ទីក្រុងប៉េកាំង៖ ប្រទេសចិនមានកំហឹងយ៉ាងខ្លាំងនឹងអាមេរិកដែលចេះតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនកាន់តែខ្លាំងឡើងៗដល់ថ្នាក់ប្រកាសជ្រើសរើសគិញសម្ងាត់ ឬរនុកក្នុងដើម្បីលួចផ្ដល់ការណ៍សម្ងាត់ពីខាងក្នុងប្រទេសចិនទៅឱ្យអង្គភាពស៊ើបការណ៍សម្ងាត់របស់ខ្លួន (អាមេរិក)។ ប្រទេសចិនប្រកាសថាខ្លួននឹងចាត់វិធានការសរុបតាមដែលអាចធ្វើទៅបានដើម្បីប្រឆាំងនឹងសកម្មភាពចារកម្មរបស់បរទេស។

ការថ្លែងដូច្នេះបន្ទាប់ពីទីភ្នាក់ងារសម្ងាត់ស៊ីអាយអេ (CIA) របស់អាមេរិកបង្ហោះវីឌីអូឃ្លីបនៅលើបណ្ដាញសង្គម និងអំពាវនាវទៅអ្នករស់នៅក្នុងប្រទេសចិនណាដែលស្ម័គ្រចិត្តធ្វើជាគិញសម្ងាត់។ ស៊ីអាយអេធ្វើវីឌីអូនេះចង់ផ្ដោតសំខាន់ទៅលើការជ្រើសរើសអ្នកឱ្យការណ៍នៅក្នុងជួរយោធា។ វីឌីអូរបស់ស៊ីអាយអេដែលនិយាយជាភាសាចិននោះត្រូវបានបង្ហោះនៅលើយូធូបកាលពីយប់មិញ។

អ្នកវិភាគយល់ថាស៊ីអាយអេធ្វើដូច្នេះឆ្លៀតឱកាសដែលប្រទេសចិនកំពុងបើកយុទ្ធនាការបោសសម្អាតនៅក្នុងជួរយោធា។ ដូច្នេះ អាចនឹងមានអ្នកដែលថ្នាំងថ្នាក់ចិត្តជាមួយថ្នាក់លើ ឬជាមួយថ្នាក់ដឹកនាំរបស់ខ្លួន។ ថ្មីៗនេះ មន្ត្រីយោធាលំដាប់កំពូលរបស់ចិន២នាក់ត្រូវបានដាក់នៅក្រោមការស៊ើបអង្កេតពីបទសង្ស័យប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។ ក្នុងនោះមានលោកសាង យូស៊ា (Zhang Youxia) ជាមន្ត្រីយោធាលំដាប់ទី២នៅក្នុងបក្សកុម្មុយនិស្តចិនបន្ទាប់ពីលោកស៊ីជីនពីង។

ប្រតិកម្មទៅនឹងការបង្ហោះវីឌីអូឃ្លីបនោះ ក្រសួងការបរទេសចិនប្រកាសថ្កោលទោសអ្វីដែលខ្លួនចាត់ទុកថាជា «កម្លាំងប្រឆាំងចិន»។ ក្រសួងប្ដេជ្ញាថានឹងចាត់វិធានការការពារសន្តិសុខជាតិរបស់ខ្លួន។ អ្នកនាំពាក្យចិន លោកលីនចៀន ថ្លែងថារដ្ឋាភិបាលរបស់លោកនឹងចាត់វិធានការដែលចាំបាច់ទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងជាដាច់ខាតចំពោះការជ្រៀតជ្រែក និងអំពើវិច្ឆេទកម្ម (បង្កភាពវឹកវរ ក្រឡុកស្ថានការណ៍) របស់កម្លាំងប្រឆាំងចិន ហើយនឹងការពារឱ្យបាននូវអធិបតេយ្យភាពជាតិ, សន្តិសុខជាតិ និងផលប្រយោជន៍នៃការអភិវឌ្ឍ។

លោកថ្លែងដូច្នេះតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលចង់ឱ្យលោកធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងវីឌីអូឃ្លីបរបស់ស៊ីអាយអេ។ លោកនិយាយតែត្រឹមនេះដោយមិនពន្យល់លម្អិតថារដ្ឋាភិបាលរបស់លោកនឹងចាត់វិធានការអ្វីខ្លះនោះទេ។ នៅក្នុងវីឌីអូឃ្លីបរបស់ស៊ីអាយអេនោះ គេឃើញបុរសម្នាក់សម្ដែងជាតួអង្គមន្ត្រីរដ្ឋាភិបាលចិនសម្រេចចិត្តទាក់ទងទៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស៊ីអាយអេបន្ទាប់ពីខ្លួនយល់ច្បាស់ថាមេដឹកនាំកំពូលៗរបស់ពួកគេគិតតែអំពីផលប្រយោជន៍របស់ខ្លួនឯងតែប៉ុណ្ណោះ។ អំណាចរបស់ពួកគេស្ថិតនៅលើការនិយាយភូតកុហកមិនចេះចប់។

តួអង្គដែលចុះចូលខាងស៊ីអាយអេនោះមុនដំបូងស្នាក់នៅក្នុងផ្ទះរបស់ខ្លួន។ បន្ទាប់មក គាត់បើកឡានឆ្លងកាត់ប៉ុស្តិ៍ឆែកឆេរក្រោមតំណក់ភ្លៀង និងទាញកុំព្យូទ័រយួរដៃរបស់គាត់ដើម្បីវាយអក្សរថា «ជ្រើសរើសយកផ្លូវនេះគឺជាការតស៊ូរបស់ខ្ញុំដើម្បីអនាគតគ្រួសារខ្ញុំ និងប្រទេសជាតិរបស់ខ្ញុំ»។ ឃ្លាប្រយោគជាភាសាចិនដែលសរសេរអមវីឌីអូឃ្លីបនោះអំពាវនាវឱ្យអ្នកដែលចង់ធ្វើជាអ្នកផ្ដល់ការណ៍សម្ងាត់ពីខាងក្នុងប្រទេសចិនទៅឱ្យស៊ីអាយអេអាចយកការណ៍ពីមេដឹកនាំនយោបាយ និងយោធាកំពូលៗនៅទីក្រុងប៉េកាំង និងនៅទីកន្លែងដទៃទៀត៕ ប្រភព៖ អារ៉ាប់ញូស៍ (Arab News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ