រាជធានីភ្នំពេញ ៖ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៣នាក់ បំពេញភារកិច្ច ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ដែលឈរជើងគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានយកមកបញ្ឈរជើងមួយរយៈ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ។
សូមបញ្ជាក់ថា អនុវត្តតាមគោលការណ៍ដឹកនាំ បញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រាល់មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំពេញភារកិច្ច អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ដែលបានស្រាវជ្រាវរកឃើញពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនដែលទុកចោលនោះទេ ត្រូវអនុវត្តវិធានការតាមគោលការណ៍ច្បាប់របស់កងកម្លាំងនគរបាលជាតិ ជាក់ស្តែងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់មកហើយ ដោយអនុវត្តក្រោមរូបភាពកម្រិតកំហុសឆ្គងរួមមាន ៖ ការអប់រំ និងធ្វើកិច្ចសន្យា, ការបញ្ឈរជើងផ្អាកការងារបណ្តោះអាសន្ន, ការចេញលិខិតព្រមានលើកទី១, ការកាត់បន្ថយឋាន្តរស័ក្តិ ដកហូតមុខដំណែង ឬផ្ទេរភារកិច្ច និងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ៕


ចែករំលែកព័តមាននេះ