ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ្សេ​ឡិន​ស្គី​ចង់​ឱ្យ​សម្ព័ន្ធ​មិត្ត​បញ្ជូន​ខែល​​ការ​ពារ​ជា​ប្រញាប់​​ដើម្បី​ទប់​ទល់​នឹង​មីស៊ីល​​រុស្ស៊ី

8 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រធានា​ធិបតី​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ចាប់​ផ្ដើម​ទាម​ទារ​ពី​ក្រុម​បស្ចិម​ប្រ​ទេស​នូវ​មីស៊ីល​ការ​ពារ​ដែន​អាកាស​ម៉ាក​ផេ​ទ្រាត​ (Patriot) ដែល​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ជា​ទៀង​ទាត់​ និង​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​​ប្រហារ​របស់​រុស្ស៊ី​។ ម៉្យាង​ទៀត​ លោក​ថា​គ្រឿង​បរិក្ខារ​យោធា​ដែល​បញ្ជូន​តាម​រយៈ​អង្គ​ការ​ណាតូ​គួ​រណាស់​បញ្ជូន​ទៅ​ឱ្យ​បាន​ឆាប់​រហ័ស​ជាង​ពេល​បច្ចុប្បន្ន​។ ​លោក​ហ្សេឡិនស្គី​ថ្លែង​ដូច​ខាង​លើ​នេះ​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​ដោយ​មីស៊ីល…

ទី​ក្រុង​កៀវ៖ ប្រធានា​ធិបតី​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ចាប់​ផ្ដើម​ទាម​ទារ​ពី​ក្រុម​បស្ចិម​ប្រ​ទេស​នូវ​មីស៊ីល​ការ​ពារ​ដែន​អាកាស​ម៉ាក​ផេ​ទ្រាត​ (Patriot) ដែល​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ជា​ទៀង​ទាត់​ និង​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​​ប្រហារ​របស់​រុស្ស៊ី​។ ម៉្យាង​ទៀត​ លោក​ថា​គ្រឿង​បរិក្ខារ​យោធា​ដែល​បញ្ជូន​តាម​រយៈ​អង្គ​ការ​ណាតូ​គួ​រណាស់​បញ្ជូន​ទៅ​ឱ្យ​បាន​ឆាប់​រហ័ស​ជាង​ពេល​បច្ចុប្បន្ន​។

​លោក​ហ្សេឡិនស្គី​ថ្លែង​ដូច​ខាង​លើ​នេះ​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​ទូទាំង​ប្រទេស​អ៊ុយ​ក្រែន​កាល​ពី​យប់​មិញ និង​ពេល​ទៀប​ភ្លឺ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​ និង​របួស​ជាង​ដប់​នាក់​។ កាល​ពី​មុន​នេះ​មួយ​ថ្ងៃ​ រុស្ស៊ី​​​បាន​វាយប្រហារ​តំបន់​ខាគីវ​​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​បួន​នាក់​។ ក្នុង​នោះ​គ្រាន់​តែ​កុមារ​មាន​រហូត​ដល់​ទៅ​បី​នាក់​ឯណោះ។ មេ​ដឹក​នាំ​អ៊ុយ​ក្រែន​រូប​នេះ​ថ្លែង​ថា​គោល​ដៅ​សំខាន់​នៃ​ការ​វាយ​ប្រហារ​​នោះ​​គឺ​ទី​តាំង​ផលិត​ថាម​ពល​។

ជា​និច្ច​កា​ល រុស្ស៊ីច្រើន​វាយ​ប្រហារ​ទីតាំង​ផលិត​ថាម​ពល​របស់​អ៊ុយ​ក្រែន​នៅ​រដូវ​រងា​ដើម្បី​ធ្វើ​ឱ្យ​ជន​ស៊ីវិល​គ្មាន​អ្វី​សម្រាប់​កម្ដៅ​ខ្លួន​។ ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើក​ចុង​ក្រោយ​នេះ​ប្រើ​ប្រាស់​ដ្រូន​២១៩​គ្រឿង, ​​មីស៊ីល​ផ្លោង​២៤​គ្រាប់​ និង​មីស៊ីល​បាញ់​ចេញ​ពី​យន្ត​ហោះ​១​គ្រាប់​។ ការ​វាយ​ប្រហារ​នេះ​​កើត​ឡើង​មុន​គម្រោង​ជួប​គ្នា​ត្រី​ភាគី​។ វិមាន​ក្រឹម​ឡាំង​ថា​ជួប​គ្នា​នៅ​សប្ដាហ៍​ក្រោយ​។ ប៉ុន្តែ​ទី​តាំង​មិន​ទាន់​កំណត់​ជាក់​លាក់​នៅ​ឡើយ​ទេ​។ ប្រភព​ខ្លះ​ថា​អាច​នឹង​ជួប​គ្នា​នៅ​អាប៊ូ​ដាប៊ី​ដដែល​ ឬ​អាច​នៅ​ទី​ក្រុង​ម៉ាយ​អាមី​ (Miami) ប្រទេស​អាមេរិក​។

លោក​ដូណាល់​ត្រាំ​កំណត់​យក​ខែ​មិថុនា​ខាង​មុខ​នេះ​ជា​កាល​បរិច្ឆេទ​ដែល​ត្រូវ​តែ​សម្រេច​ឱ្យ​បាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។ ប៉ុន្តែ​ការ​​ដែល​រុស្ស៊ី និង​អ៊ុយ​ក្រែន​បន្ត​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ​អាច​បង្ក​បញ្ហា​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​ចំណុច​ឯកភាព​គ្នា​។ គូ​ជម្លោះ​ទាំង​២​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​គ្នា​ប៉ុន្មាន​ទេ ហើយ​ក៏​មិន​សូវ​ធ្វើ​ល្អ​ដាក់​គ្នា​នោះ​ដែរ​​។ លោក​ហ្សេឡិនស្គី​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​យើង​ត្រូវ​តែ​មាន​វិធី​ការពារ​អាយុ​ជីវិត​របស់​មនុស្ស​ពី​ការ​វាយ​ប្រហារ​ទាំង​នេះ​។

លោកថា​វិធី​ការ​ពារ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​​ក្នុង​ទប់​ទល់​នឹង​គ្រាប់​មីស៊ីល​ផ្លោង​របស់​រុស្ស៊ី​គឺ​ប្រព័ន្ធ​មីស៊ីល​ផេ​ទ្រាត​។ គ្រាប់​មីស៊ីល​សម្រាប់​បំពាក់​នៅ​លើ​ជើង​ទម្រ​ត្រូវ​តែ​បញ្ជូន​ទៅ​ដល់​ដៃ​អ៊ុយ​ក្រែន​ជា​រៀង​រាល់​ថ្ងៃ​។ លោក​សូម​អរ​គុណ​បណ្ដា​ប្រទេស​នានា​ដែល​ចូល​រួម​ចំណែក​ក្នុង​ការ​ផ្ដល់​គ្រឿង​បរិក្ខារ​យោធា​សម្រាប់​អ៊ុយ​ក្រែន​។ អ្វី​គ្រប់​យ៉ាង​ដែល​មាន​នៅ​ក្នុង​កម្ម​វិធី​ផ្ដល់​ជំនួយ​នោះ​ត្រូវ​តែ​បញ្ជូន​ឱ្យ​បាន​ឆាប់​រហ័ស​ជាង​នេះ​។ លោក​សូម​អរគុណ​ថ្នាក់​ដឹក​នាំ​ប្រទេស​នានា​ដែល​យល់​អំពី​បញ្ហា​នេះ​ ហើយ​បន្ត​ផ្ដល់​ជំនួយ​​ទៅ​ឱ្យ​អ៊ុយ​ក្រែន​៕ ប្រភព៖ ញូស្វីក (Newsweek) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ