ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធ​ទេព Javelin កំពូល​មី​ស៊ី​ល​​ដែល​ធ្វើ​ឱ្យ​យោធា​រុ​ស្ស៊ី​បរាជ័យ​យុទ្ធសាស្ត្រ​ នៅ​អ៊ុយ​ក្រែ​ន

1 ថ្ងៃ មុន

បរទេស ៖ នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេស​រុ​ស្ស៊ី​បាន​ចាប់ផ្ដើម​ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ជា​ផ្នែក​មួយ​នៃ «​ប្រតិបត្តិការ​ពិសេស​» របស់​ប្រធានាធិបតី​រុ​ស្ស៊ី លោក…

បរទេស ៖ នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេស​រុ​ស្ស៊ី​បាន​ចាប់ផ្ដើម​ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ជា​ផ្នែក​មួយ​នៃ «​ប្រតិបត្តិការ​ពិសេស​» របស់​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន ។ បើ​ក្រឡេក​មក​មើល​រយៈពេល​បួន​ឆ្នាំ​បន្ទាប់​ពី​ព្រឹត្តិការណ៍​នោះ យើង​ដឹង​ថា​អ្វី​ៗ​មិន​បាន​ប្រព្រឹត្ត​ទៅ​តាម​ផែនការ​របស់​រុ​ស្ស៊ី​នោះ​ទេ ។ រុ​ស្ស៊ី​មិន​ត្រឹមតែ​បរាជ័យ​ក្នុង​ការ​សម្រេច​គោលដៅ​យោធា​ដំបូង​ៗ​របស់​ខ្លួន​ភាគច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​បាន​រង​ការ​ខូចខាត​កម្លាំង​ទ័ព​យ៉ាងធ្ងន់ធ្ងរ​ទៀត​ផង ។ ខណៈ​ពេល​ដែល​ការ​ប្តេជ្ញា​ចិត្ត​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​រុ​ស្ស៊ី​បរាជ័យ​ផ្នែក​យុទ្ធសាស្ត្រ ភាព​ជោគជ័យ​នេះ​ក៏​មិន​អាច​ទៅ​រួច​ដែរ​ប្រសិនបើ​គ្មាន​វត្តមាន​របស់ FGM-148 Javelin ដែល​ជា​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ផលិត​ដោយ​សហរដ្ឋអាមេរិក ដែល​អ៊ុយ​ក្រែ​ន​បាន​ប្រើប្រាស់​ដើម្បី​ទប់ទល់​នឹង​ការ​រុលទៅមុខ​នៃ​កងទ័ព​រុ​ស្ស៊ី ។

បើ​ពិនិត្យ​លើ​ក្រដាស​ស្នាម មី​ស៊ី​ល FGM-148 Javelin មើលទៅ​ហាក់ដូចជា​អាវុធ​ប្រឆាំង​រថក្រោះ​បាញ់​លើ​ស្មា​ដ៏​សាមញ្ញ​មួយ ។ ទោះជា​យ៉ាងណា​ក៏​ដោយ វា​គឺជា​អាវុធ​យោធា​បច្ចេកវិទ្យា​ខ្ពស់​ដែល​មិន​គួរ​ឱ្យ​ជឿ​ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​វាយបក​ឱ្យ​រុ​ស្ស៊ី​រង​ការ​ខូចខាត​យ៉ាងដំណំ​ជា​បន្តបន្ទាប់ ។ ជា​ការ​ពិត​ណាស់ ឥទ្ធិពល​នៃ​មី​ស៊ី​ល Javelin ខ្លាំងក្លា​រហូត​ដល់​វា​បាន​ក្លាយជា​សមិទ្ធផល​និមិត្តរូប​នៃ​ការ​តស៊ូ ហើយ​ថែម​ទាំង​ទទួល​បាន​រហស្សនាម​ថា “Saint Javelin” ទៀត​ផង ។

ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ជម្លោះ មី​ស៊ី​ល Javelin សម្រេច​បាន​នូវ​អត្រា​ជោគជ័យ​ខ្ពស់​បំផុត​លើ​កងទ័ព​រុ​ស្ស៊ី ។ តាម​ការ​ប៉ាន់ស្មាន​ក្នុង​ចំណោម​គ្រាប់ Javelin ៣០០ គ្រាប់​ដំបូង​ដែល​ត្រូវ​បាន​បាញ់​ទៅ​លើ​យានយន្ត​យោធា​រុ​ស្ស៊ី មាន ២៨០ គ្រាប់​បាន​បាញ់​ចំ​គោលដៅ ។ មូលហេតុ​ចម្បង​មួយ​នៃ​ភាព​ជោគជ័យ​របស់ FGM-148 Javelin គឺ​ទំហំ​តូច និង​ភាព​ងាយស្រួល​ក្នុង​ការ​ចល័ត ។ ជាមួយនឹង​ទម្ងន់​ត្រឹមតែ ២២ គីឡូក្រាម ងាយស្រួល​កងទ័ព​ស្ពាយ​តាម​ខ្លួន និង​ប្រើប្រាស់​សម្រាប់​ការ​ការពារ​តាម​បែប​សង្គ្រាម​ទ័ពព្រៃ​នៅ​ក្នុង​តំបន់​ទីប្រជុំជន ។ ជាក់ស្តែង FGM-148 Javelin ដែល​ផលិត​ដោយ​ក្រុមហ៊ុន Javelin Joint Venture (JJV) បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ជា​អាវុធ​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ក្នុង​សតវត្សរ៍​ទី ២១ ។

ទោះបីជា​មី​ស៊ី​ល​នេះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​រួម​គ្នា​មួយ​ឈ្មោះ​ថា Javelin Joint Venture ក៏​ដោយ ក៏​ក្រុមហ៊ុន​ដែល​នៅ​ពីក្រោយ​ការ​បណ្តាក់ទុន​រួម​គ្នា​នេះ​គឺ Lockheed Martin និង RTX Corporation ។ ទាំងនេះ​គឺជា​ក្រុមហ៊ុន​ម៉ៅ​ការ​ការពារ​ជាតិ​ធំ​ៗ​របស់​សហរដ្ឋអាមេរិក ដែល​ជា​រឿយ​ៗ​តែងតែ​ប្រកួតប្រជែង​គ្នា ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ក្នុង​ករណី​នេះ ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចាប់​ដៃគូ​គ្នា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ការ​អភិវឌ្ឍ និង​ផលិត FGM-148 Javelin ។

ប្រវត្តិ​នៃ​ការ​អភិវឌ្ឍន៍ FGM-148 Javelin មាន​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ នៅ​ពេល​ដែល​ទីភ្នាក់ងារ​គម្រោង​ស្រាវជ្រាវ​ការពារ​ជាតិ​កម្រិត​ខ្ពស់ (DARPA) គ្រោង​បង្កើត​អាវុធ​ប្រឆាំង​រថក្រោះ​ដើម្បី​ជំនួស​ឱ្យ​មី​ស៊ី​ល M47 Dragon ។ បន្ទាប់​ពី​ឆ្លងកាត់​ដំណើរការ​រដ្ឋបាល​ដ៏​វែង​ឆ្ងាយ និង​ស្មុគស្មាញ កិច្ចសន្យា​សម្រាប់​ការ​អភិវឌ្ឍ និង​ការ​ផលិត​នូវ​អ្វី​ដែល​ក្លាយជា Javelin ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​ដែល​បង្កើត​ឡើង​ដោយ Texas Instruments (Raytheon) និង Martin Marietta (Lockheed Martin)​។

បន្ទាប់​ពី​ដំណាក់កាល​អភិវឌ្ឍន៍​ដ៏​ខ្លី មី​ស៊ី​ល Javelin ដំបូង​ត្រូវ​បាន​សាកល្បង​បាញ់​នៅ​ឆ្នាំ ១៩៩៣ ពោល​គឺ​ជិត​ពីរ​ទសវត្សរ៍​បន្ទាប់​ពី​វា​ត្រូវ​បាន​ស្នើ​ឡើង​ដំបូង ។ រហូត​ដល់​ឆ្នាំ ១៩៩៧ ទើប​វា​ឈាន​ដល់​ការ​ផលិត​ពេញលេញ ។ ការ​សាកល្បង​សមរភូមិ​ពិតប្រាកដ​ដំបូង​បង្អស់​របស់ FGM-148 Javelin គឺ​នៅ​ឆ្នាំ ២០០៣ ក្នុងអំឡុងពេល​នៃ​ការ​ឈ្លានពាន​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​ប្រទេស​អ៊ី​រ៉ា​ក់ ។ ក្រោយមក​វា​ក៏​ត្រូវ​បាន​ប្រើប្រាស់​ផង​ដែរ​នៅ​ពេល​ដែល​កងទ័ព​អា​មេ​រិ​ក​ឈរជើង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ដូចដែល​បាន​រៀបរាប់​ខាងលើ មី​ស៊ី​ល​នេះ​សម្រេច​បាន​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ថ្ងៃ​ដំបូង​នៃ​ជម្លោះ​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន​ដែល​កំពុង​បន្ត ។ គិត​ត្រឹម​ឆ្នាំ ២០២៦ នេះ ក្រុមហ៊ុន Javelin Joint Venture (JJV) កំពុង​ស្ថិត​ក្នុង​ដំណើរការ​ជំរុញ​ការ​ផលិត​មី​ស៊ី​ល Javelin ជំនាន់​ចុង​ក្រោយបង្អស់ ហើយ​ត្រូវ​បាន​រំពឹង​ថា នឹង​នៅ​តែ​ជា​សសរស្តម្ភ​ដ៏​សំខាន់​នៃ​ឃ្លាំង​អាវុធ​របស់​យោធា​អា​មេ​រិ​ក យ៉ាង​ហោច​ណាស់​រហូត​ដល់​ឆ្នាំ ២០៥០ ៕ ប្រភព ៖ slashgear

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ