ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើត្រកូលស៊ី​ណា​វ៉ា​ត្រា អាច​ឆ្លង​ផុត​ព្យុះ​ភ្លៀង​ផ្នែក​ច្បាប់​ ដើម្បី​បន្ត​ធ្វើ​នយោបាយ​ឬទេ?

6 ម៉ោង មុន

លោក​ថា​ក់​ស៊ី​ន​បាន​ឆ្លង​ផុត​រឿង​ក្តី​ប្រមាថ​ព្រះមហាក្សត្រ ប៉ុន្តែ​តើ​ត្រកូល​ថា​ក់​ស៊ី​ន​អាច​ឆ្លង​ផុត​ព្យុះ​ភ្លៀង​ច្បាប់​ ដើម្បី​បន្តជីវិត​នយោបាយ​ដែរ​ឬទេ? គ្រួសារ​មហាសេដ្ឋី​របស់​ប្រទេស​ថៃ ស៊ី​ណា​វ៉ា​ត្រា ត្រូវ​បាន​គេ​អះអាង​ថា បាន​កំពុង​ត្រៀមខ្លួន​​សម្រាប់​ទទួល​នូវ​ការ​សម្រេចចិត្ត​របស់​តុលាការ​ធម្មនុញ្ញ ដែល​ជា​សាលក្រម​ដែល​មាន​អំណាច ​និង​ឥទ្ធិពល​អាច​បញ្ចប់​អាជីព​នយោបាយ​ត្រកូល​នេះ​បាន ​។…

លោក​ថា​ក់​ស៊ី​ន​បាន​ឆ្លង​ផុត​រឿង​ក្តី​ប្រមាថ​ព្រះមហាក្សត្រ ប៉ុន្តែ​តើ​ត្រកូល​ថា​ក់​ស៊ី​ន​អាច​ឆ្លង​ផុត​ព្យុះ​ភ្លៀង​ច្បាប់​ ដើម្បី​បន្តជីវិត​នយោបាយ​ដែរ​ឬទេ?

គ្រួសារ​មហាសេដ្ឋី​របស់​ប្រទេស​ថៃ ស៊ី​ណា​វ៉ា​ត្រា ត្រូវ​បាន​គេ​អះអាង​ថា បាន​កំពុង​ត្រៀមខ្លួន​​សម្រាប់​ទទួល​នូវ​ការ​សម្រេចចិត្ត​របស់​តុលាការ​ធម្មនុញ្ញ ដែល​ជា​សាលក្រម​ដែល​មាន​អំណាច ​
និង​ឥទ្ធិពល​អាច​បញ្ចប់​អាជីព​នយោបាយ​ត្រកូល​នេះ​បាន ​។

បច្ចុប្បន្ន​នេះ ទាំង​ជោគវាសនា​ និង​អនាគត​របស់​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ដែល​ជា​ឪពុក និង​លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា ដែល​ជា​កូនស្រី គឺ​សុទ្ធតែ​ស្ថិត​នៅ​ក្នុងកណ្តាប់ដៃ​អ្នក​ច្បាប់ ដែល​ពី​មុន​ស្ថាប័ន​នេះ​ធ្លាប់​បាន​ពិឃាត​អាជីព​នយោបាយ​របស់​បុគ្គល​នៅ​ក្រោម​ស្រមោល​របស់​លោក​ជា​ច្រើន​រូប​រួច​មក​ហើយ ​ចាប់តាំងពី​លោក​ត្រូវ​ខ្ទាត​ពី​អំណាច​​នា​ឆ្នាំ​២០០៦​មក​នោះ ។ 

សន្តតិវង្ស​នយោបាយ ស៊ី​ណា​វ៉ា​ត្រា ដើរតួ​នាទី​នយោបាយ​យ៉ាង​សំខាន់​នៅ​ប្រទេស​ថៃ  ហើយ​ក៏​ជា​ចំណុច​ស្នូល​នៃ​ភាព​ចលាចល​មិន​ឈប់​ឈ​នៅ​ក្នុង​ប្រទេស​ថៃរ​រយៈពេល​២​ទសវត្សរ៍ អាច​នឹង​ស្រអាប់ ហើយ​ក៏​អាច​ជា​ការ​ប្រយុទ្ធ​ចុង​ក្រោយ​បំផុត​របស់​ត្រកូល​នេះ  ដោយសារ​តែ​សេចក្តីសម្រេចដែល​អាច​ដក​តំណែង​នាយក​រដ្ឋមន្ត្រី​ផៃ​ថង​ថា​ន ​។

មក​ដល់​ពេល​នេះ បញ្ហា​បណ្តឹង​តុលាការ​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​ត្រកូល​ថា​ក់​ស៊ី​ន ដែល​មាន​បី​រឿង​នេះ គឺ​សុទ្ធតែ​ជា​បញ្ហា​ដែល​អាច​ឲ្យ​អាជីព​ន​យោបាយ​របស់​អ្នក​ទាំង​ពីរ​ប្រឈម នឹង​ការ​បញ្ចប់ ។

បទចោទប្រកាន់​១​ នៅ​ក្នុង​ចំណោម​បទចោទប្រកាន់​បី ដែល​អាច​នឹង​អោយ​លោកស្រី ផៃ​ថង​ថា​ន អាយុ​៣៩​ឆ្នាំ ត្រូវ​អស់តំណែង នាយក​រដ្ឋមន្ត្រី ហើយ​លោក​ថា​ក់​ស៊ី​ន ដែល​មាន​អាយុ​៧៦​ឆ្នាំ ដែល​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ពី​ក្រោយ​រដ្ឋាភិបាលចម្រុះ​ថៃ​វិល​ត្រឡប់​ទៅ​រក​ពន្ធនាគារ​ត្រូវ​ជម្រះ​មួយ​ករណី​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​។

សាលក្រម​តុលាការ​លើ​លោក​ថា​ក់​ស៊ី​ន ពាក់ព័ន្ធ​នឹង​ពិរុទ្ធភាព​របស់​លោក​អំឡុង​កិច្ច​សម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ឆ្នាំ​២០១៥​ ថា  បាន​ប្រមាថ​ដល់​រាជាធិបតេយ្យ​ដ៏​​មាន​ឥទ្ធិពល ដែល​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ថៃ ពោល​គឺ​អាច​ជាប់​ពន្ធនាគារ​
រយៈពេល​ដល់​ទៅ​១៥​ឆ្នាំ ត្រូវ​បាន​តុលាការ​ថា ជម្រះបញ្ជី​ហើយ​។

សាលក្រម​ព្រឹក​នេះ​បញ្ជាក់​ថា លោក​មិន​បាន​ប្រមាថ​មហាក្សត្រ​ និង​រាជា​និយម​ថៃ​ទេ ប៉ុន្តែ ក្រៅពី​នោះ លោក​នៅ​ប្រឈម​បទ​ចោទ​មួយទៀត ពាក់ព័ន្ធ​នឹង​ពិរុទ្ធភាព បោកប្រាស់​ពលរដ្ឋ កាលពី​ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​ការ​គេច​ពី​ការ​ជាប់​ពន្ធនាគារ​មក​នៅ​បន្ទប់​មន្ទីរពេទ្យ​ប៉ូ​លិស​លំដាប់​ពិសេស ។

អ្នកវិភាគ​បាន​លើក​ឡើង​ថា រឿង​ក្តីក្តាំ​ពីរ​ករណី​នៅ​សល់​លើ​ត្រកូល​នេះ គឺ​សុទ្ធតែ​ជះ​ឥទ្ធិពល​ដល់​អាជីព​នយោបាយ ។

មក​ដល់​ពេល​នេះ ​រដ្ឋាភិបាលចម្រុះ​ដឹកនាំ​ដោយ​ភឿ​ថៃ​កំពុង​តែ​រង្គោះរង្គើរ ហើយ​បើ​លទ្ធផល​តុលាការ​អវិជ្ជមាន​នោះ​រដ្ឋាភិបាល​នេះ​​នឹង​ដួល​រលំ ឬ​នៅ​ត្រឹម​ជា​រដ្ឋាភិបាលចាំផ្ទះ ។​

សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកលវិទ្យាល័យ ធ​ម្មា​សាត ( Thammasat) លោក ព្រីង​យ៉ា ធី​វ៉ា​ណា​រូ​មី​គុល ( Prinya Thaewanarumitkul) បាន​និយាយ​ប្រាប់​សារព័ត៌មាន​បរទេស​ថា លោក​ជឿ​ថា​ ការ​បោះ​ឆ្នោត​ថ្មី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៦ ឬ​ប្រហែលជា​ឆាប់​ៗ​នេះ  ហើយ​លោក​ជឿ​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ ឱកាស​ដែល​គណបក្ស​ភឿ​ថៃ​អាច​ទទួល​បាន​សំឡេង​ប្រជាប្រិយភាព​គឺ​លែង​ទំនង​ហើយ ។

តាម​ការ​ចុះ​ផ្សាយ​ដោយ​រ៉​យ​ទ័​រ អ្នកនាំពាក្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តីសម្រេច​របស់​តុលាការ​នា​ពេល​ខាង​មុខ​ទេ​។ សរុប​ទៅ សូម​បន្ត​តាមដាន​ដំណើរ​វិវត្តន៍​ទៅ​មុខ​ទៀត ពីព្រោះ​សាលក្រម​នៃ​ការ​សម្រេចចិត្ត​គឺ នឹង​ចេញ​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​សុក្រ​នេះ​តទៅ រហូត​ដល់​រង្វង់​ខែកញ្ញា ប៉ុន្តែ​កុំ​ភ្លេច​ថា តុលាការ​ធម្មនុញ្ញ​ថៃ គឺ​បាន​ពិឃាត​អាជីព​នយោបាយ​របស់​នាយក​រដ្ឋមន្ត្រី​ក្រោម​ស្រមោល លោក​ថា​ក់​ស៊ី​ន គឺ​ចំនួន​៤​រូប​រួច​មក​
ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ