សហរដ្ឋអាមេរិក-ចិន ៖ ប្រទេសចិនកាលពីថ្ងៃទី២៧មិថុនា បានឆ្លើយតបចំពោះការគំរាមចុងក្រោយទាំងឡាយ របស់សហរដ្ឋអាមេរិកយកពន្ធគយបន្ថែម លើបណ្ដាផលិតផលចិន ដោយស្នើដល់ភាគីអាមេរិកឲ្យយកត្រចៀកស្ដាប់ សំឡេងរបស់សហគមន៍អន្តរជាតិ ដែលប្រឆាំងនឹងលទ្ធិឯកតោនិយម លទ្ធិគាំពារនិយមនិងការសម្លុតគំរាម។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកGENG SHUANGថ្លែងបែបនេះ ក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយនៅក្រុងប៉េកាំង។ យោងតាមព័ត៌មានមួយចំនួនថា ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២៦មិថុនា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនិងចិន បានផ្លាស់ប្ដូរទស្សនៈគ្នាលើចំណុចនានា ស្ដីពីបណ្ដាបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ តាមលោកត្រាំថាភាគីទាំង២អាចឈានដល់កិច្ចព្រមព្រៀងមួយ នាឱកាសនៃកិច្ចប្រជុំកំពូលរបស់G20នៅទីក្រុងអូសាកាជប៉ុន បើមិនដូច្នេះទេសហរដ្ឋអាមេរិកនឹងដាក់ពន្ធគយបន្ថែមចំពោះចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា ចិនប្រកាន់ជានិច្ចនូវជំហរដែលថាជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំង២ ត្រូវដោះស្រាយតាមរយៈការចរចានិងការពិគ្រោះគ្នា ហើយទន្ទឹមនឹងនេះ ចិននឹងការពារដោយមឺុងម៉ាត់បណ្ដាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ ប្រជាជនចិននឹងមិនភ័យខ្លាចចំពោះការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ទាក់ទិននឹងការយកពន្ធបន្ថែម ហើយដាច់ខាតមិនចុះញ៉មចំពោះការគាបសង្កត់ឡើយ។
លោកGENG SHUANGបន្តថា ខ្ញុំចង់គូសបញ្ជាក់ជាថ្មីម្ដងទៀតចំពោះភាគីអាមេរិកថា សង្គ្រាមពាណិជ្ជកម្មនិងការបង្កើនពន្ធបន្ថែមក៏បំផ្លាញបណ្ដាអ្នកដទៃ ហើយវាក៏ប៉ះពាល់ដល់ខ្លួនឯងដែរ និងថាអំពើបែបនោះនឹងនាំឲ្យមានភាពទ័លច្រកក្នុងការដោះស្រាយបណ្ដាបញ្ហា។លោកស្នើដល់សហរដ្ឋអាមេរិកឲ្យស្ដាប់សំឡេងប្រឆាំងចំពោះសង្គ្រាមពាណិជ្ចកម្មនិងការបង្កើនពន្ធបន្ថែមនៅខាងក្នុងប្រទេសខ្លួន និងស្ដាប់សំឡេងប្រឆាំងរបស់សហគមន៍អន្តរជាតិ ចំពោះលទ្ធិឯកតោនិយម គាំពារនិយមនិងការសម្លុតគំរាម។
លោកគូសបញ្ជាក់ថាចិនសង្ឃឹមថាភាគីអាមេរិកអាចបោះជំហានមួយ ក្នុងទិសដៅកាត់បន្ថយការព្រួយបារម្ភរបស់ម្ខាងៗ ហើយសម្រេចបានលទ្ធផលឈ្នះឈ្នះឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ស្មើភាពនិងចំណេញដូចគ្នា។ ទាំងនោះគឺក្នុងផលប្រយោជន៍របស់ប្រទេសទាំង២និងប្រជាជនទាំង២៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ