ព្រះបាទស៊ីសុវត្ថិ ជាស្តេចដណ្តើមខេត្តបាត់ដំបង សៀមរាប មង្គលបុរី និងស៊ីសុផុន
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ព្រះបាទស៊ីសុវត្ថិ ដែលជាស្តេចដណ្តើមខេត្តបាត់ដំបង សៀមរាប មង្គលបុរី និងស៊ីសុផុន ពីកណ្តាប់ដៃសៀម និងសម័យលោកម្ចាស់ (អាផៃភូបេត) បានដឹកនាំបន្តកាលពីជាង១១៣ឆ្នាំ មុននៅបាត់ដំបង ។ ព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ (ស៊ីសុវត្ថិ) ព្រះអង្គព្រះប្រសូតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៨៤០ ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គឌួង ព្រះបរមកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះវររាជិនីនាថ ពៅ ព្រះអង្គត្រូវជាព្រះអនុជបង្កើតមាតាទីទៃ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម ព្រះសុវណ្ណកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំពេញការសិក្សានៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ។

នៅឆ្នាំ ១៨៧០ ព្រះអង្គ ទទួលបានគោរមងារជាសម្តេចព្រះឧបរាជ និងត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពជា បន្ទាប់ពីព្រះរៀមរបស់ព្រះអង្គគឺ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម ព្រះសុវណ្ណកោដ្ឋ បានយាងចូលព្រះទីវង្គត់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩០៤ ដោយមានព្រះបរមនាមក្នុងព្រះបរមសិរីរាជសម្បត្តិថា ព្រះករុណា ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះចៅក្រុងកម្ពុជាធិបតី។

សម័យនោះ ទោះបីកម្ពុជាសិ្ថតនៅក្រោមអាណាព្យាបាលបារាំងក៏ពិតមែន ប៉ុន្តែព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិរាជធម៌ដ៏ខ្ពង់ខ្ពស់ និងមានព្រះរាជហឫទ័យទុកដាក់ចំពោះព្រះរាជកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យជាពិសេស ផ្នែកសិក្សាធិការព្រះអង្គបានកសាង វិទ្យាល័យព្រះ ស៊ីសុវត្ថិ និងសាលារចនា ដើម្បីជាឧត្តមប្រយោជន៍ក្នុងការផ្តល់នូវចំណេះវិជ្ជាដល់កូនចៅប្រជានុរាស្ត្រ ព្រមទាំងអនុញ្ញាតឲ្យមានការគោរព និងទទួលស្គាល់អំពីទ្រព្យសម្បត្តិឯកជន មិនត្រឹមតែប៉ុណ្ណោះក្នុងរជ្ជកាលរបស់ព្រះអង្គនៅឆ្នាំ១៩០៧ ក្រោមការជួយជ្រោមជ្រែងពីសំណាក់បារាំង កម្ពុជាបានទទួលមកវិញនូវទឹកដីនៃខេត្តសំខាន់ៗរួមមាន បាត់ដំបង សៀមរាប មង្គលបុរី និងស៊ីសុផុន ពីអតីតៈប្រទេសសៀមបន្ទាប់ពីការត្រួតត្រារបស់ពួកគេអស់ជាច្រើនឆ្នាំ ។

នៅថ្ងៃទី០៩ សីហា ឆ្នាំ១៩២៧ បន្ទាប់ពីព្រះរោគមហារីកបានយាយីព្រះរាជសុខភាពរបស់ព្រះអង្គអស់រយៈពេលប្រមាណជាង២ឆ្នាំ ព្រះអង្គបានយាងចូលព្រះទីវង្គត់នាព្រះបរមរាជវាំង ក្នុងព្រះជន្ម ៨៧ ព្រះវស្សា និងបានទទួលព្រះបរមបច្ឆាមរណនាមជា « ព្រះរាជានុកោដ្ឋ »។

បន្តមកក្នុងសម័យបារាំងសែសឯកសារសម័យលោកម្ចាស់បានបញ្ជាក់ថា នៅគ,ស ១៨៣០ ការរៀបចំទីប្រជុំជន នៅក្នុងខេត្តបាត់ដំបង ពេលនោះមានឈ្មោះថាព្រះដំបងនៅឡើយទេ ដែលគ្រប់គ្រងដោយសម័យលោកម្ចាស់ (ចៅពញាអាផៃភូបេត) បានរៀបចំស្ថាបនានូវទីប្រជុំជនខេត្តនេះមានកំផែងមាំមួន ដើម្បីពង្រីកពង្រឹងការពារ ព្រោះជាខេត្តទប់ទល់សឹកសង្គ្រាមជួរមុខជាមួយបច្ចាមិត្តសម័យនោះគឺមានយួនអណ្ណាមកុក ដែលលុកចូលមកតាំងបន្ទាយទ័ពនៅចតុមុខទន្លេច្រាបឈាម រួចហើយលើកទ័ពវាយក្រុងឧត្តុង ពោធិសាត់ ស្វាយដូនកែវ ព្រះដំបង កំពង់ក្តី សៀមរាបជាញឹកញយ ។

ដោយហេតុនេះហើយលោកម្ចាស់ក៏បានសាងប៉ុស្តប៉មបន្ទាយរាយកាំភ្លើងធំជាច្រើនកន្លែង ដើម្បីយាមការពារព្រះដំបងផង និងទប់ស្កាត់មិនឲ្យយួនអណ្ណាមកុកវាយលុកដល់ទីតាំងវាំងខ្មែរបង្អែក ដែលតាំងនៅឯមង្គលបូរីផង ។ មកដល់សម័យលោកម្ចាស់ញ៉ុញមានកសាងនូវកំផែង២ជុំ ។ ជុំទីមួយហៅថាកំផែងសឹក ឬហៅថាកំផែងជ្រោម ជារបៀបលើកដីបែបជាទំនប់មិនជាប់គ្នារដឹកទេ តែជាខ្សែមិនត្រង់កាត់ពីតំបន់មួយទៅតំបន់មួយទៀត ដែលគេគិតថា ទ័ពសត្រូវអាចយាត្រាលុកចូលមកបាន ។

កំផែងសឹកនេះ មានកសាងជាប៉មខ្ពស់ពីដីហៅថា ស៊ើន ដែលគេកាប់ឈើធ្វើជាខ្នោះរាងបួនជ្រុង រួចចាក់ដីចំប្រឡោះកណ្តាលឲ្យខ្ពស់ និងមានជារោបង្ហាដំបូលរាបនៃផ្នែកខាងលើនៃស៊ើននោះ មានធំ មានតូច គឺស៊ើនតូចសម្រាប់ទាហានឈរយាមល្បាត និងស៊ើនធំសម្រាប់គេអូសកាំភ្លើងធំទៅដាក់បាញ់ពេលមានសឹកសង្គ្រាម។

បន្ទាប់ពីកំផែងសឹកមកគេមានសាងសង់កំផែងសម្រាប់គ្រួសារអភិជនរស់នៅជាមួយ និងគ្រួសារលោកម្ចាស់ ដែលគេហៅថាកំផែងកែវ បានសាងសង់នៅប្របមាត់ស្ទឹងសង្កែម្តុំផ្សារលើ ដែលបានបន្សល់វត្តកំផែងពីសម័យនោះរហូតដល់សព្វថ្ងៃនេះ។ ក្នុងបរិវេណកំផែងកែវនេះ មានចាម ចិន យួន និងខ្មែរចេញចូលរស់នៅតែពួកនោះគឺជាបាវបំរើ ទាហាន និងពលករដែលធ្វើកិច្ចការក្នុងបរិវេណក្នុងកំផែងកែវនោះ ។

ក្នុងសម័យលោកម្ចាស់ត្រួតត្រាខេត្តបាត់ដំបងពេលនោះ មេទ័ពអាផៃភូបេត បានភៀសខ្លួនរត់ចូលទៅស្រុកសៀម ហើយបានកសាងសាលាខេត្តនៅខេត្តប្រាជីនបូរី ដែលមានសណ្ធានដូចគ្នានៅក្នុងសាលាខេត្តបាត់ដំបងសព្វថ្ងៃនេះដែរ ហើយសាលាខេត្តប្រាជីនបូរីនៅប្រទេសថៃពេលនេះបានក្លាយទៅជាមន្ទីរពេទ្យព្យាបាលតាមបែបបុរាណហៅថា មន្ទីរពេទ្យអាផៃភូបេត រហូតដល់សព្វថ្ងៃនេះ ។

ចំណែកសាលាខេត្តបាត់ដំបងសម័យនោះ ពេលនេះមានអាយុ១១៣ឆ្នាំហើយ (កសាង១៩០៥) សព្វថ្ងៃ
នេះត្រូវបានរៀបចំទុកដាក់ជាសារមន្ទីរប្រវត្តិសាស្ត្ររបស់ខេត្តបាត់ដំបង ដោយមានរៀបចំតាំងគ្រឿងឧបករណ៍ពីបូរាណ ទុកសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានចូលទស្សនាស្វែងយល់ពីប្រវត្តិសាស្ត្រក្នុងខេត្តបាត់ដំបង ។












ចែករំលែកព័តមាននេះ