រាជធានីភ្នំពេញ ៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតសាលនៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួន បន្ទាប់ពីញៀនថ្នាំធ្វើសកម្មភាពគប់របស់របររបស់ខ្លួន ត្រូវរថយន្តមួយគ្រឿងបណ្ដាលឲ្យរងការខូចខាតនិងដកកាំភ្លើងខ្លីគំរាមអ្នកជិតខាងទៀត ។ ការប្រើហិង្សារនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី០៤ កក្កដា ឆ្នាំ២០២៥ ស្ថិតនៅផ្ទះលេខ២០ ផ្លូវP១០ បុរីជីបម៉ុងសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ WANG FEI ភេទប្រុស ជនជតិចិនស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះឈ្មោះ ផាន់ ច័ន្ទវិសាល ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថត ស្នាក់នៅ ផ្ទះលេខ១៨ ផ្លូវP០៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាផ្ទះជាប់គ្នា។ 

តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា នៅមុនពេលកើតហេតុជនជាតិចិនរូបនោះ ដោយសារឥទ្ធិពលគ្រឿងញៀនបានរើឡើងក៏បានទាញរបស់របរគ្រឿងអេឡិចត្រូនិចនៅក្នុងផ្ទះរបស់ខ្លួន គប់ចោលទៅខាងក្រៅទៅត្រូវរថយន្តមួយគ្រឿងម៉ាកតូយូតាព្រូស(PRUIS) ពាក់ផ្លាកលេខ ភ្នំពេញ 2BY-5803 ពណ៍មាស ដែលចតលើដងផ្លូវ នៅមុខផ្ទះលេខ១៨ បណ្ដាលឱ្យបែកកញ្ចក់ខាងក្រោយចំនួន១ បែកកញ្ចក់ឡានទ្វារខាងក្រោយ ខាងស្តាំ ចំនួន១ភ្លើងស្តុបខាងក្រោយ ខាងស្តាំចនួន១ កញ្ចក់មើលក្រោយ ខាងឆ្វេងចំនួន១ ។ បន្ទាប់ពីមានអំពើហិង្សាជនរងគ្រោះបានចេញមកមើលហើយត្រូវបានជនជាតិចិនរូបនោះប្រដាប់ទៅដោយកាំភ្លើងខ្លីអាមេគំរាមជនរងគ្រោះ។

តាមនគរបាលបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលព័ត៌មានពីរករណីហិង្សាធ្វើឲ្យខូចខាតដោយចេតនា ប្រើប្រាស់អាវុធខុសច្បាប់ ដោយមានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានសហការជាមួយនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានចុះទៅអន្តរាគមន៍ហើយព័ទ្ធ ចាប់ជនជាតិចិនរូបនោះបានព្រមទាំងដករហូតបានកាំភ្លើងខ្លីម៉ាឡុក មួយដើម។

តាមព័ត៌មានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ច ប្រដាប់ទៅដោយកាំភ្លើងខ្លីវែងនិងខែលហើយអស់រយៈពេលប្រមាណ៣ ម៉ោងនៅម៉ោង៦និង៣០នាទីយប់ទើបឈានទៅបង្ក្រាបជនសង្ស័យជាជនជាតិចិននោះបានព្រមទាំងដករហូតបានកាំភ្លើងខ្លីម៉ាកឡុក មួយដើម។ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យ ទៅធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលមានភាពវិជ្ជមាន (មានសារធាតុញៀន) ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕






                        
			         
				
ចែករំលែកព័តមាននេះ