ប្រទេសអាល្លឺម៉ង់ ៖ កងទ័ពអាកាសអាល្លឺម៉ង់គូសបញ្ជាក់ថា យន្តហោះប្រដេញទំនើបធុនEUROFIGHTER ២គ្រឿងរបស់កងទ័ពអាកាស បានធ្លាក់កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩ ក្រោយការបុកគ្នាពេលកំពុងហោះហើរនាភាគខាងជើងប្រទេស។ អ្នកបើកយន្តហោះម្នាក់បានស្លាប់ក្នុងគ្រោះថ្នាក់នោះ។
អ្នកនាំពាក្យម្នាក់របស់កងទ័ពអាកាសអាល្លឺម៉ង់និយាយថា អ្នកបើកយន្តហោះទាំង២គ្រឿងនោះអាចលោតចេញ មុនពេលយន្តហោះធ្លាក់ដល់ដី។ អ្នកបើកយន្តហោះម្នាក់រកឃើញនៅរស់ជាប់លើដើមឈើមួយដើមកម្ពស់ដល់ជាង២០ម៉ែត្រ ស្ថិតក្នុងព្រៃមួយ ជិតភូមិJABEL។ រងរបួសអ្នកបើកយន្តហោះរូបនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកសាកសពរបស់អ្នកបើកយន្តហោះទី២ ត្រូវបានពួកអ្នកជួយសង្គ្រោះរកឃើញបន្តិចក្រោយមក។
យន្តហោះទាំង២គ្រឿងបានបុកគ្នាពេលកំពុងហោះហើរ នាវេលាម៉ោង១៤ម៉ោងក្នុងស្រុក ថ្ងៃទី២៤មិថុនា មុនពេលធ្លាក់ជិតបឹង MURITZ ។ វីដេអូមួយផ្សាយដោយបណ្ដាសារព័ត៌មានក្នុងស្រុក បង្ហាញផ្សែងហុយចេញពីកន្លែង២ផ្សេងគ្នា ក្នុងតំបន់ព្រៃមួយ ឃ្លាតឆ្ងាយដាច់ពីគ្នាច្រើនគីឡូម៉ែត្រ។ យន្តហោះទាំង២គ្រឿងនោះស្ថិតនៅក្នុងកងយន្តហោះទី៧៣ មានមូលដ្ឋាននៅ LAAGE ជិតក្រុង ROSTOCK។ នោះជាមូលដ្ឋានមួយទទួលបន្ទុកបណ្ដុះបណ្ដាលអ្នកបើកយន្តហោះចម្បាំង។ កងទ័ពអាកាសអាល្លឺម៉ង់គូសបញ្ជាក់ថា យន្តហោះទាំង២គ្រឿងដែលបុកគ្នាធ្លាក់ពុំប្រដាប់អាវុធឡើយ។
យន្តហោះប្រដេញ EUROFIGHTER TYPHON ត្រូវបានដាក់ឲ្យប្រើប្រាស់ពីឆ្នាំ២០០៤មក ជាយន្តហោះប្រដេញម៉ាស៊ិនរេអាក់ទ័រ២ ផលិតដោយអាល្លឺម៉ង់ អង់គ្លេស អេស្បាញ និងអុីតាលី ក្នុងក្របខណ្ឌនៃភាពជាដៃគូរវាងសហគ្រាសជាច្រើន ក្នុងនោះរួមមានAIRBUS DEFENCE AND SPACE និងក្រុមហ៊ុនBAE SYSTEMSជាដើម។ យន្តហោះប្រភេទនោះជាង១៣០គ្រឿងបច្ចុប្បន្ន កំពុងប្រើប្រាស់នៅអាល្លឺម៉ង់។ យន្តហោះធុននោះ១គ្រឿងមានតម្លៃដល់ទៅជាង១៤០លានអឺរ៉ូ៕ (កែសម្រួលដោយ ៖ បុប្ផា) (ប្រភពវីដេអូ ៖ euronews (en français))
ចែករំលែកព័តមាននេះ