រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានដោយបដិសេធទាំងស្រុង ចំពោះការលើកឡើងរបស់លោកជំទាវ Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ ដែលបានអះអាងថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ការអះអាងរបស់ភាគីថៃ ដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ តាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារ នៃអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរព និងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតី នៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន ៕


ចែករំលែកព័តមាននេះ