ទីក្រុងអ៊ីស្តាន់ប៊ូល៖ នគរបាលតួកគីចាប់ខ្លួនមនុស្ស៣៥៧នាក់ដែលជាប់សង្ស័យថាជាបក្សពួករបស់ក្រុមភេរវកម្មអាយស៊ីស។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីរដ្ឋមន្ត្រីមហាផ្ទៃមួយថ្ងៃបន្ទាប់ពីសមត្ថកិច្ចតួកគីទើបតែវាយឆ្មក់ចូលបរិវេណផ្ទះមួយកន្លែងសម្លាប់យុទ្ធជនរបស់អាយស៊ីស៦នាក់។ ប៉ុន្តែនៅក្នុងការបាញ់ប្រហារតដៃគ្នារយៈពេលជិត៨ម៉ោងនោះ នគរបាលតួកគីបីនាក់ក៏បានពលីជីវិតផងដែរ។

រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោកអាលី យេលីកាយ៉ា (Ali Yerlikaya) ថ្លែងថាអាជ្ញាធរបើកប្រតិបត្តិការបង្ក្រាបនៅក្នុងខេត្តចំនួន២១ទូទាំងប្រទេស។ លោកបង្ហោះសារនៅលើបណ្ដាញអ៊ិចថាដូចអ្វីដែលយើងមិនទុកឱកាសឱ្យអ្នកដែលព្យាយាមប្រើប្រាស់អំពើភេរវកម្មបំផ្លិចបំផ្លាញប្រទេសជាតិរបស់យើង យើងក៏មិនទុកឱកាសឱ្យពួកគេប្រព្រឹត្តទង្វើនេះនៅពេលអនាគតនោះទេ។

កាលពីមុននេះ ការិយាល័យរដ្ឋអាជ្ញាថ្លែងថានគរបាលវាយឆ្មក់ចូលទីតាំង១១៤កន្លែងនៅទីក្រុងអ៊ីស្តាន់ប៊ូល និងខេត្តចំនួន២ ព្រមទាំងរឹបអូសបានឯកសារទន់ និងឯកសាររឹងមួយចំនួន។ កាលពីថ្ងៃចន្ទ នគរបាលបាលតួកគី និងយុទ្ធជនរបស់ក្រុមអាយស៊ីសបាញ់គ្នា៨ម៉ោងនៅបរិវេណផ្ទះមួយកន្លែងនៃទីក្រុងយ៉ាឡូវ៉ា (Yalova)។ កាលពីមុននេះមួយសប្ដាហ៍ អាជ្ញាធរចាប់ឃុំខ្លួនមនុស្សជាង១រយនាក់ដែលសង្ស័យថាជាបក្សពួករបស់អាយស៊ីស និងដែលមានផែនការវាយប្រហារបែបភេរវកម្មនៅអំឡុងបុណ្យគ្រីសស្មាស់ និងបុណ្យចូលឆ្នាំសាកល។

ប្រទេសតួកគីចាប់ផ្ដើមបង្កើនប្រតិបត្តិការកម្ចាត់ក្រុមអាយស៊ីសនៅឆ្នាំនេះនៅពេលក្រុមនេះចាប់ផ្ដើមពង្រីកខ្លួនជាថ្មីម្ដងទៀត។ កាលពីសប្ដាហ៍មុន យោធាអាមេរិកថ្លែងថាខ្លួនបើកការវាយប្រហារទៅលើមូលដ្ឋានរបស់យុទ្ធជនអាយស៊ីសនៅប្រទេសនីហ្សេរីយ៉ាភាគពាយព្យ។ ករណីបាញ់ប្រហារពីសំណាក់ឪពុក និងកូននៅឆ្នេរខ្សាច់បនដាយ (Bondi) ប្រទេសអូស្ត្រាលីនៅក្នុងខែធ្នូនេះក៏ត្រូវគេជឿជាក់ថាពួកគេទទួលឥទ្ធិពលពីមនោគមន៍វិជ្ជារបស់អាយស៊ីសផងដែរ។ ខាងលើនេះជាការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ