ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម ៖ ពុំ​យកពន្ធ​លើ​ការ​នាំ​ចេញ​អង្ករ និង​ស្រូវ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​វៀតណាម​នោះ​ទេ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅ​រាត្រី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥ បាន​បំភ្លឺ​ថា ពុំ​មានការ​យកពន្ធ​លើ​ការ​នាំ​ចេញ​អង្ករ និង​ស្រូវ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​វៀតណាម​នោះ​ទេ ដោយ​ផ្អែក​ទៅ​លើ​ការ​អនុវត្ត​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅ​រាត្រី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥ បាន​បំភ្លឺ​ថា ពុំ​មានការ​យកពន្ធ​លើ​ការ​នាំ​ចេញ​អង្ករ និង​ស្រូវ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​វៀតណាម​នោះ​ទេ ដោយ​ផ្អែក​ទៅ​លើ​ការ​អនុវត្ត​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

យោង​តាម​សេចក្ដី​សេចក្តី​បំភ្លឺ​ព័ត៌មាន​ស្តី​ពី ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​ការ​យកពន្ធ​លើ​ការ​នាំ​ចូល​ស្រូវ​របស់​កម្ពុជា ទៅ​ទីផ្សារ​វៀតណាម បាន​លើក​ឡើង​ថា ថ្មី​ៗ​នេះ​ក្រសួង​បាន​សង្កេត​ឃើញ​ថា មាន​គណនី​ហ្វេ​ស​បុក​ឈ្មោះ «​បង​ឋាន ទិញ​ស្រូវ​» ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​ការ​យកពន្ធ​លើ​ការ​នាំ​ចូល​ស្រូវ របស់​កម្ពុជា​ទៅ​ទីផ្សារ​វៀតណាម ដែល​ព័ត៌មាន​នេះ​បង្ក​ការ​ភាន់ច្រឡំ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​អាជីវកម្ម​ស្រូវ របស់​ប្រជា​កសិករ និង​អាជីវករ​កម្ពុជា ដែល​មាន​អាជីវកម្ម​នាំ​ចេញ​ស្រូវ អង្ករ​ទៅ​ប្រទេស​វៀតណាម ។

ក្រសួង​បញ្ជាក់​ថា ចំពោះ​ករណី​នេះ​ថា យោង​តាម​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ នៅ​រដ្ឋធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​មាន​ចែង​ក្នុង​ប្រការ​១ ប្រការ​២ និង​ប្រការ​៣ នៃ​កិច្ច​សម្របសម្រួល​នេះ នូវ​បញ្ជី​មុខទំនិញ​ត្រូវ​ទទួល​បាន ភាព​អនុគ្រោះ​ពន្ធ​នាំ​ចូល​ពិសេស​តាម​អត្រា​ស្មើ​សូន្យ ដែល​ក្នុង​នោះ​ទំនិញ​អង្ករ​ត្រូវ​បាន​កំណត់ កូតា​នាំ​ចូល​ទៅ​វៀតណាម​ក្នុង​ឆ្នាំ​២០២៥ ស្មើនឹង ៣០​ម៉ឺន​តោន ហើយ​ភាគី​ទាំង​ពីរ​ឯកភាព​កំណត់​គិត​ជា​មធ្យមភាគ​សម្រាប់ ២​គីឡូក្រាម​ស្រូវ​ស្មើនឹង ១​គីឡូក្រាម​អង្គរ ។

ជាមួយ​គ្នា​នេះ​ ក្រសួង​អំពាវ​ដល់​អាជីវករ​ធ្វើការ​នាំ​ចេញ​ស្រូវ​អង្ករ​ទៅ​កាន់​ទីផ្សារ​វៀតណាម កុំ​ជឿ​ព័ត៌មាន​មិន​ពិត​ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម ហើយ​ក្នុង​ករណី​មាន​ច​ម្ង​ល់ បន្ថែម​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​អាច​ទាក់ទង​មក​ប្រព័ន្ធ​ទូរស័ព្ទ​សាធារណៈ​របស់​ក្រសួងពាណិជ្ជកម្ម​លេខ ១២៦៦ នៅ​រៀង​រាល់ ម៉ោង​ធ្វើការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ