ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យឈ្មួញ​ជីកដី​ស្តារ​​ស្រះទឹក​បុរាណ​ដឹកលក់​គគ្រឹកគ្រគ្រេង..!

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ស្រះ​បុរាណ​មួយ​កន្លែង ដែល​មាន​ទំហំ​ជាង​១​ហិ​កតា ស្ថិត​នៅ​ជាប់ជើង​ភ្នំ​ឈើ​កាច់ ក្នុង​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ កំពុង​ត្រូវ​បាន​គេ​ជីក​យក​អាចម៍ដី​លក់​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ ដោយ​គេ​អះអាង​ថា​អាជ្ញាធរ​ស្រុក ជា​អ្នក​ឱ្យ​ជីក​ដើម្បី​ស្តារ​ស្រះ…

ខេត្តព្រៃវែង ៖ ស្រះ​បុរាណ​មួយ​កន្លែង ដែល​មាន​ទំហំ​ជាង​១​ហិ​កតា ស្ថិត​នៅ​ជាប់ជើង​ភ្នំ​ឈើ​កាច់ ក្នុង​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ កំពុង​ត្រូវ​បាន​គេ​ជីក​យក​អាចម៍ដី​លក់​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ ដោយ​គេ​អះអាង​ថា​អាជ្ញាធរ​ស្រុក ជា​អ្នក​ឱ្យ​ជីក​ដើម្បី​ស្តារ​ស្រះ ។ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រីរាជការ​មួយ​ចំនួន​នៅ​ក្នុងស្រុក​បាភ្នំ បានឱ្យ​ដឹង​ថា គ្រឿងចក្រ​ដែល​កំពុង​ធ្វើ​សកម្មភាព​ជីក​យក​អាចម៍ដី​នៅ​ក្នុង​ស្រះបុរាណ​នេះ គឺជា​របស់​ឈ្មួញ​ឈ្មោះ ហៃ ដែល​ជា​ឈ្មួញ​រកស៊ី​ដឹក​ដី​លក់​នៅ​ក្នុងស្រុក​បាភ្នំ ។

ចំណែក​អាចម៍ដី​ដែល​គេ​ជីក​ស្តារ​ស្រះ​នេះ គឺ​គេ​យក​ទៅ​ធ្វើ​ផ្លូវ​ចំនួន​៣​ខ្សែ​នៅ​ក្នុង​ឃុំ​ចំនួន​៣​មាន ឃុំ​ជើងភ្នំ ឃុំ​ឈើ​កាច់ និង​ឃុំ​បឹង​ព្រះ ព្រមទាំង​លក់​ទៅ​ឱ្យ​អ្នកស្រុក​ដែល​ត្រូវការ​ចាក់​ដី​បំពេញ​ដី​ភូមិ​របស់​ខ្លួន​ជាដើម ។ ចំណែក​លុយ​ដែល​បាន​ពី​ការ​លក់​អាចម៍ដី​ស្តារ​ស្រះ​នេះ គេ​ចែក​ជា​២​ចំណែក គឺ​ខាង​ឈ្មួញ​បាន​៧០​ភាគរយ និង​អាជ្ញាធរ​ស្រុក​បាន​៣០​ភាគរយ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ផ្លូវ​ទាំង​៣​ខ្សែ​នៅ​ក្នុង​ឃុំ​ទាំង​៣​ខាងលើ ត្រូវ​បាន​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដេញថ្លៃ​ធ្វើ​ផ្លូវ គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់ បង្ហើប​ឱ្យ​ដឹង​ថា ផ្លូវ​ទាំង​៣​ខ្សែ​នេះ​ពេល​ដាក់​ដេញថ្លៃ​គឺ​ក្រុមហ៊ុន ឃឹម ភឿន ជា​អ្នក​ដេញ​បាន​ក្នុង​តម្លៃ​ជាង​៣០០​លាន​រៀល ។ ប៉ុន្តែ​ដោយ​ក្រុមហ៊ុន​នេះ​មាន​តែ​ឈ្មោះ អត់​មាន​គ្រឿងចក្រ​ធ្វើ ក៏​បាន​លក់​គម្រោង​នេះ​បន្ត​មក​ឲ្យ​ឈ្មួញ​ឈ្មោះ ហៃ ជា​អ្នក​ធ្វើ​ផ្ទាល់ ។

រីឯ​ការ​ជួសជុល​ផ្លូវ​នេះ តាម​គម្រោង​គឺ​តម្រូវ​ឱ្យ​ឈូស​ឆាយ​ត្រាស​សេ​ផ្លូវ​ឱ្យ​ស្អាត រួច​ចាក់​ដីស​កម្រាស់​១​ម៉ែត្រ ទើប​ចាក់​ដីខ្សាច់​ភ្នំ​ពីលើ ហើយ​នៅ​អម​សងខាង​ផ្លូវត្រូវ​ដាំ​ស្មៅ​ផង​ដែរ ។ ប៉ុន្តែ​ការ​ធ្វើ​ជាក់ស្តែង ផ្លូវ​ទាំង​៣​ខ្សែ​នេះ​គេ​ធ្វើ​មិន​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​ទេ ៖ ទី​១-​គឺ​អត់​ចាក់​ដីស​ទេ ត្រាស​សេ​ផ្លូវ​រួច​ចាក់​ខ្សាច់​យក​តែ​ម្តង ដែល​ធ្វើ​បែប​នេះ​គេ​ចំណេញ​ថ្លៃ​ដីស​បាន​ជាង​៣​ម៉ឺន​ដុល្លារ ។ ទី​២-​ខ្សាច់​ភ្នំ​ដែល​គេ​យក​មក​ចាក់​នោះ គឺ​គេយក​អាចម៍ដី​ស្តារ​ស្រះ​ដែល​ជា​ប្រភេទ​ដីខ្មៅ​គ្មាន​គុណភាព​មក​ចាក់ ដែល​ដី​ប្រភេទ​នេះ​មិន​ជាប់​បាន​យូរ​ទេ ។ ទី​៣-​គេ​ពុំ​មាន​ដាំ​ស្មៅ​នៅ​តាម​ជើងទេរ​អម​សងខាង​ផ្លូវ​ឡើយ ។

សរុប​មក ការ​ធ្វើ​ផ្លូវ​ទាំង​៣​ខ្សែ​នេះ គេ​អាច​ចំ ណេ​ញ​បាន​មិន​ក្រោម​២០០​លាន​រៀល​នោះ​ទេ តាម​រយៈ​ការ​កិបកេង​ទាំង​បរិមាណ​និង​គុណភាព​។ទោះជា​យ៉ាងណា​ក៏​ដោយ គេ​អាច​ធ្វើ​បែប​នេះ​បាន ដោយសារ​តែ​មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ជាមួយនឹង​មន្ត្រី​បច្ចេកទេស តាំងពី​ថ្នាក់​ឃុំ ស្រុក​រហូត​ដល់​ខេត្ត ។ ចំណែក​ការ​ស្តារ​ស្រះ​បុរាណ​ឯណោះ​វិញ ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា អាជ្ញាធរ​ស្រុក​បាភ្នំ បាន​ធ្វើ​សំណើសុំ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​អស់ហើយ គឺ​ទាំងមន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត មន្ទីរ​វប្បធម៌​ខេត្ត រដ្ឋបាលខេត្ត និង​ក្រសួង​វប្បធម៌​ផង​ដែរ ដោយ​គោលបំណង​នៃ​ការ​ស្នើ​សុំ​ស្តារ​ស្រះ​បុរាណ​នេះ គឺ​ដើម្បី​បាន​ប្រភព​ទឹក​ប្រើប្រាស់​ផង និង​ការពារ​ស្រះ​បុរាណ​កុំ​ឲ្យ​បាត់បង់​ផង​ដែរ ។

ទោះជា​យ៉ាងនេះ​ក្តី ប្រភព​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខ្លះ​បាន​លួច​បង្ហើប​ថា នៅ​ក្នុង​លិខិតស្នើ​សុំ​នោះ អាជ្ញាធរ​ស្រុក​មិន​បាន​បញ្ជាក់​ពី​ទំហំ​ស្រះជម្រៅ​នៃ​ការ​ជីក ជា​ពិសេស​អាចម៍ដី​ដែល​ស្តារ​ស្រះ​នោះ​យក​ទៅ​ណា គឹ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ទេ ។ ដោយសារ​តែ​បែប​នេះ ទើប​រយៈពេល​ជិត​កន្លះ​ខែ​មកនេះ គ្រឿងចក្រ​របស់​ឈ្មួញ​ឈ្មោះ ហៃ អាច​ជីក​យក​អាចម៍ដី​ពី​ក្នុង​ស្រះ​ដឹក​យក​ទៅ​ចាក់​ផ្លូវ​ផង លក់​ឱ្យ​អ្នកស្រុក​ផង​យ៉ាង​គគ្រឹក​គគ្រេង និង​ប្រមូល​កើប​លុយ​បាន​រាប់រយ​លាន​រៀល ដោយ​មិន​ចាំបាច់​បង់​សួយសារអាករ ចូល​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ទេ គឺ​បង់​ចូល​តែ​ហោប៉ៅ​បុគ្គល​ម្នាក់​២​នាក់​ទៅ​ជា​ការ​ស្រេច ។

ជុំវិញ​ការ​លើក​ឡើង​ខាងលើ​នេះ លោក ទេព ភា​រុន អភិបាលស្រុក​បាភ្នំ បានឱ្យ​ដឹង​ថា ការ​ស្តារ​ស្រះ​បុរាណ​ខាងលើ​នេះ គឺ​អាជ្ញាធរ​ស្រុក​ពិតជា​អ្នក​ស្នើ​សុំ​មែន ហើយ​រឿង​ទំហំ​និង​ជម្រៅ​នៃ​ការ​ជីក​ស្តារ​ស្រះ​នោះ ក៏​លោក​ទទួលស្គាល់​ថា​មិន​បាន​កំណត់​ដែរ ។ ប៉ុន្តែ​រឿង​គេ​យក​អាចម៍ដី​ទៅ​លក់ បាន​លុយ​ចែក​ភាគរយ​ជាមួយ​ស្រុកនោះ លោក​បដិសេធ​ថា​មិន​ពិត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ គឺ​អាជ្ញាធរ​ស្រុក​មិន​ដែល​ទទួល​បាន​ប្រយោជន៍​អ្វី​ពី​ឈ្មួញ​នោះ​ឡើយ ។ តាម​កិច្ចសន្យារវាង​អាជ្ញាធរ​ស្រុក និង​ម្ចាស់​គ្រឿងចក្រ​គឺ​គ្រាន់
តែ​តម្រូវ​ឱ្យ​ឈ្មួញ​ជួយ​ធ្វើ​ផ្លូវ​៣​ខ្សែ​នៅ​ជុំវិញ​ស្រះនេះ​ប៉ុណ្ណោះ ក្រៅពី​នេះ​មិន​បាន​ពាក់ព័ន្ធ​អ្វី​ទាំងអស់ ៕ ​

អត្ថបទសរសេរ ដោយ