ប្រទេសទុយនីស៊ី ៖ កាលពីថ្ងៃទី២៧ មិថុនា តាមដងវិថីសំខាន់មួយ នៃទីក្រុងទុយនីសរដ្ឋធានីទុយនីសីុ មានការវាយប្រហារអត្តឃាត២សំដៅលើរថយន្តប៉ូលីស។ ក្រុមរដ្ឋអ៊ិស្លាមបានប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារទាំងនោះដែលសម្លាប់ប៉ូលិសម្នាក់ ហើយមនុស្ស៨នាក់រងរបួស។
ទីភ្នាក់ងារព័ត៌មានឃោសនារបស់ក្រុមរដ្ឋអ៊ិស្លាមAMAQ អះអាងថា ពួកអ្នកវាយប្រហារទាំង២នោះ ប្រឆាំងកងកម្លាំងសន្តិសុខទុយនីស៊ីក្នុងទីក្រុងទុយនីស ជាពួកយុទ្ធជននៃក្រុមរដ្ឋអ៊ិស្លាម។
យោងតាមក្រសួងមហាផ្ទៃទុយនីស៊ីថា នាវេលាម៉ោង១០និង៣០នាទីម៉ោងក្នុងស្រុក ថ្ងៃទី២៧មិថុនាតាមដងវិថីសំខាន់មួយនៃរដ្ឋធានី គឺមហាវិថីHABIB BOURGUIBA ជនអត្តឃាតម្នាក់បានវាយប្រហារ សំដៅរថយន្តប៉ូលិស ដោយសម្លាប់ប៉ូលិសម្នាក់ ហើយជនស៊ីវិល៣នាក់ព្រមទាងប៉ូលិសម្នាក់រងរបួស។ បំណែកសាកសពនៅរាយប៉ាយលើថ្នល់ជុំវិញរថយន្ត។ កន្លះម៉ោងក្រោយមកមានការវាយប្រហារអត្តឃាតទី២ សំដៅប្លុកអគារមួយរបស់កងឆ្មាំជាតិនៅជាយក្រុងទុយនីស បណ្ដាលឲ្យប៉ូលិស៤នាក់រងរបួស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកSOFIENE ZAAQគូសបញ្ជាក់ថា មនុស្សម្នាក់បានបំផ្ទុះគ្រាប់បែកនៅមុខទ្វារក្រោយនៃប្លុកអគារGORJANI មានទីតាំងរបស់កងឆ្មាំជាតិនិងទីតាំងប៉ូលិសតុលាការ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ