ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំបញ្ជាក់ថានឹងបញ្ជូននាវាដឹកយន្តហោះមួយគ្រឿងទៀតទៅមជ្ឈិមបូព៌ាដើម្បីត្រៀមចាំវាយប្រហារអ៊ីរ៉ង់បើសិនការចរចាគ្នាបរាជ័យ។ នៅពេលនេះ ភាគីទាំង២នៅតែប្រើប្រាស់នយោបាយការទូតដើម្បីចរចាគ្នាដដែលទេ។ ប៉ុន្តែលោកត្រាំថាអ៊ីរ៉ង់ពិបាកនិយាយគ្នាបំផុត។ ម៉្យាងទៀត ត្រាំហាក់ដូចជាលូកដៃជ្រៅទៅក្នុងបញ្ហាផ្ទៃក្នុងរបស់អ៊ីរ៉ង់ដល់ថ្នាក់បង្ហើបឱ្យដឹងពីការចង់ផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់។

លោកថានេះជាជម្រើសល្អបំផុតដើម្បីបិទបញ្ចប់បញ្ហាគ្រប់យ៉ាង។ ប្រភពខ្លះថាលោកត្រាំកំពុងពិចារណាលើការធ្វើសង្គ្រាមរយៈពេលវែងនៅអ៊ីរ៉ង់។ សម្រាប់ពេលនេះ នាវាដឹកយន្តហោះរបស់អាមេរិកឈ្មោះអាប្រាហាម លីងខុន (Abraham Lincoln) កំពុងឈរជើងនៅសមុទ្រអារ៉ាប់ កៀកនឹងប្រទេសអ៊ីរ៉ង់តែម្ដង។ លោកត្រាំថានាវាដឹកយន្តហោះទី២ត្រូវការជាចាំបាច់បើសិនការចរចាគ្នាមិនអាចឈានដល់កិច្ចព្រមព្រៀង។ បើសិនមានកិច្ចព្រមព្រៀង យើងអាចដកនាវានេះចេញទៅវិញភ្លាម។

ដំណឹងស្ដីពីការបញ្ជូននាវាដឹកយន្តហោះទី២ទៅមជ្ឈិមបូព៌ាចុះផ្សាយមុនគេនៅលើទំព័រសារព័ត៌មានញូយ៉កថាមស៍កាលពីថ្ងៃព្រហស្បតិ៍។ ញូយ៉កថាមស៍ថានាវាយូអែសអែ ជើរ៉លហ្វត (USS Gerald Ford) និងនាវាចម្បាំងជាច្រើនគ្រឿងនឹងបញ្ជូនទៅមជ្ឈិមបូព៌ា។ នេះជានាវាប្រើថាមពលនុយក្លេអ៊ែរដែលចូលរួមនៅក្នុងបេសកកម្មវាយប្រហារប្រទេសវេណេហ្ស៊ូអេឡាកាលពីខែមករា។

នៅពេលចុះទៅបំពេញទស្សនកិច្ចនៅរដ្ឋខារ៉ូឡាយណា ខាងជើង (North Carolina) លោកត្រាំឆ្លៀតផ្ដល់បទសម្ភាសជូនអ្នកសារព័ត៌មាន។ ចំពោះសំណួរថាតើលោកមានផែនការផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់ដែរឬទេ? លោកត្រាំឆ្លើយតបថាប្រសិនបើរឿងនេះអាចកើតមានមែន វាជាការល្អប្រសើរបំផុត។ កាលពីមុននេះ លោកបង្ហើបឱ្យដឹងថាដំណើរការចរចាគ្នារវាងអ៊ីរ៉ង់ និងអាមេរិកប្រហែលជាត្រូវការពេលមួយខែទៅមុខទៀត។

លោកត្រាំចង់បញ្ជាក់ថាអ្វីដែលជាអាទិភាពរបស់លោកគឺចង់ឃើញអ៊ីរ៉ង់បកក្រោយវិញ និងបញ្ឈប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ។ លោកថាលោកស្នើសុំឱ្យអ៊ីរ៉ង់ធ្វើឱ្យបានចំណុចនេះតែមួយគត់ចាត់ទុកដូចជាការធ្វើសម្បទានឱ្យគ្នា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ ដែលធ្វើដំណើរទៅវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះចង់ឱ្យដាក់បញ្ចូលលក្ខខណ្ឌមួយទៀតនៅក្នុងការចរចា នោះគឺការទាមទារឱ្យអ៊ីរ៉ង់ឈប់អភិវឌ្ឍកម្មវិធីមីស៊ីលផ្លោង និងឈប់ផ្ដល់លុយទៅឱ្យចលនាប្រដាប់អាវុធដែលប្រឆាំងអ៊ីស្រាអែលដូចជាក្រុមហ៊ូទី ហេស្បូឡា និងហាម៉ាស់ជាដើម៕ ប្រភព៖ អឹនអេចខេ (NHK), អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ