ទីក្រុងមូស្គូ៖ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានជោគជ័យក្នុងការដណ្តើមយកភូមិយុទ្ធសាស្ត្រចំនួន ៤ បន្ថែមទៀត ក្នុងតំបន់ Kharkov, Sumy និង Zaporizhzhia ព្រមទាំងបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូនយោធារបស់អ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈនេះ។
ការបង្កើនសកម្មភាពយោធានេះធ្វើឡើងក្នុងគោលបំណងសងសឹកទៅនឹងការវាយប្រហារលើគោលដៅស៊ីវិលក្នុងទឹកដីរុស្ស៊ី និងជាយុទ្ធសាស្ត្របង្កើតប្រៀបឈ្នះនៅលើសមរភូមិ មុនពេលកិច្ចចរចាត្រីភាគីជាមួយសហរដ្ឋអាម៉េរិក និងអ៊ុយក្រែន នឹងចាប់ផ្ដើមនៅទីក្រុងហ្សឺណែវ នាថ្ងៃទី ១៧ ខែកុម្ភៈខាងមុខ។ ទោះបីជាមានការអះអាងពីការបាញ់ទម្លាក់អាវុធទំនើបៗ និងដ្រូនរបស់អ៊ុយក្រែនរាប់ពាន់គ្រឿងក៏ដោយ ប៉ុន្តែការបន្តវាយប្រហារសងសឹកគ្នាទៅវិញទៅមកនេះ បានបង្កឱ្យមានការបាត់បង់ជីវិតជនស៊ីវិលជាបន្តបន្ទាប់ ដែលកាន់តែធ្វើឱ្យពិភពលោកផ្ដោតការរំពឹងទុកខ្ពស់លើដំណោះស្រាយការទូតនាពេលឆាប់ៗនេះ៕
ចែករំលែកព័តមាននេះ