រាជធានីភ្នំពេញ ៖ សំណុំរឿងដ៏រសើបមួយ ទាក់ទងនឹងអតីតព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់១រូប ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទទួលសំណូកជាប្រាក់ក្នុងការដោះលែងមេការជនជាតិចិនម្នាក់ និងស្ត្រីជនជាតិវៀតណាម៤ នាក់ ជាក្រុម Online Scams ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើក សវនាការជំនុំជម្រះទោសកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ។ ប៉ុន្តែក្រោយពីតុលាការបញ្ចប់ការសាកសួរដេញដោលក្នុងសំណុំរឿងនេះ ក៏បានលើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយដោយមិនកំណត់ ។

សវនាការបានធ្វើឡើងជាសាធារណៈ ដែលមានលោក ញឹម ពិសាល ជាចៅក្រមជំនុំជម្រះ លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងចំពោះមុខជនត្រូវចោទឈ្មោះ គ្រី សីហា អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ និងមេធាវីការពារក្តីតាមផ្លូវច្បាប់ ។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានសម្រេចឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ លោក គ្រី សីហា បន្ទាប់ពីការរកឃើញភ័ស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីសង្វាក់គ្រប់គ្រាន់ ករណីលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scams ដើម្បីដោះលែងមនុស្ស៥នាក់ (បុរសចិនម្នាក់ និងស្ត្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបន្តនីតិវិធីលើជនទាំង៥នាក់ ដែលសមត្ថកិច្ចបានរកឃើញពីក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាញនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។

ខណៈនោះ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១នៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំការស៊ើបអង្កេត បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីឲ្យទៅខេត្តពោធិ៍សាត់ភ្លាមៗ នៅពេលអធ្រាត្រថ្ងៃទី១៦ ខែកក្តដា ហើយនៅថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេតរបស់អង្គភាពប្រឆាំងពុកលួយ បានទៅស្រាវជ្រាវប្រមូលភ័ស្តុតាងដល់ទីកន្លែង នៅឃុំថ្មដា ។
លោក ហ៊ូ ស្ថាបនា អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្ដាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញ មានបន្ទុកគ្រប់គ្រាន់ទើបសុំការអនុញ្ញាតពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារលោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់ ។
ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ៕
ចែករំលែកព័តមាននេះ