ​ក្នុង​តំលៃ​ចន្លោះ​ពី​៦៧​ម៉ឺន​ ទៅ​៧០​ម៉ឺន​រៀល ក្នុង​០១​តោន  តែ​ថ្ងៃនេះ​ឈ្មួញកណ្ដាល​ទិញ​ក្នុង​តំលៃ​ត្រឹម​តែ​៦៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​០១​តោន កាន់តែ​ថោក​ទៅ​ៗ​ងើ​ប​មិន​រួច» ​។

​ជុំវិញ​ការ​ធ្លាក់​ថ្លៃ​នៃ​ទីផ្សារ​ស្រូវ «​ស្រ​ង៉ែ​»​ក្នុង​រដូវ​ច្រូតកាត់​នេះ គេ​ឃើញ​អាជ្ញាធរ​មូលដ្ឋាន និងមន្ត្រី​កសិកម្មបាន​ប្រឹងប្រែង​ចុះ​ទៅ​កាន់​តំបន់​នានា ដើម្បី​ជួប​កសិករ​ពន្យល់​ពី​មូលហេតុ មិន​ទៀងទាត់​នៃ​ទីផ្សារ​ស្រូវ​ផង និង​ជួយ​សម្រប​ស​ម្រួល​ស្វែងរក​ទីផ្សារ ក្រែង​បាន​ល្អ​ប្រសើរ​ផង ​។

​ប៉ុន្តែ​យ៉ាងណា   ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង  លោក ឈឹ​ម វ​ជិ​រា ក៏​បាន​ទ​ទួល​ស្គាល់​ដែរ អំពី​ការ​ធ្លាក់​ចុះ​នៃ​តំលៃ​ស្រូវ «ស្រ​ង៉ែ​»នា​ពេល​នេះ​។    លោក ឈឹ​ម វ​ជិ​រា បាន​ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា  តំលៃ​ស្រូវ​ស្រ​ង៉ែ​ពិតជា​ធ្លាក់​ចុះ​ដូច​ការ​លើក​ឡើង​របស់​កសិករ​មែន ហើយ​មាន​កត្តា​ជា​ច្រើនដែល​នាំ​ឲ្យ​មានការ​ធ្លាក់​ចុះ​នេះ​ ។

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រូប​នេះបាន​លើក​បង្ហាញ​ពី​ទីផ្សារ «​អន្តរជាតិ​»​ ​ជា​ចម្បង ​។  លោក​ថា  បច្ចុប្បន្ន​ តំលៃ​អង្ក​រលើ​ទីផ្សារ​អន្តរជាតិ​ក៏​បាន​ធ្លាក់​ចុះ​ ។  រីឯ​ប្រទេស​ជិតខាង​កម្ពុជា​ក៏​នាំ​ចូល​មិន​ទៀង​ទាត់​នៅ​ពេល​នេះ​ ។ ​ដូច្នេះ​សព្វ​ថ្ងៃនេះ ទីផ្សារ​ស្រូវ​ស្រ​ង៉ែ​ប្រទេស​យើង មាន​តែ​នាំ​ចេញ​ទៅ​ប្រទេស​ចិន និង​មួយ​ចំនួន​នាំ​ចេញ​ទៅ​ប្រទេស​អឺរ៉ុប​ ។ 

ដោយឡែក ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ធ្លាប់​ទិញ​ស្រូវ​ស្រ​ង៉ែ​ពី​កម្ពុជា  ពេល​នេះ​ គេ​ទ​ទួល​ទិញ​តែ​ប្រភេទ​ស្រូវ​ក្រអូប​តែ​ប៉ុណ្ណោះ​ ។ ​បើ​និយាយ​ពី​តាម​បណ្ដា​រោង​ម៉ាស៊ីន​ក្នុងស្រុក​យើង​វិញ   បើ​តាម​លោក ឈឹ​ម វ​ជិ​រា បាន​មាន​ប្រសា​សន៍​​ថា  នៅ​តាម​រោង​ម៉ាស៊ីន​ខ្លះ សល់​ស្រូវ​ចាស់​ក្នុង​ស្ដុក​ច្រើន បញ្ចេញ​មិន​ទាន់​អស់​នៅឡើយ  ធ្វើ​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ខ្វះ​ទុន ទើប​មានការ​រារែក​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ចូល​រោង​ម៉ាស៊ីន​ជា​ថ្មី  ហើយ​លោក​ក៏​បាន​ចុះ​ធ្វើការ​សម្រប​ស​ម្រួល​ជាមួយ​ម្ចាស់់​រោង​ម៉ាស៊ីន​នានា​នៅ​ក្នុង​ខេត្ត ដើម្បី​ជួយ​ប្រមូល​ទិញ​ចូល​ដែរ ជា​ការ​ជួ​យស​ម្រួល​ដល់​កសិករ​ដែល​កំពុង​ប្រមូល​ផល​ស្រូវ​ ។

​បើ​តាម​លោក​ឈឹ​ម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្មបាន​បញ្ជាក់​ថា  បច្ចុប្បន្ន​នេះ ​នៅ​ក្នុង​ខេត្តបាត់ដំបង កសិករ​បាន​ធ្វើ​ស្រូវ​«ស្រ​ង៉ែ​»​លើ​ផ្ទៃដី​ប្រមាណ​១៤៨,០០០​ហិច​តា​ ។ ប៉ុន្តែ​កសិករ​បាន​​និង​កំពុង​ប្រមូល​​ផល​អស់​ប្រហែល​៧០%​ហើយ​ ។  ប៉ុន្តែ​យ៉ាងណា ទាំង​ក្រសួងកសិកម្ម ទាំង​មន្ទីរ​កសិកម្ម​ខេត្ត នៅ​តែ​បន្ត​ធ្វើការ​សម្រប​ស​ម្រូ​ល​ជាមួយ​តាម​បណ្ដា​ម្ចាស់​រោង​ម៉ាស៊ីន​នានា​ តាម​គ្រប់​មធ្យោ​បាយ​​ដើម្បី​ជួយ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ឲ្យ​អស់ ទោះ​ក្នុង​តំលៃ​ថោក ឬថ្លៃ​ក្ដី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ