ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ប្រជុំ​ដាក់​ផែនការ​បង្ក្រាប​គ្រឿងញៀ.ន លុប​បំបាត់​បារី​អេ​ឡិច​ត្រូ​និ​ច និង​ទប់ស្កាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បន្ត​ទប់ស្កាត់…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បន្ត​ទប់ស្កាត់ បង្ក្រាប​គ្រឿងញៀន ការ​លុប​បំបាត់​ការ​ជក់បារី​អេ​ឡិច​ត្រូ​និ​ច ឬ​ស៊ី​ហ្សា និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព ។

ការ​ណែនាំ​បែប​នេះ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​០៤ កក្កដា ២០២៥​នេះ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច ទាំង​២​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​ដើម្បី​ដាក់​ផែនការ ក្នុង​ការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ពិសេស​គឺ​ការ​បន្ត​ទប់ស្កាត់ បង្ក្រាប​គ្រឿងញៀន ការ​លុប​បំបាត់​ការ​ជក់បារី​អេ​ឡិច​ត្រូ​និ​ច ឬ​ស៊ី​ហ្សា (VAP) និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព ។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា ការងារ​សព្វបែបយ៉ាង គឺ​សុទ្ធតែ​ជា​ការងារ​របស់​អាជ្ញាធរ​ខណ្ឌ បើ​យើង​បង្ក្រាប​មិន​បាន​គ្មាន​នរណា​បង្ក្រាប​បាន​ទេ​។ រឿង​គ្រឿងញៀន អាជ្ញាធរ​ខណ្ឌ​ត្រូវ​ម្ចាស់​ការ​ធ្វើ​រៀងខ្លួន ដើម្បី​បង្ក្រាប​គ្រឿងញៀន​។ ការងារ​នេះ បើ​កម្លាំង​យើង​មិន​គ្រប់គ្រាន់ ត្រូវ​ស្នើ​សុំ​។ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នឹង​រក​ថវិកា​ជួយ​ទ្រទ្រង់​ការងារ​នេះ ដើម្បី​ប្រតិបត្តិការ​ឱ្យ​បាន​សកម្ម​។ អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ត្រូវ​រង​ចាំ​សហការ​ជាមួយ​កម្លាំង​ទាំង​២​ប្រភេទ ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ទៀត​ថា បើ​ចង់​ធ្វើ​អភិបាល​ខណ្ឌ ត្រូវ​តែ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ជា​និច្ច គ្មាន​គិត​ថ្ងៃ​សៅរ៌ និង​អាទិត្យ នោះ​ទេ​។​គ្រឿងញៀន និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជា​រឿង​ដែល​ត្រូវ​បង្ក្រាប​ជា​ប្រចាំ​។ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពិនិត្យ​តាម​ខុន​ដូ និង​បុរី​ដែល​មានការ​សង្ស័យ​ថា បាន​និង​កំពុង​ធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ។

អភិបាល​រាជធានី បន្ត​ទៀត​ថា ការងារ​ខាងលើ គ្រប់​ខណ្ឌ​ត្រូវ​ប្រជុំ​ដាក់​ផែនការ ទៅ​ឱ្យ​មេ​ភូមិ និង​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ពួក​គាត់​សហការ​ជាមួយ​យើង​។ ចាប់ពី​ពេល​នេះ​តទៅ នឹង​បន្ត​ការ​រឹត​បន្តឹងបន្ថែម​ទៀត លើ​ការ​បង្ក្រាប​។ ការ​ជក់​ស៊ី​ហ្សា នៅ​តាម​សាលារៀន ត្រូវ​តែ​លុប​បំបាត់​ឱ្យ​អស់ សិស្សានុសិស្ស ជា​ទំពាំង​ស្នង​ឬ​ស្សី​។ ទំពាំង ត្រូវ​មើលថែ​ឱ្យ​ល្អ ធំធាត់ ដើម្បី​ជា​ធនធានមនុស្ស ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ បើ​ពួក​គាត់​កំពុង​ពេញកម្លាំង បែរជា​ឈឺ តើ​យើង​មាន​កម្លាំង​ឯណា ដើម្បី​ជួយ​ជាតិ​។ រឿង​នេះ មន្ទីរ​អប់រំ យុវជន និង​កីឡា ត្រូវ​មើល​ការងារ​នេះ​ឱ្យ​បាន​ល្អ​។
បន្ថែម​ពី​នេះ​ចំពោះ​អាជ្ញាធរ​ខណ្ឌ ដែល​មាន​ទីតាំង​ជា​កន្លែង​សប្បាយភាព ត្រូវ​ចុះ​ពិនិត្យ​មើល​ជា​ប្រចាំ​។ ត្រូវ​យក​ស្លាក​សញ្ញា​ដាក់ ហាម​ជក់បារី​អេ​ឡិច​ត្រូ​និ​ច ឬ​ស៊ី​ហ្សា (VAP) ទៅ​បិទ​តាម​ហាង​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​នៅ​ហាង​បារាំង ។

ក្នុង​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ គល់ យី ស្នងការ​រង រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា ចំពោះ​បញ្ហា​គ្រឿងញៀន នៅ​តែ​ជា​បញ្ហា​ប្រឈម ដោយ​ក្រុម​ជនល្មើស​បាន​ធ្វើ​សកម្មភាព​ផ្លាស់​ប្តូរ​គ្រប់​រូបភាព ដែល​សមត្ថកិច្ច​យើង​ក៏​ពិបាក​ក្នុង​ការ​បង្ក្រាប ដូច​ជា​ករណី​ខ្លះ​ការ​ជួញដូរ​គ្រឿងញៀន រាប់​គីឡូក្រាម ពួក​គេ​ប្រើ​រូបភាព ដោយ​យក​គ្រឿងញៀន​ទៅ​ដាក់​នៅ​គោលដៅ​មួយ ហើយ​ពួក​គេ​ប្រើ​ឡុ​ក​ខេ​សិន​ប្រាប់​ពី​ទីតាំង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ