AFP ផ្សាយកាលពីពេល ថ្មីៗកន្លងមកថាលោករ៉ូមីអូ មូយុនដា (Romeo Muyunda) រដ្ឋមន្ត្រីក្រសួងបរិស្ថានប្រទេសណាមីប៊ី ជាប្រទេសក្រីក្រនៅក្នុងទ្វីបអាហ្វ្រិកខាងត្បូង មានប្រជាជនប្រហែល២,៤លាននាក់ បញ្ជាក់កាលពីសប្ដាហ៍មុនថា គណៈរដ្ឋមន្ត្រីបានអនុម័តដាក់ដេញថ្លៃលក់សត្វព្រៃយ៉ាងតិច១០០០ក្បាលនៅក្នុងព្រៃនានានៅទូទាំងប្រទេស ខណៈពេលប្រទេសកំពុងជួបវិបត្តិគ្រោះរាំងស្ងួតក្នុងអំឡុងពេល៩០ឆ្នាំកន្លងមក ។
លោកមូយុនដាឲ្យដឹងថា ការដេញថ្លៃលើកនេះស្ថិតក្នុងទិសដៅលុបបំបាត់ការផុតពូជសត្វព្រៃពីការខ្វះចំណីដោយគ្រោះរាំងស្ងួត និងយកប្រាក់បានពីការលក់ប្រហែល១,១លានដុល្លារទៅប្រើប្រាស់ក្នុងការអភិរក្សសត្វព្រៃ គ្រប់គ្រងសួនធម្មជាតិដែលខ្វះប្រាក់ខ្លាំង ។
សត្វព្រៃដែលដាក់ដេញថ្លៃកាលពីថ្ងៃទី១៤ មិថុនា ២០១៩ រួមមានក្របីព្រៃចំនួន៦០០ក្បាល សេះបង្កង់២៨ក្បាល សត្វកវែង៦០ក្បាល ឈ្លូស២០ក្បាល ប្រើស៦៥ក្បាល និងរមាំងអាហ្វ្រិកជាច្រើនទៀត ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ