ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋអ្នកប្រកបមុខរបរផលិតសេរ៉ាម៉ិច នៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ បានត្អូញត្អែ និងព្រួយបារម្ភណ៍លើបញ្ហាទីផ្សារ ព្រោះតែបច្ចុប្បន្នពួកគាត់ធ្វើផលិតបានហើយ ប៉ុន្តែគ្មានទីផ្សារតែម្ដង ហេតុនេះហើយពួកគាត់បានសំណូមពរដល់ក្រសួងពាក់ព័ន្ធ សូមមេត្តាជួយរកទីផ្សារសេរ៉ាមិចឲ្យពួកគាត់ផង ។

ស្ត្រីឈ្មោះ អួន ពៅ (ហៅបឺយ ) ម្ចាស់សិប្បកម្មសេរ៉ាម៉ិច នៅភូមិអណ្ដូងឫស្សី បានអោយដឹងថា ៖ ទម្រាំកើតបានប៉ុណ្ណេះ គាត់បានតស៊ូអស់រយៈពេលជាច្រើនឆ្នាំ រហូតទៅរៀនដល់ក្រៅប្រទេស ប៉ុន្តែគួសោកស្តាយ សព្វថ្ងៃគ្មានទីផ្សារធំនោះទេ ។ មុនឈានដល់ចេះផលិតសេរ៉ាម៉ិច មុនដំបូងគាត់គ្រាន់តែជាអ្នកផលិតក្អមឆ្នាំង ធ្វើដោយដៃ ធម្មតាទេ ក្រោយមកក៍មានជនជាតិ អាល្លឺម៉ង់ បានមកបង្ហាត់បង្រៀនដល់រូបគាត់ និងអ្នកក្នុងភូមិ ដោយអោយផលិតវត្ថុអនុស្សាវរីយ៍ ធ្វើពីដី ធម្មតា ដែលនៅអង្គុយនឹង មួយកន្លែង មិនពិបាកដើរ ក្រឡឹង ដូចមុនទៀតទេ ដោយគ្រាន់តែធាក់ឈ្នាន់ អន្ទក ទៅវានឹងវិល ហើយយើងសូន របស់ ដែលយើងត្រូវធ្វើអោយចេញជារាង ដែលយើងចង់បាន ជាការស្រេច ។ ក្រោយមកទៀតរូបគាត់ ត្រូវបានជនជាតិអាល្លឺម៉ង់ យកទៅបង្ហាត់បង្រៀនដល់ប្រទេសអាឡឺម៉ង អំពីការដាក់ថ្នាំដុតឲ្យក្លាយជា សេរ៉ាម៉ិច ដើម្បីយកបង្ហាត់ដល់អ្នកភូមិជាបន្តទៀត ហើយអ្នកភូមិ ក៍ចេះបន្តពីគាត់ ។

ស្ត្រីម្ចាស់សិប្បកម្មខាងលើបានលើកឡើងថា៖ កាលគាត់ធ្វើក្អមឆ្នាំង បានតម្លៃមួយត្រឹម៣-៤រយរៀលប៉ុណ្ណោះ ប៉ុន្តែក្រោយមកនៅពេលដែលធ្វើអនុស្សាវរីយ៍អំពី ដី បានមួយថ្លៃ១ពាន់រៀល គឺបានចំណេញច្រើនជាង ទាំងថវិការ ទាំងការចំណាយដីឥដ្ឋ ។

ដោយឡែកចំពោះសេរ៉ាម៉ិចវិញ គឺគេត្រូវដាក់ថ្នាំ និងដុតក្នុងឡ មានកំដៅរាប់ពាន់អង្សា ទើបក្លាយជាសេរ៉ាម៉េចបាន ។ បច្ចុប្បន្ននេះ ដោយសារជួបការលំបាកបញ្ហាទីផ្សារ ផ្ទះរបស់គាត់ បានព្យាយាមរិៈរកឆ្នៃប្រឌិត ថ្មីបន្ថែម លើផលិតផលពីសេរ៉ាម៉ិច ដូចជាការធ្វើប៉ាន់តែរាងរវង់មូល កូនឆ្កែសម្រាប់ដាក់តាំង ចានប្រើប្រាស់ ក្នុងភោជណីយ៍ដ្ឋាន និង ស៊ុមសម្រាប់ដុតគ្រឿងក្រអូបក្នុងសណ្ឋាគារជាដើម ។ ចុងក្រោយរូបគាត់សំណូមពរដល់ក្រសួងពាក់ព័ន្ធសូមមេត្តាជួយរកទីផ្សារសេរីម៉េចឲ្យពួកគាត់ផង។

សូមរំលឹកដែរថាបច្ចុប្បន្នអ្នក ប្រកបមុខរបរផលិតស្មូតឆ្នាំង នៅមានដំណើរការជាធម្មតាទេ ប៉ុន្តែការ ផលិតសេរ៉ាមិចគឺពិបាករកទីផ្សារពិតមែន ។ ហេតុនេះហើយទើបអ្នកភូមិខ្លះ ឈប់ ផលិតសេរ៉ាម៉េច ងាកមកធ្វើស្មូនឆ្នាំងធម្មតាវិញ ព្រោះវាជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ហើយរបស់ទាំងនោះ គេឃើញ ប្រជាពលរដ្ឋអ្នកខេត្តកំពង់ឆ្នាំង បានដឹកចេញ យកទៅលក់តាមខេត្តឆ្ងាយៗ ដែលគេសង្កេតឃើញមានដល់ ខេត្តបាត់ខេត្តដំបង សៀមរាប បន្ទាយមានជ័យជាដើម ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ