ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឈើ​វែង​បត់បែន​គួរ​គាប់​ដើរ​ទស្សនា​ប្រាសាទ​បេង​មាលា

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ សំណង់​ស្ពានឈើ​ខ្វាត់ខ្វែង​នៅ​ប្រាសាទបេង​មាលា​ប្រវែង​២១៥​ម៉ែត្រ (​រាប់​ទាំង​ជណ្តើរ​) ដែល​សង់​ថ្មី​ជំនួស​ស្ពាន​ឈើ​ចាស់ ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន​ខាំ សុ​ម៉េ​ត បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​ខែឧសភា ឆ្នាំ​២០១៩​កន្លង​មកនេះ ។ ស្ពាន​នេះ​បាន​បង្កើត​នូវ​ភាព​ទាក់ទាញ​ជា​ខ្លាំង​ដល់​ទេសចរ​គ្រប់​ជាតិ​សាសន៍​ក្នុង​ការ​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ប្រាសាទ…

ខេត្តសៀមរាប​៖ សំណង់​ស្ពានឈើ​ខ្វាត់ខ្វែង​នៅ​ប្រាសាទបេង​មាលា​ប្រវែង​២១៥​ម៉ែត្រ (​រាប់​ទាំង​ជណ្តើរ​) ដែល​សង់​ថ្មី​ជំនួស​ស្ពាន​ឈើ​ចាស់ ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន​ខាំ សុ​ម៉េ​ត បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​ខែឧសភា ឆ្នាំ​២០១៩​កន្លង​មកនេះ ។ ស្ពាន​នេះ​បាន​បង្កើត​នូវ​ភាព​ទាក់ទាញ​ជា​ខ្លាំង​ដល់​ទេសចរ​គ្រប់​ជាតិ​សាសន៍​ក្នុង​ការ​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ប្រាសាទ និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​ធំ​មួយ​នេះ ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា លោក​បណ្ឌិត​ឈាន រ​ដ្ឋា ប្រធាន​ស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បានឱ្យ​ដឹង​នា​ពេល ថ្មី​ៗ​នេះ​ថា​ភាព​ទាក់ទាញ​នៃ​ប្រាសាទបេង​មាលា គឺ​សំណង់​ស្ថាបត្យកម្ម​ដ៏​មហិមា​រំលេច​ទៅ​ដោយ​ក្បូរ​ក្បាច់រចនា​សម្បូរ​បែប​រួម​ផ្សំ​នឹង​ភាព​សុខដុមរមនា​រវាង​ប្រាសាទ​និង​ធម្មជាតិ​ដែល​រក្សា​នូវ​ភាព​ដើម​របស់​ប្រាសាទ​រួម​នឹង​វត្តមាន​ស្ពានឈើ ដ៏​វែង​ជួយ​សម្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ ។ កត្តា​ទាំងនេះ​ហេី​យ​ដែល​ប្រាសាទ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុង​រដូវ​ភ្ញៀវ​តិច​ពី​១៥០០០​នាក់​ទៅ​៣០០០០​នាក់ និង​រដូវ​ភ្ញៀវ​ច្រើន​ពី​៣០០០០​នាក់​ដល់​ជាង​៤០០០០​នាក់។

ចំណែក​ប្រវត្តិ​នៃ​ស្ពានឈើ​នេះ​វិញ គឺ​បាន​សង់​ឡើង​នៅ​ឆ្នាំ​២០០២​ដោយ​ក្រុមហ៊ុន​ភាពយន្ត​អន្តរជាតិ​មួយ​ដែល​ទទួល​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការ​ថត​រឿង​នៅ​ក្នុង​ប្រាសាទបេង​មាលា ដើម្បី​ងាយស្រួល​ជញ្ជូន​ឧបករណ៍​ថតកុន​ដែល​មាន​ទម្ងន់ ធ្ងន់​ៗ ។ ក្រោយ​បញ្ចប់​ការ​ថត អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថែរក្សា និង​ជួសជុល​ស្ពាន​នេះ​បន្តបន្ទាប់​រហូត​ដល់​សព្វថ្ងៃ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ងាយស្រួល​ក្នុង​ការ​ទស្សនា​ប្រាសាទ ។

លោក​បណ្ឌិតរ​ដ្ឋា បន្ត​ថា ស្ពានឈើ​ក្នុង​ប្រាសាទបេង​មាលា​មាន​ប្រវែង​សរុប​២៩៥​ម៉ែត្រ ធ្លាប់​ធ្វើការ​ជួសជុល​បី​លើក​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​២០០៥ ២០០៨ និង​២០១៥​។ ថ្មី​ៗ​នេះ​ដោយសារ​ស្ពាន​ចាស់​មាន​សភាព​ទ្រុឌទ្រោម ដោយ​កត្តា​អាយុកាល គុណភាព​ឈើ អាកាសធាតុ ធ្វើ​ឱ្យ​ស្ពាន​ពុក​ផុយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ ពិសេស​ស្ពាន​មាន​ទំហំ​តូច ចង្អៀត​មិន​សម​នឹង​កំណើន​ទេសចរ ទើប​អាជ្ញាធរ​ជាតិ​អប្សរា​​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ខាំ​សុ​ម៉េ​ត បាន​សម្រេច​រុះរើ និង​សាងសង់​ថ្មី​ប្រវែង​២១៥​ម៉ែត្រ​លើ​ប្រវែង​សរុប និង​គ្រោង​ចំណាយពេល​បី​ខែ​ក្នុង​ការ​សាងសង់​តែ​ដោយសារ​ការ​ផ្គត់ផ្គង់​ឈើ​មានការ​យឺតយ៉ាវ ទើប​ពន្យា​ពេល​រហូត​ដល់​ដល់​០៧​ខែ (​តុលា ២០១៨ ដល់ ឧសភា ២០១៩) ទើប​បញ្ចប់ ។

ស្ពាន​នេះ​ចំណាយ​ឈើ​អស់​៨៣​ម៉ែត្រគូប ដែល​ធ្វើ​ពី​ឈើ​គគីរ ផ្ចឹក និង​រាំង មានការ​រចនា​ស្អាត រឹង​មាំ​អាច​ធន់​បាន​រហូត​ដល់​ជាង​១០​ឆ្នាំ ថែម​ទាំង​បាន​ពង្រីក​ទំហំ​ពី​៨០​សង់ទីម៉ែត្រ​ទៅ​១,៥០​ម៉ែត្រ ដើម្បី​ទេសចរ​ងាយស្រួល​ដើរ​ទស្សនា​ទៅ​វិញ​ទៅ​មក ។

ចំពោះ​បច្ចេកទេស​នៃ​ការ​ធ្វើ​ស្ពានឈើ​ថ្មី​ជំនួស​ស្ពាន​ចាស់​វិញ លោក​ពុទ្ធ សុទ្ធ មន្ត្រី​បច្ចេកទេស​នៃ​នាយក​ដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ឱ្យ​ដឹង​ថា ក្រុមការងារ​បាន​គណនា​យ៉ាង​ល្អិតល្អន់​ពី​កម្រាស់ និង​ទំហំ​ឈើ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ភ្ញៀវ ពង្រឹង​រចនា​សម្ពន្ធ​ស្ពាន​ដោយ​រៀបចំ​គ្រឿង​បង្គំ​សំណង់​ទៅ​តាម​បទ​ដ្ឋាន​​បច្ចេកទេស​។ ចំណែក​ការ​ភ្ជាប់​ឈើ គឺ​ប្រើ​ប៉ូ​ឡុ​ង​សម្រាប់​មួល​ភ្ជាប់​ដែល​ធានា​គុណភាព​ជាប់​ជាងដែក​គោល ពិសេស​ងាយស្រួល​ក្នុង​ការ​ជួសជុល​ពេល​ក្រោយ​។ ក្នុង​នោះ​ដែរ​ដើម្បី​ការពារ​សំណង់​ស្ពាន​ឱ្យ​នៅ​បាន​យូរ ក្រុមការងារ​ក៏​បាន​ប្រើ​ថ្នាំ​ការពារ​សត្វល្អិត​ចង្រៃ​លាប​សាច់​ឈើ​ផង​ដែរ ។

លោក​មន្ត្រី​បច្ចេកទេស​រូប​នេះ​បន្ត​ទៀត​ថា ក្រៅពី​សោភ័ណ​ភាព​ប្រាសាទ និង​សុវត្ថិភាព​នៃ​ភ្ញៀវ​ទេសចរ អ្នក​ជំនាញ​ក៏​បាន​គិតគូរ​ខ្ពស់​ដល់​ការ​អភិរក្ស​ប្រាសាទ​ផង​ដែរ គឺ​ធ្វើ​ទៅ​តាម​គំរូ​ប្លង់​និង​បទដ្ឋាន​បច្ចេកទេស​ដែល​​សិក្សា​រួច​មក​ហើយ​។

បើ​កន្លែង​ណា​ប៉ះ​ថ្ម គឺ​ត្រូវ​រំកិល​ថ្ម​ចេញ​ដោយ​មានការ​សម្រង់​ប្លង់​មុន​នឹង​ប្តូរ​ទី​តាំង តែបើ​មិន​អាច​កំ​រិល​ថ្ម​ចេញ​បាន គឺ​ប្រើ​សំបក​កង់​ឡាន កង់​ម៉ូតូ​ទ្រាប់​កុំឱ្យ​ឈើ​សង្កត់​លើ​ថ្ម​ផ្ទាល់ ហើយ​ជំនួស​ឱ្យ​ការ​ជីកដី​ទៅ​ក្រោម​ដើម្បី​រក្សា​លំនឹង​ស្ពាន អ្នកជំនាញ​បាន​ប្រើ​ជើង​តាង​បេតុង​ដើម្បី​បណ្តុះ​សសរ និង​ទ្រ​លំនឹង​ស្ពាន ។ កិច្ចការ​ទាំងនេះ គឺ​រក្សា​បាន​ទាំង​សោភ័ណ​ភាព គុណភាព​សំណង់ និង​ការ​អភិរក្ស​បុរាណ​ដ្ឋា​ន​ប្រកបដោយ​ចីរភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ