កាយសម្ព័ន្ធ​អំពាវនាវ​ឱ្យ​ក្មេង​ៗ​ចាប់​អារម្មណ៍​​​លើ​កីឡា​មួយ​នេះ


រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២៣ កាន់តែ​រំកិល​មក​ដល់​បន្តិច​ម្ដង​ៗ​ហើយ ដោយ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ អះអាង​ថា ខ្លួន​កំពុង​ពង្រឹងកម្លាំង​គ្រប់គ្រាន់​ផង​ដែរ ។ យ៉ាងណាមិញ សហព័ន្ធ​បាន​អះអាង​ថា ខ្លួន​ត្រូវការ​បណ្ដុះបណ្ដាល​ធនធាន​ថ្មី​បម្រុង​ទុក និង​ស្នើ​ឱ្យ​យុវវ័យ​ចាប់អារម្មណ៍​ចូលខ្លួន​ហ្វឹកហាត់​ក្នុង​ជំនាញ​នេះ​ឱ្យ​បាន​ច្រើន ដោយសារ​ជាក់ស្ដែង បើ​ទោះជា​សហព័ន្ធ​មាន​ធនធាន​គ្រប់គ្រាន់ ក៏​នៅ​ត្រូវការ​ធនធាន​ថ្មី​ៗ​បន្ត​ជំហាន​។

យោង​តាម​ការ​លើក​ឡើង​របស់​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​អះអាង​ថា សហព័ន្ធ​ទាំងមូល បាន​ត្រៀមខ្លួន​ច្រើន​ណាស់​មិនមែន​ស្ងាត់​ទេ ដោយ​ត្រូវ​ពង្រឹង​ទាំង​កីឡាករ និង​ក្រុម​គ្រូបង្វឹក ។ លោក ថា សហព័ន្ធ​ក្រៅពី​បាន​បញ្ជូន​កីឡាករ​មួយ​រូប​ទៅ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​នៅ​ប្រទេស​ចិន រយៈពេល​៤​ខែ​នា​ពេល​កន្លង​មក ក៏​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ជា​ដៃគូ​ផ្សេង​ទៀត​មិនសូវ​ដាច់​នោះ​ផង ។ កីឡា​កាយសម្ព័ន្ធ មិន​បាន​ធ្វេសប្រហែស​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ពេល​ខាង​មុខ និង​នៅ​ស៊ី​ហ្គេ​ម​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២៣​នោះ​ទេ គឺ​កាន់តែ​បាន​ពង្រឹង​សមត្ថភាព​ខ្លាំង​ឡើង​ដើម្បី​កេរ្តិ៍ឈ្មោះ​។

ជាក់ស្ដែង ការ​បញ្ជូន​កីឡាករ​ដែល​មាន​សមត្ថភាព​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​មិន​ដែល​ដាច់​ទេ ដើម្បី​ទៅ​ដក​ស្រង់​យក​បទ​ពិសោធន៍​ពី​ការ​ប្រកួត​អន្តរជាតិ យក​មក​បណ្ដុះបណ្ដាល​ដល់​កីឡាករ​នៅ​ក្នុង​ប្រទេស ។ លោក​ថា នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​កីឡា​ជាតិ​២​លើក​កន្លង​មក សហព័ន្ធ​ជម្រើស​បាន​ជើង​ខ្លាំង​ក្មេង​ៗ​កាន់តែ​ច្រើន តែ​មិន​ទាន់​ច្បាស់​ថា​ពួក​គេ​នឹង​ក្លាយជា​ទ័ពស្រួច​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​របស់​កម្ពុជា​នោះ​ទេ តែ​មាន​ន័យ​ថា សហព័ន្ធ​មានការ​បម្រុង​ទុក​ច្បាស់លាស់ ។

លោក​បន្ត​ថា សហព័ន្ធ​កំពុង​បង្កើន​ការ​ហ្វឹកហាត់​កីឡាករ​កីឡាការិនី​ក្មេង​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឱ្យ​សមាស​ភាព​កីឡាករ​ទាំងនោះ អាច​ចូល​ប្រកួត​បាន​កាន់តែ​ល្អ ហើយ​អាច​ក្លាយជា​ធនធាន​ពិតប្រាកដ​របស់​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣ ។ លោក​ថា កម្ពុជា​នឹង​សម្រាំង​យក​កីឡាករ​ឱ្យ​បាន​ល្អ​ពី​ការ​បង្វឹក​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សហព័ន្ធ​ដែល​ជ្រើស​ចេញពី​ព្រឹត្តិការណ៍​កីឡា​ជាតិ​មុន​នេះ ដោយ​លោក​ប្រកាស​ថា​សុទ្ធតែ​ជា​ធនធាន​អ្នក​ប្រកួត​ដែល​មាន​សមត្ថ​ភាព និង​ជា​ជើង​ខ្លាំង​របស់​កម្ពុជា​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ។

បើ​ទោះជា​វិញ្ញាសា​កាយសម្ព័ន្ធ​មិនមែន​ជា​វិញ្ញាសា​ដើម​របស់​កម្ពុជា តែ​លោក​ប្រកាស​ថា​មិន​បាន​ធ្វេស​ប្រហែស​ក្នុង​ការ​បំប៉ន​អ្នកមាន​សមត្ថភាព​ដើម្បី​ដណ្ដើម​យក​មេដាយ​នៅ​ឆ្នាំ​២០២៣​នោះ​ទេ ដើម្បី​កុំឱ្យ​បាក់មុខ​សហព័ន្ធ ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ លោក​ប្រកាស​ត្រៀម​បង្វឹក​កីឡាករ​កីឡាការិនី​កាយ​សម្ព័ន្ធ​ច្រើន​នាក់ ដើម្បី​ឱ្យ​ក្លាយជា​ធនធាន​របស់​កម្ពុជា ក្រោយ​ពី​ការ​ប្រកួត​កីឡា​ជាតិ​មួយ​លើក​ទៀត​ត្រូវ​បាន​បញ្ចប់ ។ យ៉ាងណាមិញ លោក​ថា សហព័ន្ធ​កំពុង​មាន​បញ្ហា​រឿង​ខ្វះ​ធនធាន​ក្មេង​ជា​កម្លាំង​ស្នូល​ថ្មី ដោយសារ​តែ​ពេល​ជ្រើសរើស​ម្ដង​ៗ​គឺ​មាន​យុវវ័យ​មិន​ច្រើន​ចូលរួម ហើយ​អ្នក​ចូល​ហ្វឹកហាត់​ទៀត​សោត ក៏​តស៊ូ​បាន​តែ​មួយ​រយៈ​ក៏​បោះបង់​វិញ ។ លោក​ស្នើ​ឱ្យ​យុវវ័យ​យកចិត្តទុកដាក់​ជា​ថ្មី ដោយ​មិន​អាច​គ្រាន់តែ​ពឹង​លើ​ធនធាន​ចាស់ ហើយ​ធ្វើ​ព្រងើយ​ៗ​បាន​ឡើយ​។

ជាមួយ​គ្នា​នោះ លោក​អគ្គលេខាធិការ​រូប​នេះ​នៅ​តែ​បង្ហាញ​ពី​ការ​រំពឹង​ថា កម្ពុជា​នឹង​ក្ដោប​ក្ដាប់​មេដាយមាស​សម្រាប់​វិញ្ញាសា​មួយ​ចំនួន​ក្នុង​ការ​ប្រកួត​កាយសម្ព័ន្ធ​លើ​ឆាក​អន្តរជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​នានា ដោយ​លោក​បញ្ជាក់​ថា បើ​ទោះជា​មិន​បាន​មេដាយ​ក្នុង​ពេល​បញ្ជូន​ទៅ​ប្រកួត​នៅ​ប្រទេស​ផ្សេង ក៏​ពិតជា​បាន​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​នោះ​ដែរ ។ លោក​ថា កីឡាករ សំ រី​ម គឺជា​សមាសភាព​របស់​កម្ពុជា ដែល​មាន​សមត្ថភាព ទើប​កម្ពុជា​រមែង​យកចិត្តទុកដាក់​បញ្ជូន​ឱ្យទៅ​ប្រកួត​និង​ហ្វឹកហាត់​នៅ​កម្ពុជា​ជា​ប្រចាំ​ដូច​ជា​ករណី​បញ្ជូន​ឱ្យទៅ​ហាត់​នៅ​ក្រៅប្រទេស​គឺ​ចិន​នៅ​ក្នុង​ពេល​នេះ​។

លោក​សង្ឃឹមថា កីឡាករ​របស់​កម្ពុជា​នឹង​ដណ្តើម​បាន​មេដាយ​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​​ម៉ា​ឡេ​ស៊ី​ជូន​ជាតិ​មាតុភូមិ ព្រោះ​រូបគេ​ជា​កីឡាករ​ម្នាក់​គត់​ដែល​សហព័ន្ធ​គ្រោង​បញ្ជូន​ឲ្យ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា Artistic ក្នុង​ព្រឹត្តិការណ៍​នេះ ។ ក្នុង​នោះ លោក​ឧកញ៉ា សុខ ហុង អនុប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ក៏​ធ្លាប់​បើក​វគ្គ​បំប៉ន​បច្ចេកទេស និង​ជំនាញ​គ្រូបង្វឹក​ផ្នែក​កាយសម្ព័ន្ធ ដែល​រៀបចំ​ដោយ​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក​អន្តរជាតិ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កន្លង​មក​ផង​ដែរ ដែល​សុទ្ធតែ​ជា​ទិស​ដៅ​បណ្តុះ​ធនធាន​គ្រូ​ជំនាញ និង​កីឡាករ​វ័យក្មេង​ដ៏​សំខាន់​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ក្នុង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ប្រភព​ពី​ខាង​សហព័ន្ធ​បញ្ជាក់​ថា កម្ពុជា​នឹង​បណ្ដុះ​គ្រាប់ពូជ​កីឡាករ​កីឡាការិនី​ឱ្យ​បាន​ល្អ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​ក៏​បាន​ចំណាយពេល​បង្វឹក​ពួក​គេ​ឱ្យ​ក្លាយជា​ធនធាន​ល្អ និង​ប្រកបដោយ​សមត្ថភាព​ខ្ពស់​ផង​ដែរ ដោយ​មិនមែន​បណ្ដោយ​ឱ្យ​សហព័ន្ធ​ទាំងមូល​មិន​មាន​កីឡាករ​កីឡាការិនី​ដែល​មាន​កម្រិត​ប្រកួតប្រជែង​នៅ​ក្នុង​សហព័ន្ធ​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ