ទីក្រុងរ៉ូម៖ ភាពរង្គោះរង្គើក្នុងសម្ព័ន្ធភាពណាតូ (NATO) កាន់តែច្បាស់ឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ីតាលីបានសម្រេចចិត្តយ៉ាងដាច់អហង្ការ កាលពីថ្ងៃអង្គារ ដោយបដិសេធមិនឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាសក្នុងកោះស៊ីស៊ីលីសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ឡើយ។ នេះបើយោងតាមសារព័ត៌មាន Xinhua, Yahoo និងប្រភពផ្សេងៗទៀតចុះផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរអាកាសចរណ៍អ៊ីតាលីបានរកឃើញថា យន្តហោះទម្លាក់គ្រាប់បែករបស់អាម៉េរិកជាច្រើនគ្រឿង បានរៀបចំគម្រោងចុះចត និងហោះឆ្ពោះទៅមជ្ឈិមបូព៌ា ដោយមិនបានជូនដំណឹង ឬសុំការអនុញ្ញាតជាមុនពីភាគីអ៊ីតាលីនោះទេ។
យោងតាមរបាយការណ៍ពីសារព័ត៌មាន Corriere della Sera រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានសម្រេចចិត្តបិទច្រកមិនឱ្យយន្តហោះទាំងនោះចុះចត បន្ទាប់ពីពិនិត្យឃើញថា ជើងហោះហើរទាំងនេះមិនមែនជាប្រតិបត្តិការដឹកជញ្ជូនធម្មតា ដូចដែលបានព្រមព្រៀងគ្នាក្នុងក្របខ័ណ្ឌទ្វេភាគីឡើយ។ អាជ្ញាធរទីក្រុងរ៉ូមបានសង្កត់ធ្ងន់ថា រាល់សកម្មភាពយោធាណាដែលហួសពីកិច្ចព្រមព្រៀងធម្មតា ត្រូវតែមានការពិគ្រោះយោបល់ផ្នែកនយោបាយ និងយោធាជាមុន ហើយត្រូវឆ្លងកាត់ការយល់ព្រមពីសភាអ៊ីតាលីជាដាច់ខាត។
ជំហរដ៏រឹងមាំរបស់អ៊ីតាលីនាពេលនេះ គឺជាការដើរតាមគន្លងរបស់ប្រទេសអេស្ប៉ាញ ដែលកាលពីពេលថ្មីៗនេះបានប្រកាសបិទដែនអាកាស និងហាមឃាត់អាម៉េរិកមិនឱ្យប្រើមូលដ្ឋានទ័ពរបស់ខ្លួនក្នុងសង្រ្គាមប្រឆាំងអ៊ីរ៉ង់ដូចគ្នា ដោយសារតែយល់ថាជានយោបាយសង្រ្គាមឯកតោភាគី និងរំលោភច្បាប់អន្តរជាតិ។ ការបដិសេធពីសំណាក់សម្ព័ន្ធមិត្តអឺរ៉ុបធំៗជាបន្តបន្ទាប់បែបនេះ កំពុងក្លាយជាឧបសគ្គដ៏ធំសម្រាប់រដ្ឋបាលលោក ត្រាំ ក្នុងការដាក់ពង្រាយកម្លាំងយោធាទៅកាន់មជ្ឈិមបូព៌ា ខណៈដែលពិភពលោកកំពុងងាកមកប្រឆាំងនឹងការប្រើប្រាស់កម្លាំងបាយកាន់តែខ្លាំងឡើង៕
ចែករំលែកព័តមាននេះ