ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រឹក​សង់រោង​បុណ្យ​ចាំ​ទទួល​​កូន​ជាប់​នៅ​ក្រោម​គំនរ​អគា ដល់​ល្ងាច​រុះ​រោង​ចោល​​វិញ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ឪពុក​ម្តាយ​កម្មករ​សំណង​ចំនួន​២​នាក់​នៅ​ខេត្តព្រៃវែង បាន​នាំ​គ្នា​ជួល​តា​អាចារ្យ និង​សង់​រោង​បុណ្យ​រួច​ជា​ស្រេច ដើម្បី​ចាំ​ទទួល​សព​កូនរង​គ្រោះ​ជាប់​នៅ​ក្រោម​គំនរ​អគារ ដែល​បាក់​រលំ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ម្នាក់​ៗ​គិត​ថា ជន​រង​គ្រោះ​មិន​អាច​នៅ​មានជីវិត​នោះ​ទេ ព្រោះ​ជាប់​នៅ​ក្រោម​គំនរ​ថ្ម​២-៣​ថ្ងៃ​ទៅ​ហើយ​។…

ខេត្តព្រៃវែង ៖ ឪពុក​ម្តាយ​កម្មករ​សំណង​ចំនួន​២​នាក់​នៅ​ខេត្តព្រៃវែង បាន​នាំ​គ្នា​ជួល​តា​អាចារ្យ និង​សង់​រោង​បុណ្យ​រួច​ជា​ស្រេច ដើម្បី​ចាំ​ទទួល​សព​កូនរង​គ្រោះ​ជាប់​នៅ​ក្រោម​គំនរ​អគារ ដែល​បាក់​រលំ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ម្នាក់​ៗ​គិត​ថា ជន​រង​គ្រោះ​មិន​អាច​នៅ​មានជីវិត​នោះ​ទេ ព្រោះ​ជាប់​នៅ​ក្រោម​គំនរ​ថ្ម​២-៣​ថ្ងៃ​ទៅ​ហើយ​។

ប៉ុន្តែ​នៅ​ទីបំផុត ពិធី​បុណ្យសព​ក៏​ប្រែជា​ខកខាន ហើយ​រោង​បុណ្យសព​ទាំង​២​ក៏​ត្រូវ​រុះ​ចោល​វិញ ជំនួស​ដោយ​សំឡេង​សើច​ក្អាកក្អាយ​លាយឡំ​នឹង​ក្តី​រំភើប​ឥត​ឧប្បមា រហូត​អួល​ដើម​.​ក​និយាយ​មិន​ចេញ ដោយ​សារ​តែ​ម្ចាស់​ដើមបុណ្យ​បាន​ទទួល​ដំណឹង​ថា កូនប្រុស​របស់​ខ្លួន​នៅ​មានជីវិត មិន​ទាន់​ស្លាប់​ទេ​។

កម្មករ​ដែល​រង​គ្រោះ​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​សំណង់​អគារ​៧​ជាន់​ដែល​រលំ​នោះ ត្រូវ​បាន​ក្រុម​អ្នក​រុករក​ប្រទះ​ឃើញ​នៅ​រសៀល​ថ្ងៃ​ទី​២៤ មិថុនា និង​បាន​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ភ្លាម​ៗ​ដើម្បី​ជួយ​សង្គ្រោះ​។ ហើយ​ព័ត៌មាន​នេះ បាន​បញ្ជូន​ទៅ​ប្រាប់​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ទាំង​២​នៅ​ល្ងាច​ថ្ងៃ​ដដែល ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ជន​រង​គ្រោះ កំពុង​រៀបចំ​ធ្វើបុណ្យ​ចាំ​ទទួល​សព​កូន​ទៅ​ហើយ ធ្វើ​ឱ្យ​ទាំង​ឪពុក​ម្តាយ និង​សាច់ញាតិ​ជន​រង​គ្រោះ​ទាំងអស់ ម្នាក់​ៗ​ត្រេកអរ​រំភើប​រហូត​ថ្លែង​មិន​ចេញ​។

រោង​បុណ្យសព​ដែល​ធ្វើ​ខក​ទាំង​២​នេះ ត្រូវ​បាន​សង់​ឡើង​នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ​ទាំង​២ ដែល​ទី​១ ស្ថិត​នៅ​ក្នុងភូមិ​ក្រូច ឃុំ​កន្សោម​អក ស្រុក​កំពុងត្របែក ធ្វើ​ឡើង​ដើម្បី​ចាំ​ទទួល​សព​ជន​រង​គ្រោះ​ឈ្មោះ រស់ ស៊ី​ថា ហើយ​ត្រូវ​រំសាយ​ទៅ​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ មិថុនា និង​រោង​ទី​២ គឺ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ធ្វើ​ឡើង​ចាំ​ទទួល​សព​ជន​រង​គ្រោះ​ឈ្មោះ កាក់ គា អាយុ​១៨​ឆ្នាំ និង​ត្រូវ​រំសាយ​ទៅ​វិញ​នៅ​ល្ងាច​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា កូនប្រុស​នៅ​មានជីវិត ពេល​នេះ​ឪពុក​ម្តាយ និង​បងប្អូន​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ទាំង​២​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ហើយ ដើម្បី​ទៅ​មើលថែ​ជន​រង​គ្រោះ​ដែល​កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ