ខេត្តឧត្ដរមានជ័យ ៖ កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការត្រួតពិនិត្យ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ។
យោងតាមការចុះផ្សាយរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការឱ្យបានស្អិតរមួតជាមួយអង្គភាពនគបាលការពារព្រុំដែនគោកលេខ៧០២ ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗ ដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ ។
ជាមួយគ្នានោះ លោកមេបញ្ជាការ ក៏បានណែនាំល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជំងឺផ្សេងៗ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ ៕


ចែករំលែកព័តមាននេះ