ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប​បេក្ខជន​នៃ​ខេត្តឧត្តរមានជ័យ​និង​ខេត្តព្រះវិហារ​នឹង​ទទួល​បាន​នូវ​វិធានការ​គាំទ្រ​ជា​ពិសេស

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​២៨ សីហា…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​២៨ សីហា ២០២៥ ខាង​មុខ ចំពោះ​បេក្ខជន​នៃ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ដែល​ជា​ខេត្ត​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​ឈ្លានពាន​របស់​ថៃ​នឹង​ទទួល​បាន​នូវ​វិធានការ​គាំទ្រ​ជា​ពិសេស​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ថែម​ពីលើ​អ្វី​ដែល​ក្រសួង​បាន​រៀបចំ​រួច​ហើយ​នោះ ។

ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​៖ ២៨ សីហា ២០២៥ នៅ​ទីស្តីការក្រសួង នា​រសៀល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ ។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​គូសបញ្ជាក់​ថា ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ សម្រាប់​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​ឆ្នាំ​នេះ គឺ​មិន​អាច​រៀប​ចំការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដូច​រៀង​រាល់​ឆ្នាំ​បាន​ទេ ដោយ​ខេត្តព្រះវិហារ​នឹង​ត្រូវ​ប្រឡង​នៅ​ទី​រួម​ខេត្តព្រះវិហារ ដែល​មាន​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​ថៃ មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១៩១៣​នាក់ ។

ចំណែក​បេក្ខជន​ខេត្តឧត្តរមានជ័យ​មាន​ដែល​មាន​ចំនួន​១៧៧២​នាក់​នឹង​ត្រូវ​ប្រឡង​នៅ​ស្រុក​ពួក ខេត្តសៀមរាប ក្នុង​នោះ សម្រាប់​បេក្ខជន​នៃ​ខេត្តព្រះវិហារ​នឹង​ទទួល​បានការ​ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រាប់​ការ​ស្នាក់​នៅ និង​ការ​ហូប​ចុក​ម្នាក់​ៗ៥​ម៉ឺន​រៀល និង​មី​ចំនួន​៦​កញ្ចប់ សម្រាប់​រយៈពេល​២​ថ្ងៃ ។

ដោយឡែក ចំពោះ​បេក្ខជន​ខេត្តឧត្តរមានជ័យ​នឹង​ទទួល​បានការ​ឧបត្ថម្ភ​ម្នាក់​ៗ១០​ម៉ឺន​រៀល និង​មី​៦​កញ្ចប់​សម្រាប់​រយៈពេល​២​ថ្ងៃ ហើយ​ថា ចំពោះ​បេក្ខជន​នៃ​ខេត្ត​ទាំង​ពីរ​នេះ ក្រសួង​បាន​យកចិត្តទុកដាក់​ជាទី​បំផុត ព្រោះ​ពួក​គេ​ពុំ​សូវ​បាន​រៀនសូត្រ​ពេញលេញ​ដូច​បណ្តា​ខេត្ត​ក្រុង​ដទៃ​ទៀត​ទេ ។

សូម​ជម្រាប​ជូន​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ មាន​បេក្ខជន​ចុះ​ឈ្មោះ​ចំនួន​១៤៦០០០​នាក់ ក្នុង​នោះ ស្រី​ចំនួន​៨១០០០​នាក់ ។ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​ជាង​៩០០០០​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន​ជាង​១០០០០០​នាក់ ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់​ឱ្យ​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង​ឱ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស មិន​ត្រូវ​លាក់​ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​គ្រប់​ប្រភេទ​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជា​ដាច់ខាត​។ ក្នុង​ករណី​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​បេក្ខជន​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ